លោក​ខាង​កើត | December 05, 2018

គណនេយ្យករ​នៅប្រទេសចិន កំពុងជួបការលំបាក ដោយសារតែ​ក្រុមហ៊ុន​នានា មានតម្រូវ​ការពីពួកគាត់​កាន់តែ​ខ្ពស់

 

នៅប្រទេសចិន​បច្ចុប្បន្ន និស្សិតដែលទើបតែ​បញ្ចប់ថ្នាក់បរិញ្ញាផ្នែក​គណនេយ្យ ​កំពុងពិបាកស្វែងរកការងារ​ធ្វើ។ លើសពីនេះ ការងារផ្នែក​គណនេយ្យ ក៏កាន់តែពិបាកៗ​ទៅដែរ ដោយសារតែ​ក្រុមហ៊ុននានា កំពុងត្រូវការ គណនេយ្យករ ដែល​មិនត្រឹមតែចេះជំនាញកត់ត្រា​ចំណាយចំណូល​ប៉ុណ្ណោះ​ទេ តែថែមទាំងត្រូវមាន​ចំណេះដឹងផ្នែកគ្រប់គ្រងទៀតផង​។

 

 

 

អ្នកនាង តាង លីហ្វ៉ាង គឺជាបុគ្គលិកផ្នែក​​រដ្ឋបាលហិរញ្ញវត្ថុ នៅភោជនីយដ្ឋានមួយ នាទីក្រុងប៉េកាំង។ គាត់បាននិយាយថា សព្វថ្ងៃ ប្រទេសចិន មានធនធានមនុស្ស​តិចតួចណាស់ ដែលមានជំនាញ​ផ្នែកគណនេយ្យផង​និងផ្នែកគ្រប់គ្រងផង​។ អ្នកនាង តាង លីហ្វ៉ាង និយាយថា “បុគ្គលិកផ្នែក​ហិរញ្ញវត្ថុដែលចេះត្រឹមតែ​ជំនាញគណនេយ្យ​ មិនងាយ​មានសមត្ថភាព ដើម្បីបំពេញតាម​តម្រូវការរបស់ក្រុមហ៊ុនបានទេ​។ យើងសង្ឃឹមថា ពួកគេអាច​បង្កើនចំណេះជំនាញ​របស់ខ្លួនអោយកាន់តែ​ពូកែ។ ប៉ុន្តែមែនទែនទៅ ចំណេះជំនាញ​ទាំងនោះ មិនសូវជាពាក់ព័ន្ធ​ប៉ុន្មានទេ​ ជាមួយនឹង​ការងារជាក់ស្ដែងរបស់ពួកគេ​។”

 

 

 

អ្នកជំនាញខ្លះ បានលើក​ឡើងថា បញ្ហាអតុល្យភាព​រវាងតម្រូវការនិង​ការផ្គត់ផ្គង់នៃធនធាន​មនុស្ស ​គឺជាឧទាហរណ៍ជាក់ស្ដែងមួយ​ដែលកំពុងកើតមាននៅ​ពាញពេញវិស័យហិរញ្ញវត្ថុ​នៅក្នុងប្រទេសចិន​តែម្ដង​ នាអំឡុង​ប៉ុន្មានឆ្នាំចុងក្រោយនេះ​។ សព្វថ្ងៃ ​ប្រទេសចិនមានបុគ្គលិក​ផ្នែកហិរញ្ញវត្ថុប្រមាណ១៨​លាននាក់ ដែលក្នុងនោះ ​មានប្រហែល៨០ភាគរយ បំពេញការងារផ្នែក​កត់ត្រានិងផ្នែកគណនេយ្យ​។ ការងារទាំងនេះ អាច​ជំនួសបានដោយស្រួល​ដោយកុំព្យូទ័រ​។ ប៉ុន្តែ បុគ្គលិក​ដែលគេកំពុងត្រូវការ​ជាបន្ទាន់បំផុតនោះ គឺទីប្រឹក្សាហិរញ្ញវត្ថុ ឬ គណនេយ្យករ​គ្រប់គ្រងដែលមានវិញ្ញាបនបត្រ ហៅកាត់ថា CMA ដែលមាន​សមត្ថភាពរ៉ាប់រងការងារ​ផ្នែកសម្រេចចិត្តលើ​បញ្ហាថវិកា និង គ្រប់គ្រង​ការចំណាយរបស់ក្រុមហ៊ុន​។ ហើយប្រទេសចិន កំពុងខ្វះទីប្រឹក្សា​ប្រភេទនេះ ដល់ទៅជាង៣​លាននាក់ឯណោះ​។

 

 

លោក ប៉ាយ ជនជាំង នាយកប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក នៃវិទ្យាស្ថានគណនេយ្យករ​គ្រប់គ្រង IMA មាន​ប្រសាសន៍​ថា “ក្រុមហ៊ុនកាន់​តែច្រើន បានប្រកាសថា ពួកគេផ្ដល់សិទ្ធ​អាទិភាពខ្ពស់ដល់បេក្ខជន CMA នៅពេលដែល​គេជ្រើសរើសបុគ្គលិក​។ បេក្ខជនទាំងនេះ អាចទទួលបានប្រាក់ខែ​ខ្ពស់ជាងអ្នកដែល​មានបទពិសោធន៍​ស្រដៀងគ្នា ​ដល់ទៅ៦០​ភាគរយឯណោះ​។”

 

 

 

តម្រូវការរបស់ក្រុមហ៊ុន បានបង្ខំអោយ​គណនេយ្យករដែលកំពុងធ្វើ​ការសព្វថ្ងៃ ត្រូវបន្តរៀន​សូត្រជំនាញគ្រប់គ្រងបន្ថែម​ ដើម្បីអាចបំពេញ​តាមស្តង់ដាដែលបន្តកើន​ឡើងកាន់តែខ្ពស់​។ ឯនិសិ្សតដែល​កំពុងចាប់យកជំនាញគណនេយ្យ​និងគណនេយ្យករវិញ ក៏នាំគ្នាចូល​រៀនវគ្គថ្មីៗ​ ដើម្បីធានាថា ពួកគេមាន​សមត្ថភាពខ្ពស់ជាងអ្នក​ឯទៀត ​ក្នុងគោលដៅទទួល​បានការងារដ៏ល្អ​។

 

 

លោក យ៉ាង យ័រ សាស្ត្រចារ្យ នៅសាលាបណ្ដុះបណ្ដាល​ជំនាញគណនេយ្យគ្រប់គ្រង នៅទីក្រុង​ប៉េកាំង មាន​ប្រសាសន៍​ថា “កាលពីមុន ក្នុង១ថ្នាក់ យើងមានសិស្ស​ប្រហែលពី២០ ទៅ ៤០នាក់ប៉ុណ្ណោះ​។ តែឥឡូវ មួយថ្នាក់ មានសិស្សចាប់ពី ១៥០ ទៅ ២០០នាក់ឯណោះ​។”

 

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

 

មតិយោបល់

អត្ថបទពេញនិយម