លោក​ខាង​កើត | November 02, 2018

ដំណើរការ​ស្ពានឆ្លង​សមុទ្រ​ដ៏វែងបំផុត​ក្នុងពិភពលោក នាំមកនូវ​ឱកាស​អភិវឌ្ឍន៍ 



មន្ត្រីរដ្ឋាភិបាលហុងកុង និយាយថា ការបើកដំណើរ​ការស្ពាន ហុងកុង-ជូហាយ-ម៉ាកាវ នឹងនាំមកនូវ​ឱកាសជាច្រើនសម្រាប់​ការអភិវឌ្ឍ ព្រមទាំងនាំ​យកអត្ថប្រយោជន៍​ពិតប្រាកដជាក់ស្ដែង មកជូនដល់​តំបន់ទាំងបីនេះផងដែរ​។

 

 



ស្ពានប្រវែង៥៥​គីឡូម៉ែត ដែលលាតសន្ធឹងកាត់​ជ្រោយទន្លេគុជនេះ តភ្ជាប់តំបន់រដ្ឋបាល​ពិសេស​ហុងកុង ជាមួយទីក្រុង​ជូហាយនៅ​ចិនដីគោក និងតំបន់រដ្ឋបាល​ពិសេស​ម៉ាកាវ។ ការសាងសង់បាន​ចំណាយប្រាក់អស់ជាង១៨ពាន់លានដុល្លារអាមេរិក​។ 

លោក ចរដុន យីង សឹងវូ ប្រធានក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន Hopewell Holdings បាន​មាន​ប្រសាសន៍​ថា “ចំនុចដែលខ្ញុំ​ចាប់អារម្មណ៍អំពី​ស្ពាននេះ គឺនៅត្រង់ទឹក​ដៃដ៏ពូកែរបស់ក្រុមអ្នក​សាងសង់ ទាំងផ្នែក​វិស្វកម្ម និង ផ្នែករចនា​រូបរាង។ កាលពី៤០​ឆ្នាំមុន នៅជំនាន់ដែល​យើងមិនទាន់ចាប់ផ្តើម​ធ្វើកំណែទម្រង់និង​បើកចំហរទីផ្សារ យើងមិនមាន​ទឹកដៃល្អដូចសព្វថ្ងៃនេះទេ​។”

 

 

 

គម្រោងកសាងហេដ្ឋារចនា​សម្ព័ន្ធឆ្លងព្រំដែនជាច្រើន រវាងហុងកុង​និងចិនដីគោក ដូចជាផ្លូវដែក​ល្បឿនលឿន គ័ងចូវ-សិនជិន-ហុងកុង ស្ពានហុងកុង-ជូហាយ-ម៉ាកាវ និងប៉ុស្តិ៍ត្រួត​ពិនិត្យព្រំដែន លានថាង ហឹងយានវ៉ៃ ត្រូវបាន​គេរំពឹង ថានឹងនាំយកឱកាស​អភិវឌ្ឍមកកាន់តំបន់នេះ​។

 

 

 

 



លោក តាំ យាវឈុង អតីតប្រធាន គណៈបក្សសម្ព័ន្ធ​ប្រជាធិបតេយ្យដើម្បីការ​អភិវឌ្ឍទីក្រុង​ហុងកុង បាន​លើក​ឡើង​ថា​ “ពួកយើងទាំងអស់​គ្នាសង្ឃឹម ថាក្រោយពីស្ពាននេះបើក​ឱ្យដំណើរការទៅ វានឹងប្រាកដជាលើក​ស្ទួយដល់សហប្រតិបត្តិការ​របស់យើង ជាមួយចិនដីគោក និងនាំយក​អត្ថប្រយោជន៍បន្ថែមទៀត មកជូន​ប្រជាពលរដ្ឋ​។ ប្រព័ន្ធដឹក​ជញ្ជូន គឺជាកត្តាសំខាន់ក្នុងការ​អភិវឌ្ឍតំបន់ជ្រោយទន្លេគុជ ដោយសារភាគច្រើន​នៃប្រជាជនដែលនៅប៉ែក​ទាំងសងខាង គឺសុទ្ធតែធ្វើដំណើរ​តាមផ្លូវគោក​។ កាលពីមុន ពួកគាត់ត្រូវធ្វើដំណើរ​តាម​សមុទ្រ​។ តែឥឡូវ ដោយសារស្ពាននេះ​សាងសង់រួច វានឹងជួយលើក​ស្ទួយដល់ការអភិវឌ្ឍន៍​នាពេលអនាគត​ បានច្រើន​ណាស់​។”

 

 

 

 

អ្នកជំនាញ​ជាច្រើន សង្ឃឹមថាស្ពាននេះ នឹងជំរុញដល់​ការអភិវឌ្ឍផ្នែកវិទ្យាសា​ស្ត្រនិង​បច្ចេកវិទ្យា សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទេសចរណ៍​នៃតំបន់ជ្រោយទន្លេគុជ​ដែលតភ្ជាប់ខេត្តគ័ងតុង ជាមួយហុងកុង និងម៉ាកាវនេះ ព្រមទាំង​ធ្វើឱ្យតំបន់នេះ ក្លាយជាបណ្តុំតំបន់​ឧស្សាហកម្មសម្រាប់ពហុវិស័យ​។

 

 

 

 

 



លោក ចូ ហ្វ៉ាង ប្រធានក្រុមអ្នកស្រាវជ្រាវ វិទ្យាសា្ថនស្រាវជ្រាវ​ប្រទេសមួយប្រព័ន្ធ​ពីរ​ បាន​លើក​ឡើង​ថា “ទីក្រុងទាំងឡាយ​ដែលស្ថិតនៅប៉ែកខាងកើត និង ប៉ែកខាងលិចនៃស្ពាន នឹងជួយយឹតយោង​គ្នាទៅវិញទៅមក​។ ស្ពាននេះ នឹងជំរុញយ៉ាងខ្លាំង​ដល់វិស័យទេសចរណ៍នៃតំបន់​ជ្រោយទន្លេគុជ​។ ប៉ែកទាំងសង​ខាង សុទ្ធតែសំបូរ​ប្រភពទេសចរណ៍ដូចគ្នា ដូច្នេះស្ពាននេះនឹង​ជួយឱ្យតំបន់នេះ អាចបង្កើតបណ្តុំ​កន្លែងទេសចរណ៍​មួយបាន​។”

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម