លោក​ខាង​កើត | December 05, 2018

ឧស្សាហកម្មដែកថែប ព្យាយាមទប់ទល់នឹងហានិភ័យទីផ្សារ ខណៈតម្លៃដែកថែប​ធ្លាក់ចុះគំហុក

 

ពាណិជ្ជករចិន​កំពុងស្វែងរកលំអាន​ពាណិជ្ជកម្មថ្មីៗ ​ខណៈដែលតម្លៃរបស់ដែកថែប​បានធ្លាក់ចុះនៅក្នុងខែ​វិច្ឆិកា ដោយក្នុង​ចំណោមលំអាន​ទាំងនោះ គឺមានការលេង​ផ្សារហ៊ុនដែកថែប​កំពុងក្លាយជាឧបករណ៍សំខាន់មួយ​សម្រាប់សហគ្រាសដែក​ថែប​ ដើម្បីទប់ទល់ហានិភ័យ​នានា​។ ចាប់តាំងពី​ដើមខែវិច្ឆិកា តម្លៃរបស់ដែកថែបបាន​ធ្លាក់ចុះរហូតដល់ទៅ ១០៨ ដុល្លារ​ក្នុងមួយតោន ដោយក្នុងនោះ ការធ្លាក់ចុះខ្លាំងកើត​មាននៅភាគខាង​កើត​ និងខាងជើង​ប្រទេសចិន​។

 

 

 


នាយកគ្រប់គ្រងទូទៅ​របស់រោងចក្រដែក​ថែបឯកជនមួយកន្លែង​នៅភាគខាងជើងខេត្ត ហេប៉ី បាននិយាយថា តម្រូវការផលិតផល​ដែកថែបបានធ្លាក់ចុះ​ចាប់តាំងពីខែរងារមកដល់​។ លោក ចាង ជីស៊ីង នាយកគ្រប់​គ្រងទូទៅ ក្រុមហ៊ុន Tangshan Delong Steel Co., Ltd. លើក​ឡើង​ថា “កាលពីខែមុន តម្លៃដែកថែបបាន​ធ្លាក់ចុះយ៉ាងគំហុក​។ បច្ចុប្បន្ន តម្លៃបានធ្លាក់ចុះ ៧២ ដុល្លារក្នុងមួយតោន ឬក៏ធ្លាក់ច្រើនជាង​នេះថែមទៀត​។ យើងបានបង្កើនការខិត​ខំប្រឹងប្រែងផ្នែកលក់ ប្រញ៉ាប់ប្រញ៉ាល់ផ្គត់​ផ្គង់តាមការបញ្ជាទិញ ​និងការដឹកជញ្ជូន​។ ការទិញវត្ថុធាតុដើម​នឹងត្រូវរៀបចំក្រោយ​ពេលលក់ផលិតផល​ដែកថែបរួច”​។

 

 

ការខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាលមជ្ឈឹម ក្នុងការកាត់បន្ថយ​សមត្ថភាពក្នុងការផលិតលើស​នូវផលិតផលដែកថែបក្នុង​រយៈកាលប៉ុន្មានឆ្នាំមកនេះ បាន​បង្កើតឲ្យមានកាលានុវត្តន៍ភាព​ផ្សេងៗសម្រាប់ឧស្សាហកម្មដែកថែប​។ នៅដើមឆ្នាំនេះ រោងចក្រផលិតដែក​ថែបរកប្រាក់ចំណេញបាន ១៧៣ ដុល្លារក្នុង​មួយតោន​ ដែលជាកម្រិត​ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែ ប្រាក់ចំណេញនេះ​បានធ្លាក់ចុះមកនៅត្រឹម​ ១១៥ ដុល្លារ​។ ដោយសារមានកំណើន​ប្រាក់ចំណេញខ្ពស់ ឧស្សាហកម្មដែកថែប​បានពង្រីកទិន្នផល ​ហើយបុគ្គលក្នុងឧស្សាហកម្ម​នេះជឿថា អតុល្យភាពរវាង​ការផ្គត់ផ្គង់ និងតម្រូវការ​ បានរួមចំណែក​ដល់ការធ្លាក់ចុះនៃទីផ្សារដែកថែប​។

 

 

 

 

លោក ចាង ជីស៊ីង អោយ​ដឹង​ទៀត​ថា​ “តម្លៃដែកថែប​បានកើនឡើងថ្លៃរហូតដល់ត្រីមាសទី៤​កាលពីឆ្នាំមុន ប៉ុន្តែនៅឆ្នាំនេះ​គឺផ្ទុយពីឆ្នាំមុន​។ ដោយសារតម្លៃធ្លាក់ចុះ ​ដូច្នេះប្រាក់ចំណេញ​របស់យើងក៏បានធ្លាក់ចុះយ៉ាង​ខ្លាំងដែរ”។

តម្លៃរ៉ែដែក ធ្យូងថ្ម និងកាកធ្យូងថ្ម នៅតែមានតម្លៃខ្ពស់​តាំងពីខែវិច្ឆិកាមក​។ តម្លៃខ្ពស់នៃវត្ថុធាតុ​ដើម និងការធ្លាក់ចុះ​នៃតម្លៃដែកថែបបានប៉ះពាល់​ដល់ប្រាក់ចំណេញសម្រាប់​ក្រុមហ៊ុនដែកថែប​។ ក្នុង​រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ​ ផ្សារហ៊ុនចិនបានចេញផ្សាយ​ជាបន្តបន្ទាប់នូវនិស្សន្ទវត្ថុដែល​ផ្ដោតលើមុខទំនិញធំៗ​។ ដែកថែប រ៉ែដែក ធ្យូងថ្ម និងកាកធ្យូងថ្ម និងការលេងហ៊ុន​ក្នុងឧស្សាហកម្មដែកថែប​ បានក្លាយជាមធ្យោបាយ​ដ៏សំខាន់សម្រាប់សហគ្រាស​ដែកថែប​ និងពាណិជ្ជករដើម្បី​ទប់ទល់ហានិភ័យទីផ្សារ​។

 

 

លោកឡាង យី ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មទី៣ ក្រុមហ៊ុន Galaxy Futures សាខាទីក្រុងប៉េកាំង លើក​ឡើង​ថា “ការលេងទីផ្សារ​ហ៊ុនអនាគតកាន់តែមាន​ភាពរឹងមាំ និងរស់រវើក​។ នាពេលបច្ចុប្បន្ន ​រោងចក្រដែកថែបបាន​ដឹងយ៉ាងច្បាស់ថាឧបករណ៍​របស់ផ្សារហ៊ុនអនាគត​ អាចគ្រប់គ្រង​ហានិភ័យបាន”​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម