លោក​ខាង​កើត | November 01, 2018

ក្រុមហ៊ុនធំៗ​ផ្នែកពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិច​ ត្រៀម​ខ្លួនរួចរាល់​សម្រាប់ចូលរួម​ពិព័រណ៍នាំចូល​អន្តរជាតិ​ចិន

 

ក្រុមហ៊ុនធំៗផ្នែកលក់​ទំនិញតាមអនឡាញ​នៅប្រទេសចិន កំពុង​រៀបចំក្រុមអ្នក​ទិញតាមប្រព័ន្ធឌីជីថល​មួយ សម្រាប់​ព្រឹតិ្តការណ៍ ពិព័រណ៍នាំចូល​អន្តរជាតិចិន ដែលនឹងធ្វើឡើង​នៅថ្ងៃទី៥ វិច្ឆិកា ខាងមុខ ​ដើម្បីជួយឱ្យអតិថិជន​អាចទិញផលិតផលដែលមាន​ដាក់លក់ក្នុងពិព័រណ៍​បាន ដោយមិន​ចាំបាច់ចេញពីផ្ទះនោះទេ។

 

 

 

 

មុនពេលពិព័រណ៍​ចាប់ផ្តើម ហាងលក់អាហារស្រស់​ៗ ហ្វ្រេសហ័រម៉ា (Freshhema) របស់​ក្រុមហ៊ុនអាលីបាបា បានបើកហាងមួយ​នៅក្នុងមជ្ឈមណ្ឌល​ពិព័រណ៍ជាតិ​តែម្ដង ​ជាកន្លែងដែល​ពិព័រណ៍នេះ នឹងត្រូវរៀបចំឡើង​។ ហាងនេះ សង្ឃឹមថានឹងលក់​ផលិតផលបានជាង២ពាន់មុខ​។

 

 

ក្រុមហ៊ុនមួយទៀត​របស់អាលីបាបាដែរនោះ ឈ្មោះថា ធីមលដតខុម (Tmall.com) ក៏នឹងផ្ដល់វិធី​ទិញទំនិញតាមបែបថ្មីមួយ​ ជូនដល់​អតិថិជនដែលមកទិញនៅនឹង​ពិធីពិព័រណ៍ផ្ទាល់​ ក៏ដូចជា​អតិថិជនដែលមិនអាចមក​ចូលរួមផងដែរ​។ ក្រុមហ៊ុន ធីមលដតខុម​ គឺជាវេបសាយ​មួយដែលមានអ្នកជំនួញ ដាក់លក់ទំនិញ​ជាលក្ខណៈរាយ ជូនដល់អ្នក​ប្រើប្រាស់​ ដោយសរសេរ​ជាអក្សរចិន​។

 

 

លោក វ៉ាង ហាវយ៉ាង នាយកផ្នែកនាំចេញនិងនាំចូល ក្រុមហ៊ុន Tmall មាន​ប្រសាសន៍​ថា “ពួកយើងគឺជា​ក្រុមហ៊ុនតែមួយគត់ ដែលបង្កើត​ក្រុមអ្នកទិញរបស់​យើងផ្ទាល់ នៅក្នុង​វិស័យលក់ទំនិញតាម​អនឡាញនេះ​ ហើយយើងមានអ្នកទិញ​បែបអាជីពដល់ទៅជាង៤០០នាក់ឯណោះ​។”

 

 

គូប្រជែងរបស់ក្រុមហ៊ុន Tmall គឺក្រុមហ៊ុន ជេឌីដតខុម (JD.com) បានអញ្ជើញ​ម្ចាស់ផលិតផល​បរទេសរាប់សិប ឱ្យមកចូល​រួមក្នុងពិព័រណ៍​នេះ​ ព្រមទាំង​នឹងដាក់លក់ផលិតផល​ខ្លះនៃផលិតផលបរទេស​ទាំងនោះ​ នៅលើអ៊ីនធើណេត​ទៀតផង នៅពេលដែល​ពិព័រណ៍នេះចាប់ផ្តើម​។

 

 

 

 

លោក ផឹង ឆឹង អនុប្រធាន ក្រុមហ៊ុន JD.com ប្រចាំតំបន់ខាងកើត​ប្រទេសចិន​ មាន​ប្រសាសន៍​ថា “ពិព័រណ៍នេះ នឹងធ្វើឡើង នៅអំឡុងពេល​ប្រូមូសិនធំ នាថ្ងៃទី១១វិច្ឆិកា ដែលស្រដៀង​នឹងព្រឹតិ្តការណ៍ Black Friday របស់អាមេរិកដែរ​។ ដូច្នេះយើងនឹងរៀប​ចំកម្មវិធីប្រូមូសិនជាច្រើននៅថ្ងៃនោះ​។”

 

 

ស្របពេលដែលក្រុមហ៊ុន​លក់ទំនិញតាមអនឡាញរបស់​ចិន​ បន្តរីកចម្រើន​ដើម្បីបំពេញឱ្យគ្រប់តាម​តម្រូវការប្រើប្រាស់ក្នុង​ស្រុក​ ក្រុមហ៊ុនទាំងនោះ​ក៏កំពុងសម្លឹងរកមើល ឱកាសពង្រីក​ខ្លួនទៅកាន់ទីផ្សារក្នុង​តំបន់ផងដែរ​។

 

 

 

 

ក្នុងនាមជាម្ចាស់​ភាគហ៊ុនមួយភាគធំ​នៃក្រុមហ៊ុន ឡាហ្សាដា ហ្គ្រុប (Lazada Group) ដែលមានស្នាក់​ការធំនៅប្រទេសសឹង្ហបុរី ក្រុមហ៊ុន អាលីបាបា កំពុង​សង្ឃឹមថានឹងលក់ទំនិញ​បានកាន់តែច្រើន នៅតាមទីផ្សារថ្មីៗ​ រួមមានដូចជា​ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងសឹង្ហបុរី​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម