លោក​ខាង​កើត | December 03, 2018

ផលិតផល​បែបកូនកាត់ កំពុងពេញនិយម​នៅក្នុងប្រទេស​ចិន

 

វិធីធ្វើ​ទីផ្សារបែបឆ្លង​វិស័យ កំពុងក្លាយ​ជាវិធីដែលកាន់​តែពេញនិយមសម្រាប់​ក្រុមហ៊ុនជាច្រើននៅក្នុង​ប្រទេស​ចិន​ ដោយ​សារក្រុមហ៊ុនទាំងនោះ​ចង់ស្វែងរកវិធីប្លែកៗ​ ដើម្បីទាក់ទាញ​ចំណាប់អារម្មណ៍​របស់អតិថិជន​។

ការធ្វើទីផ្សារបែប​ឆ្លងវិស័យ សំដៅទៅលើការចាប់ដៃគូ​សហការជាមួយក្រុមហ៊ុន​ណាមួយ​ ដែលប្រកបអាជីវកម្ម​នៅក្នុងវិស័យផ្សេង ហើយរួមគ្នាបង្កើត​ផលិតផលថ្មីៗ​។ ជាក់ស្ដែង ​ក្រុមហ៊ុនផលិត​រថយន្តចិន នីអូ (NIO)​ បានសហការជាមួយ​ក្រុមហ៊ុនផលិតសម្លៀក​បំពាក់របស់អង់គ្លេសឈ្មោះ​ថា ឆាឡាយែន (Chalayan)។ ភាពជាដៃគូរបស់​ពួកគេ បានទាក់ទាញចំណាប់​អារម្មណ៍មហាជន​ តាមរយៈសម្លៀកបំពាក់​ម៉ូដថ្មីៗរបស់ពួកគេ​ ដែលបានយកមកបង្ហាញ​នៅក្នុងព្រឹតិ្តការណ៍បង្ហាញម៉ូតសៀងហៃ​នាឆ្នាំនេះ​។

 

 

 

 

លោក ហ៊ូសេន ឆាឡាយែន អ្នករចនាម៉ូដ​សម្លៀកបំពាក់​ លើក​ឡើ​ង​ថា “សម្រាប់ក្រុមហ៊ុនពួក​យើង ការសហការនេះ ជួយអោយ​យើងបានជួបជាមួយនឹងអតិថិជន​ថ្មីៗ។ យើងអាចផ្សព្វផ្សាយទៅ​កាន់មនុស្ស បានកាន់តែទូលំទូលាយ​។ វាជួយអោយយើងអាច​ប្រឡូកលើការងារបង្កើតផលិតផល​ដែលជាប្រភេទផ្សេង ​ដែលយើងមិនធ្លាប់បានធ្វើ​។ ដូច្នេះសម្រាប់ខ្ញុំ វាគឺជាបទពិសោធន៍​ដ៏គួរអោយសប្បាយរីករាយមែន​។”

 

 

ចំណែកឯក្រុមហ៊ុនផលិតស្ករគ្រាប់​ចិនឈ្មោះថា ទន្សាយស ឬ White Rabbit វិញ ក៏បានសហការជាមួយនឹង​ក្រុមហ៊ុនផលិតគ្រឿងសំអាងក្នុងស្រុកមួយ​ផងដែរ ឈ្មោះថា ម៊ែកស៊ែម (Maxam) ដើម្បីបង្កើតក្រែម​លាបមាត់ពិសេសមួយ​ចំនួន​ ដែលមានរសជាតិដូចជាស្ករគ្រាប់​ទឹកដោះគោ​។

 

ឯក្រុមហ៊ុនផលិតស្រាក្រឡុក រីអូ (Rio) វិញ បានសហការជាមួយ​ក្រុមហ៊ុនផលិតទឹកក្រអូប លាវ សិន (Liu Shen) ដើម្បីផលិតភេសជ្ជៈ​ជាពិសេសមួយប្រភេទ​ ដែលមានក្លិនក្រអូបដូចជាផលិតផល​របស់ក្រុមហ៊ុន លាវ សិន។ ហើយអតិថិជនចិន ហាក់ដូចជាពេញចិត្ត​នឹងផលិតផលថ្មីនេះ គួរសមដែរ​។

 

 

ប្រជាពលរដ្ឋចិន​ម្នាក់​បាន​និយាយថា “ក្រុមហ៊ុន​ទឹកក្រអូប មកផលិតស្រាក្រឡុក​មែនទេ? ស្ដាប់ទៅ គួរអោយចង់សាក​ទិញប្រើដែរ​។”

 

 

រីឯ​ប្រជាពលរដ្ឋចិនម្នាក់​ទៀត​បាន​និយាយថា “យូរៗ សាកប្រើ​របស់ថ្មីម្ដង ក៏ល្អដែរ​។”

 

 

ក្រៅពីអាចផ្សព្វផ្សាយទៅកាន់អតិថិជន​បានកាន់តែទូលំទូលាយទៅ វិធីធ្វើទីផ្សារបែប​ឆ្លងវិស័យ​ ក៏ជួយបង្កើនប្រសិទ្ធភាព​នៃការផ្សាយពាណិជ្ជកម្មរបស់​ក្រុមហ៊ុនមួយដែរ​ ពីព្រោះវាអាចទាក់ទាញ​ចំណាប់អារម្មណ៍របស់​មនុស្ស នៅលើបណ្ដាញសង្គមបាន​។

 

 

លោក ចេសុន យូ នាយកគ្រប់គ្រង ក្រុមហ៊ុន Kantar Worldpanel Greater China លើក​ឡើង​ថា “ការផ្សព្វផ្សាយ​តាមបណ្ដាញសង្គមនាពេល​សព្វថ្ងៃ គឺជាវិធីផ្សាយពាណិជ្ជកម្ម​មួយ​ ដែលចំណាយតិចតួច​ណាស់ បើប្រៀបនឹងវិធីផ្សាយពាណិជ្ជកម្ម​តាមច្រកផ្សេង។ អញ្ជឹង បើនិយាយជារួម ការធ្វើទីផ្សារបែបឆ្លង​វិស័យដូច្នេះ អាចទាក់ទាញមនុស្សជាច្រើន​នាក់​ អោយនិយាយអំពីផលិតផល​ណាមួយនៅលើបណ្ដាញសង្គម​បានច្រើន​។ ហេតុនេះ វានឹងជំរុញ​អោយមនុស្ស សាកល្បងទិញផលិតផល​របស់គេជាមិនខាន​។”

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម