លោក​ខាង​កើត | December 06, 2018

ការដ្ឋានសាងសង់​ផ្លូវដែក ចិន-ឡាវ បន្តដំណើរ​ការទៅមុខ

 

អ្នកជំនាញជន​ជាតិចិន បានបង្ហើយការងារ​សាងសង់ផ្លូវរថភ្លើងកាត់​ភ្នំមួយកន្លែងទៀត​ហើយ កាលពីសប្តាហ៍មុន​។ ផ្លូវរថភ្លើងមួយ​កំណាត់នេះ មានឈ្មោះថា យូស៊ី-ម៉ូហាន (Yuxi-Mohan) ដែលមានប្រវែង​៥០៨គីឡូម៉ែត ដែលផ្គត់ផ្គង់ថវិការួម​ដោយប្រទេសចិន និង ប្រទេសឡាវ​។

 

 

 

ជាផ្នែកមួយនៃផ្លូវ​រថភ្លើងមួយខ្សែនេះ រូងផ្លូវកាត់ភ្នំ​នៅឯតំបន់ ហ័ងជូលីន (Huangzhulin) បានចាប់ផ្ដើម​សាងសង់ឡើង កាលពីឆ្នាំ២០១៦​។ រូងផ្លូវនេះ បែងចែកទៅជាបី​ចំណែក ដោយផ្នែកនីមួយត្រូវពុះ​កាត់ភ្នំ និង ស្ថិតនៅលើចំនុចកោងនៃភ្នំ ដែលងាយ​នឹងបាក់ស្រុត​។ តំបន់ដ៏ដាច់ស្រយាល​ដែលរូងផ្លូវនេះត្រូវពុះកាត់​នោះ ក៏ជាតំបន់ទេសភាព​ធម្មជាតិដ៏សំខាន់ផងដែរ​។ ក្រៅពីត្រូវដោះស្រាយ​បញ្ហាផ្នែកវិស្វកម្មដើម្បីការពារបញ្ហា​បាក់ស្រុត និង ការពារពីគ្រោះធម្មជាតិ​ផ្សេងៗទៀតទៅ ក្រុមអ្នកសាងសង់​ផ្លូវ​ ក៏ត្រូវគិតគូរយ៉ាងម៉ត់ចត់​ទៅលើការងារការពារធម្មជាតិផងដែរ​។

 

 

 

លោក ចឹង សៀនឆាន ប្រធានគ្រប់គ្រងគម្រោង ប្រាប់​អោយ​ដឹង​ថា “ផ្លូវរថភ្លើងមួយ​ខ្សែនេះ ត្រូវពុះកាត់តំបន់​ការពារដំរីព្រៃ ស៊ីស៊័ងប៉ាណា និងចំការតែ​ជាច្រើនកន្លែងទៀត ដែលបង្ករអោយ​មានសំពាធយ៉ាងខ្លាំង​ដល់បរិស្ថាននៅទីនេះ​។ ដូច្នេះ យើងបានខិតខំកាត់​បន្ថយកម្រិតសំលេងដែលលាន់ចេញ​ពីការដ្ឋាន និង កាត់បន្ថយ​បញ្ហាហុយដីពេលសាងសង់ ដើម្បីធ្វើអោយការ​ងាររបស់យើង​ ជះឥទ្ធិពលតិចតួច​បំផុត ទៅលើបរិស្ថាននៅទីនេះ​។ ដោយហេតុថាតំបន់ដែល​នៅក្បែរនេះ មាន​ដំរីព្រៃឆ្លងកាត់ម្ដងម្កាល យើងក៏បានធ្វើរបង​ការពារដែលមានប្រវែងជាង៦​គីឡូម៉ែត​ ដើម្បីកុំអោយរំខាន​ដល់សត្វទាំងនោះ។ ទៅថ្ងៃមុខ យើងនឹងធ្វើរបង​បន្ថែម ប្រវែង៣០​គីឡូម៉ែតទៀត​។”

 

 

 

ផ្លូវរថភ្លើង ចិន-ឡាវ គឺជាកំណាត់ផ្លូវឆ្លងប្រទេស​ទីមួយដែលតភ្ជាប់ជាមួយនឹង​កំណាត់ផ្លូវដែករបស់ប្រទេសចិន​។ ផ្លូវមួយខ្សែនេះ ប្រើបច្ចេកវិទ្យា ឧបករណ៍ និងថវិកាវិនិយោគ​របស់ប្រទេសចិន។ គម្រោងនេះ ត្រូវបានលើកស្ទួយ​ដោយថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរ​ ដើម្បីដើរតួជាមធ្យោបាយ​មួយសម្រាប់ចាប់ផ្ដើមគម្រោង​តភ្ជាប់ប្រទេសនិងប្រទេស​ ដែលស្ថិតក្រោម​គំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់ប្រទេសចិន​៕

 

 

 

 

ផ្តល់​សិទ្ធិ​ផ្សាយដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម