លោក​ខាង​កើត | December 04, 2018

ក្បួនបុរាណ សម្រាប់ព្យាបាលជំងឺ​ តាមរយៈការមុជទឹករបស់តៃបិៈ ​ត្រូវបានដាក់បញ្ចូល​ទៅក្នុងបញ្ជី សម្បត្ដិវប្បធម៌អរូបិយ របស់អង្គការ យូនេស្កូ

 

អង្គការយូនេស្កូ បានដាក់បញ្ចូលក្បួន​​ព្យាបាល​ជំងឺបុរាណរបស់​តៃបិៈ​មួយឈ្មោះថា លំ ទៅក្នុងបញ្ជី​សម្បត្ដិវប្បធម៌មនុស្សជាតិ​អរូបិយ​។

 

 

 

 

ក្បួនព្យាបាលជំងឺបុរាណ​របស់តៃបិៈតាមរយៈការត្រាំក្នុង​ទឹក គឺជាចំណេះដឹងនិងក្បួន​តម្រាដែលពាក់ព័ន្ធនឹងជីវិត សុខភាព ការព្យាបាល​និងការទប់ស្កាត់ជំងឺ ដែលប្រជាពលរដ្ឋ​តៃបិៈតែងយកមកអនុវត្ត នៅតំបន់ស្វយ័ត​តៃបិៈ ភាគខាងត្បូងឈាង​ខាងលិចប្រទេសចិន​។

 

 

ក្នុងភាសាតៃបិៈ ពាក្យ “លំ” សំដៅទៅលើចំណេះដឹង​និងក្បួនតម្រាពីបុរាណ​នៃវិធីមុជទឹកនៅក្នុងស្រះ​ទឹកក្ដៅធម្មជាតិ​ ឬក្នុងទឹកដែលមាន​ស្លឹករុក្ខជាតិ ឬ ស្ទីមជាដើម ដើម្បីរក្សាតុល្យភាព​រវាងកាយនិងចិត្ត​ ធ្វើយ៉ាងណា​អោយធានាបានថាមនុស្សមាន​សុខភាពល្អ និង ជាសះពីជំងឺទាំងឡាយ​។

 

 

 

 

 

ពាក្យថា “សូវ៉ា រីកប៉ា” (Sowa-Rigpa) មានគេស្គាល់ជា​ទូទៅថា ជាប្រព័ន្ធព្យាបាល​របស់ប្រជាជនតៃបិៈ​។ ក្បួននេះ ស្ថិតក្នុងចំណោមក្បួនព្យាបាល​ជំងឺដ៏ចំណាស់បំផុត ដែលនៅមានគេយក​មកប្រើ និង មានការកត់ត្រា​ជាឯកសារបានយ៉ាងល្អបំផុតក្នុង​ពិភពលោក។ ក្បួននេះ មានដើម​កំណើតនៅតៃបិៈ ហើយក៏មានគេនិយម​យកមកប្រើនៅប្រទេស​ឥណ្ឌា នេប៉ាល់ ប៊ូតាន់ ម៉ុងហ្គោលី និង រុស្ស៊ី​។

 

 

ក្បួនព្យាបាលនេះ ដើរស្របនឹង ជុងវ៉ាង៉ា ឬ ធាតុទាំងប្រាំដែល​បានកត់ចំណាំនៅក្នុងក្បួន​ព្យាបាលបុរាណរបស់តៃបិៈ រួមមានដូចជា ដី ទឹក ខ្យល់ ភ្លើង និងអាកាស​។

ក្បួនបុរាណនេះ មានគេយកទៅប្រើប្រាស់​នៅតាមតំបន់ទាំងឡាយដែល​ប្រជាជនតៃបិៈតាំងនៅ នៅឯតំបន់​ស្វយ័តតៃបិៈ ក៏ដូចជាខេត្តទាំងឡាយ​ដែលនៅជុំវិញតំបន់នេះ រួមមានដូច​ជាខេត្ត ឈីងហាយ ស៊ីឈាន់ កានស៊ូ និង យុនណានជាដើម​។ នេះបើយោងតាម​ក្រសួងវប្បធម៌និងទេសចរចិន​។

ក្បួនព្យាបាលជំងឺបុរាណ​របស់តៃបិៈតាមរយៈការត្រាំក្នុង​ទឹក​ ត្រូវបាន​ដាក់បញ្ចូលទៅក្នុងបញ្ជីជាតិ​នៃធាតុដែលតំណាងអោយ​សម្បត្ដិវប្បធម៌អរូបិយរបស់​ប្រទេស​ចិន​ ចំនួនពីរលើក គឺនៅឆ្នាំ២០០៨ ម្ដង និង ឆ្នាំ២០១៤ ម្ដង​។

សព្វថ្ងៃ ប្រទេសចិន មានវត្ថុចំនួន៤០មុខ​ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី​របស់អង្គការយូនេស្កូ រួមមានដូចជា​តំបន់និងក្បួនតម្រាចំនួន៣២ នៅក្នុងបញ្ជីសម្បតិ្ដវប្បធម៌មនុស្ស​ជាតិអរូបិយ សម្បត្ដិ​វប្បធម៌អរូបិយចំនួន៧​ដែលត្រូវការការពារជាបន្ទាន់​ និងកម្មវិធីមួយ​ដែលត្រូវបានជ្រើសរើសអោយ​ដាក់បញ្ចូលទៅក្នុងបញ្ជីនៃវិធីការពារល្អៗ​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម