លោក​ខាង​កើត | October 31, 2018

ក្រុមហ៊ុនកាហ្វេ Starbucks នៅតែជឿជាក់ថា​អាជីវកម្មរបស់ខ្លួន​នៅក្នុងប្រទេស​ចិន នឹងបន្ត​រីកចម្រើន បើទោះជាមាន​គូប្រជែងកាន់តែខ្លាំង​ជាងមុនក៏ដោយ​


ក្រុមហ៊ុនកាហ្វេ ស្តារបាក់ស៍ (Starbucks) គឺជាក្រុមហ៊ុន​កាហ្វេបរទេសដ៏ធំ​បំផុតមួយដែលស្ថិតក្នុង​ចំណោមក្រុមហ៊ុនកាហ្វេ​បរទេសដែលទទួលបានជោគជ័យ​លើអាជីវកម្មរបស់ខ្លួន​នៅក្នុងប្រទេសចិន​។ ក្រុមហ៊ុននេះ នៅតែ​មានទំនុកចិត្ត ថាអាជីវកម្ម​របស់ខ្លួនក្នុងប្រទេសចិន នឹងបន្តរីក​ចម្រើនទៅមុខទៀត នាពេល​អនាគត បើទោះជាក្រុមហ៊ុននេះ​កំពុងមានគូប្រជែងកាន់តែច្រើន​ឡើងៗក៏ដោយ​។

 


នៅជំនាន់ទស្សវត្សឆ្នាំ១៩៩០ កាហ្វេមិនសូវ​ជាមានគេនិយមផឹកប៉ុន្មានទេ​ក្នុងប្រទេសចិន​។ កាលណោះ ក្រុមហ៊ុន ស្តារបាក់ស៍ (Starbucks) បានជួយបណ្តុះ​វប្បធម៌ផឹកកាហ្វេ​បន្តិចម្តង​ៗ ​នៅទីនេះ​។ អ្នកនាង ជូឌី លួយ ចូលចិត្តផឹកកាហ្វេ ហើយគាត់យល់ថា​ហាងកាហ្វេ Starbucks គឺជាកន្លែង​ផឹកកាហ្វេផង និង ជាកន្លែងលំហែកាយ​ផង​។

អ្នកនាង ជូឌី លួយ អ្នកចូលចិត្តផឹកកាហ្វេ រៀប​រាប់​យ៉ាង​ដូច​នេះ “ខ្ញុំយល់ថាហាង​កាហ្វេ Starbucks គឺពិតជាកន្លែងមួយ​ដែលលើសពីកន្លែងផឹកកាហ្វេ​។ ជាកន្លែងមួយសម្រាប់​ឱ្យយើងចូលក្នុងសង្គម និង លំហែកាយ​។”

 

 



ថ្ងៃនេះ ក្រុមហ៊ុន Starbucks មានហាងកំពុង​ដំណើរការប្រហែល៣ពាន់៣រយ​កន្លែង នៅ១៤១​ទីក្រុង ទូទាំងប្រទេសចិន ដោយមានបុគ្គលិកប្រហែល៤ម៉ឺន៥​ពាន់នាក់។ ក្នុងរយៈពេល៤​ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Starbucks មានកំណើន​ចំនួនអតិថិជនដែលមក​ទិញជាប្រចាំ​ដល់ទៅបីដងឯ​ណោះ ពោលគឺកើន​មកដល់ចំនួនប្រហែល៧លាននាក់​។ ដើម្បីឆ្លើយតបនឹង​កំណើនអតិថិជននេះ ​ក្រុមហ៊ុន Starbucks មានគម្រោងពង្រីក​ហាងនៅក្នុងប្រទេសចិន​បន្ថែម​ ឱ្យកើនដល់៦ពាន់ទីតាំង នៅ២៣០​ទីក្រុង​។

 

 

 

 

កាលពីខែសីហា កន្លងទៅ ក្រុមហ៊ុន Starbucks បានប្រកាស​ផែនការយៈពេលវែងដ៏ស៊ី​ជម្រៅមួយ អំពីការចាប់ដៃគូ​លក់រាយថ្មី ជាមួយ​ក្រុមហ៊ុន​ អាលីបាបា​។ ក្រុមហ៊ុននេះបាន​ប្រកាសថា នឹងផ្លាស់ប្តូរវិស័យ​កាហ្វេនៅក្នុងប្រទេសចិន​។ ការសហការគ្នា​រវាងក្រុមហ៊ុន Starbucks និងក្រុមហ៊ុន អាលីបាបា លើផ្នែកដឹក​ជញ្ជូន​កាហ្វេ បាន​ចាប់ផ្តើមដំណើរការកាល​ពីខែកញ្ញា នៅតាមហាងកាហ្វេ Starbucks ចំនួន១៥០​កន្លែង​ នៅទីក្រុង​ប៉េកាំង និង សៀងហៃ។ គិតត្រឹមចុងឆ្នាំ២០១៨ សេវាដឹកជញ្ជូន​នេះនឹងមានផ្តល់ជូននៅតាម២ពាន់ហាង ក្នុង៣០ទីក្រុង​។

 


សូមរំលឹកថា សហរដ្ឋអាមេរិក គឺជាទីផ្សារលក់កាហ្វេដ៏​ធំបំផុតរបស់ក្រុមហ៊ុន Starbucks បើគិត​មកដល់បច្ចុប្បន្ន។ ត្រឹមខែតុលា ២០១៧ សហរដ្ឋអាមេរិក មានហាងកាហ្វេជិត១​ម៉ឺន៤​ពាន់កន្លែងឯណោះ​។ ឯប្រទេសចិនវិញ ជាប់ចំណាត់ថ្នាក់លេខពីរ​។ ហើយប្រទេសកាណាដា ជាប់ចំណាត់ថ្នាក់លេខបី ដោយមានហាងកាហ្វេសរុប១៤៦០​កន្លែង​។

កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Starbucks រកប្រាក់ចំនូលបាន ១ម៉ឺន៥ពាន់៦រយ លាន​ដុល្លារអាមេរិក នៅសហរដ្ឋអាមេរិក​។ ឯ​ប្រាក់ចំនូលដែលរក​បាននៅតាមប្រទេសផ្សេងទៀត​ទូទាំងពិភពលោក មានសរុបជាង៤ពាន់លានដុល្លារអាមេរិក​។ ប៉ុន្តែ បើទោះជាប្រាក់​ចំនូលនេះ មាន​គម្លាតឆ្ងាយក៏ដោយ ក៏អតិត​នាយកប្រតិបត្តិ​និង​ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Starbucks នៅតែមើលឃើញថា​ក្រុមហ៊ុនរបស់លោក នឹងមាន​អនាគតដ៏ភ្លឺស្វាង​ និងមានការ​ផ្លាស់ប្តូរធំៗ​មួយចំនួនផងដែរ នាពេល​ខាងមុខ​។

លោក ហោវឌ ស្គូល ស្ថាបនិក ក្រុមហ៊ុន Starbucks មាន​ប្រសាសន៍​ថា “ខ្ញុំគិតឃើញ ដោយមិនស្ទាក់​ស្ទើរទេ ថាក្រុមហ៊ុន Starbucks នៅក្នុង​ប្រទេស​ចិន ​នឹងក្លាយជាទីផ្សារដ៏ធំ​បំផុតក្នុងពិភពលោក​។ ទីផ្សារនៅទីនេះ នឹងរីក​ធំជាងទីផ្សារនៅអាមេរិក​ទៅទៀត​។”

 


ប៉ុន្តែគោលដៅនេះ ប្រហែលជាមិនងាយ​សម្រេចបាននោះទេ ពីព្រោះទីផ្សារ​ក្នុងប្រទេសចិន កំពុង​មានក្រុមហ៊ុនកាហ្វេកាន់តែ​ច្រើន ដែលកំពុងចូលមក​ប្រកួតប្រជែង​។ ក្នុងនោះ ក្រុមហ៊ុនកាហ្វេ ឡាក់ឃីន (Luckin) ត្រូវបានគេចាត់ទុក ថាជាគូប្រជែងដ៏​ធំមួយរបស់ក្រុមហ៊ុន ​Starbucks​។ ក្រុមហ៊ុន ឡាក់ឃីន ក្ដោបក្ដាប់​ដល់ទៅ៧៤.៦ ភាគរយ​នៃទីផ្សារកាហ្វេទាំងមូលក្នុងប្រទេសចិន​ទៅហើយ​។

 

 

 

ក្រុមហ៊ុន ឡាក់ឃីន លក់កាហ្វេដែលមាន​តម្លៃធូរថ្លៃជាង​ឆ្ងាយ ហើយពេល​ខ្លះក៏លក់ជូនដោយ​ឥតគិតថ្លៃទៀតផង​ ហើយព្រមទាំង​មានសេវាកុម្ម៉ង់កាហ្វេ​តាមកម្មវិធីក្នុងទូរស័ព្ទដៃ​ទៀតផង​។ អាស្រ័យហេតុផលនេះ ក្រុមហ៊ុន ឡាក់ឃីន អាចលក់កាហ្វេ​បានជាង១៨លាន​កែវ ជូនដល់អតិថិជន៣លាន៥សែននាក់ ក្នុងរយៈពេល​ត្រឹមតែ៧ខែ ​ដែលបើកដំណើរការ​ដំបូងតែប៉ុណ្ណោះ​។

 

 


ប៉ុន្តែ សាស្ត្រាចារ្យមួយរូប​មកពីសាកលវិទ្យាល័យប៉េកាំង និយាយថា រឿងនេះ មិនមែន​ពាក់ព័ន្ធនឹងរឿងឈ្នះចាញ់នោះទេ​។ លោក ចេហ្វហ្វ្រ៊ី ថូសិន សាស្ត្រាចារ្យផ្នែក​វិនិយោគ វិទ្យាសា្ថនគ្រប់គ្រងគ័ងហួរ នៃសាកលវិទ្យាល័យ ប៉េកាំង បាន​លើក​ឡើង​យ៉ាង​ដូច​នេះ​ថា “ទីផ្សារនេះ ពិតជាធំ​ណាស់។ បើសិនជា​គេអាចក្ដោបក្តាប់​បានត្រឹមតែមួយផ្នែក​តូចនៃទីផ្សារកាហ្វេ​លក់រាយនេះ ​ក៏គេអាចក្លាយ​ជាក្រុមហ៊ុនដ៏ធំនិង​ឈ្នះបានដែរ ដោយមិនចាំបាច់​ទៅប្រជែងជាមួយ​ក្រុមហ៊ុន​ Starbucks នោះទេ​។ សព្វថ្ងៃ ប្រជាជន​ចិនចូលចិត្តសាកល្បង​របស់ថ្មីៗ​ ក្នុងគ្រប់វិស័យ​ទាំងអស់​។ អញ្ជឹងហើយ​បានជាយើងឃើញមាន​ចំណែកទីផ្សាររបស់ក្រុមហ៊ុន​ទាំងឡាយ ឡើងចុះ ជារៀងរាល់ឆ្នាំ​។ ដូច្នេះ ខ្ញុំមិនភ្ញាក់ផ្អើលអ្វីទេ បើសិនជាចំណែក​ទីផ្សាររបស់ក្រុមហ៊ុន​ Starbucks ប្រែប្រួលពី១០ទៅ២០​ភាគរយនោះ​។”

 

 

 



ក្រុមហ៊ុន Starbucks បានប្រកាសថា នឹងបង្កើនប្រាក់​ចំនូលបីដង ព្រមទាំង​បង្កើនប្រាក់ចំនូលពីប្រតិបត្តិការ​ទ្វេដង នៅក្នុងប្រទេសចិន នៅត្រឹមដំណាច់​ឆ្នាំ២០២២​។ ចិន និង អាមេរិក កំពុងមានភាពតាន​តឹងផ្នែកពាណិជ្ជកម្មជាមួយ​គ្នា ដែលកំពុង​បង្ករឱ្យក្រុមហ៊ុនអាមេរិក​នៅប្រទេសចិនជាច្រើន​ព្រួយបារម្ភ​។ ហើយ លោក ស្គូល យល់ថា សហប្រតិបត្តិការ គួរតែរក្សាឱ្យ​នៅដំណើរការជាធម្មតា​។


លោក ហោវឌ ស្គូល ស្ថាបនិក ក្រុមហ៊ុន Starbucks លើក​ឡើង​ថា “ខ្ញុំគិតថា យើងទាំងសង​ខាង សុទ្ធតែចង់ខិតខំស្វែង​រកវិធីសហការគ្នាជានិច្ច​។ ខ្ញុំយល់ថា ពិភពលោក​ទាំងមូល ចង់ឱ្យចិន និង អាមេរិក ធ្វើជាដៃគូសហការ​នឹងគ្នា ដើម្បីបង្ហាញ​ឱ្យឃើញថា យើងមានចំនុច​ស្រដៀងគ្នា ច្រើនជាងចំនុច​ផ្ទុយគ្នា​ និងចង់ជំរុញ​ឱ្យថ្នាក់ដឹកនាំទុកបញ្ហា​និងភាពតានតឹងនា​ពេលបច្ចុប្បន្ន ឱ្យនៅមួយ​ឡែក​ ដើម្បីឱ្យយើង​អាចធ្វើកិច្ចការដែល​ពិភពលោកកំពុង​ត្រូវការជាចាំបាច់​។”

 

 

សេវា​របស់ក្រុមហ៊ុន Starbucks តាមអ៊ីនធើនេត​ក្នុងប្រទេស​ចិន គឺជាមូលដ្ឋានគ្រឹះ​មួយដែលនឹងជួយទាក់ទាញ​អតិថិជន និង ផ្តល់បទពិសោធន៍​កាន់តែពិសេស សម្រាប់អតិថិជន​នៅតាមហាងកាហ្វេរបស់ខ្លួន​។ ភាគច្រើននៃអតិថិជន​របស់ក្រុមហ៊ុន Starbucks នៅប្រទេសចិន គឺជាប្រជាពលរដ្ឋ​ដែលមានជីវភាពមធ្យម​។ ប៉ុន្តែដោយក្រុមហ៊ុននេះ លក់កាហ្វេជា​លក្ខណៈតាមហាង ការផ្តល់សេវាតាម​អ៊ីនធើណេត​នឹងក្លាយជាការលំ​បាកមួយ​សម្រាប់ក្រុមហ៊ុន​៕

មតិយោបល់

អត្ថបទពេញនិយម