លោក​ខាង​កើត | November 01, 2018

ចិន​នឹង​អនុវត្តវិធាន​ការជាច្រើន ដើម្បីរក្សាកម្លាំង​វិនិយោគពីវិស័យឯកជន ឱ្យនៅរឹងមាំ

 

រដ្ឋាភិបាល​ចិន កំពុងរៀបចំផែន​ការដើម្បីអនុវត្តវិធាន​ការចម្រុះប្រភេទ ​ដើម្បីជំរុញលើក​ស្ទួយវិស័យវិនិយោគ​របស់ក្រុមហ៊ុនឯកជន​ជាបន្តបន្ទាប់​។ នេះបើយោងតាម​អ្នកនាំពាក្យស្ថាប័នរៀបចំផែន​ការសេដ្ឋកិច្ចកំពូលរបស់​ចិន​ ដែលបានឱ្យដឹងកាល​ពីថ្ងៃពុធសប្តាហ៍មុន នៅឯទីក្រុង​ប៉េកាំង​។

 

 

 

អ្នកនាំពាក្យគណៈកម្មាធិការ​ជាតិរៀបចំការអភិវឌ្ឍនិងកំណែ​ទម្រង់ចិន អ្នកស្រី មឹង វ័យ (Meng Wei) បាននិយាយថា ចាប់តាំងពី​ដើមឆ្នាំនេះមក ប្រទេសចិនបាន​ឃើញថា មានកំណើនប្រាក់​វិនិយោគពីវិស័យឯកជន​។ ហើយដោយអត្រា​កំណើននេះ កំពុងបន្ត​កើនឡើងកាន់តែខ្ពស់ជាង​អត្រានៃការវិនិយោគ​ជារួម​ ការវិនិយោគពីវិស័យ​ឯកជនក៏បានក្លាយជា​កម្លាំងគាំទ្រដ៏សំខាន់​មួយ​ សម្រាប់រក្សាឱ្យ​បាននូវការវិនិយោគដែលមានស្ថិរភាព​។

 

 

 

 

 

គណៈកម្មារធិការនេះ នឹងជំរុញលើកស្ទួយ​ដល់ការវិនិយោគពីក្រុមហ៊ុន​ឯកជន តាមរយៈយន្ត​ការការងារទាំងឡាយដែល​បានធ្វើបច្ចុប្បន្នភាពរួច​ ការកាត់បន្ថយ​ឧបសគ្គដែលគេមិនបានរំពឹងទុក និងការ​ធ្វើឱ្យការវិនិយោគ​ កាន់តែងាយស្រួល​។ នេះបើយោងតាមអ្នកស្រី មឹង​។

 

 

សុន្ទរកថា អ្នកស្រី មឹង វ័យ អ្នកនាំពាក្យ​គណៈកម្មាធិការជាតិរៀបចំ​ការអភិវឌ្ឍនិង​កំណែទម្រង់ចិន​ បាន​លើក​ឡើង​ថា “យើងនឹងខិត​ខំឱ្យអស់ពីលទ្ធភាព ដើម្បីលុបបំបាត់​ឧបសគ្គដែលគេមិនបាន​រំពឹងទុក​ ដែលរារាំង​មិនឱ្យក្រុមហ៊ុនឯកជនបណ្តាក់​ទុនទៅក្នុងវិស័យសំខាន់ៗ​ កាត់បន្ថយ​និងលុបបំបាត់លក្ខខណ្ឌបន្ថែម​ទាំងឡាយណា ដែលមិនសម​ហេតុផល ក្នុងគ្រប់​ទម្រង់ ដែលរារាំងដល់ការវិនិយោគ​របស់វិស័យឯកជន​។ យើងក៏នឹង​លើកទឹកចិត្តឱ្យរដ្ឋាភិបាលថ្នាក់​តំបន់​ បង្កើនជំនួយ​គាំទ្រផ្នែកថវិកាជូនដល់​សហគ្រាសឯកជន​ តាមរយៈការបង្កើត​យន្ដការផ្តល់សំណងលើ​ហានិភ័យប្រាក់កម្ចី​ និងការទាក់ទងគ្នា​ទៅវិញទៅមក រវាងធនាគារ​និងអង្គភាពពន្ធដារ​ ក្នុងន័យជួយបង្កើន​ជំនួយផ្នែកថវិកា សម្រាប់ជួយដល់​សហគ្រាសឯកជន​។”

អ្នកស្រី វ័យ ក៏បានឱ្យដឹងដែរ ថាគណៈកម្មាធិការនេះ នឹងបង្កើតយន្តការ​ការងារមួយ ដើម្បី​លើកស្ទួយឱ្យការវិនិយោគ​របស់ក្រុមហ៊ុនឯកជន អាចរីកចម្រើន​បានយ៉ាងល្អ ក៏​ដូចជាដើម្បីបង្កើតប្រព័ន្ធការងារ​មួយដែលមានការឆ្លើយឆ្លងគ្នា​ល្អនិងច្បាស់លាស់ សម្រាប់​សិក្សានិងដោះស្រាយបញ្ហា​សំខាន់ៗ។ យន្តការនេះ​ នឹងជួយកាត់បន្ថយបាន​យ៉ាងទាន់ពេលវេលា នូវបញ្ហាទាំងឡាយ​ ដែលកើតមាន​ចំពោះការអភិវឌ្ឍនៃការវិនិយោគ​ពីក្រុមហ៊ុនឯកជន​។ យន្តការនេះ ក៏នឹងជួយ​ចង្អុលបង្ហាញផ្លូវដល់​ភាគីពាក់ព័ន្ធ ឱ្យសម្រេចកិច្ចការ​របស់ពួកគេបានយ៉ាងល្អ ​លើការងារវិនិយោគ​របស់វិស័យឯកជន​។

 

 

 

ស្របពេលនេះដែរ គណៈកម្មាធិការ​ដដែល ក៏នឹងលើកស្ទួយជាច្រើនឆ្នាំ ឱ្យក្រុមហ៊ុន​ឯកជន បណ្តាក់ទុនមក​ក្នុងគម្រោងជាច្រើន​ ព្រមទាំងចេញផ្សាយឱ្យ​បានទៀងទាត់នូវបញ្ជីគម្រោងទាំងឡាយ​ដែលក្រុមហ៊ុនឯកជនត្រូវបាន​លើកទឹកចិត្តឱ្យបណ្តាក់ទុន។ បញ្ជីនោះត្រូវ​បានរៀបចំឡើង​ ដោយផ្អែកលើការ​អនុម័ត និង ប្រព័ន្ធត្រួតពិនិត្យ​តាមអនឡាញ របស់គម្រោងវិនិយោគជាតិ​។ នេះបើយោង​តាមអ្នកស្រី មឹង​។

គម្រោងថ្មីៗ​ដែលគណៈកម្មាធិការនេះបាន​លើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន​បណ្តាក់ទុន​ គឺមាននៅ​ក្នុងវិស័យដឹកជញ្ជូន ថាមពល អេកូឡូហ្ស៊ី ការពារបរិស្ថាន និងវិស័យសង្គម​។ បើគិត​មកដល់បច្ចុប្បន្ន ក្រុមហ៊ុនឯកជនបានបណ្តាក់​ទុនក្នុងវិស័យទាំងនេះ​ អស់ចំនួនទឹកប្រាក់៣៦០​ពាន់លានដុល្លារមកហើយ​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម