លោក​ខាង​កើត | October 31, 2018

ពិព័រណ៍​បច្ចេកវិទ្យា​រូបនិម្មិត​ពិភពលោក បង្ហាញត្រួសៗ​អំពីអនាគត

 

ពិព័រណ៍ពិភពលោក​ឆ្នាំ២០១៨ ស្ដីអំពីបច្ចេកវិទ្យារូបនិម្មិត ដែលហៅ​កាត់ថា VR កំពុងប្រព្រឹត្ត​ទៅនៅឯទីក្រុង​ណានចាង ប្រទេសចិន​។ ពិព័រណ៍​នេះផ្ដល់ជូនអ្នកទស្សនា​អោយបានឃើញផ្នែក​ខ្លះអំពីអនាគត​។

 

 

បន្ទាប់ពីបានបើក​អោយដំណើរការ​នៅថ្ងៃសុក្រ ពិព័រណ៍នេះមាន​ក្រុមហ៊ុនចំនួន ១៥៨ ទាំងក្នុង​ស្រុកនិងក្រៅស្រុក បានមកចូល​រួមបង្ហាញឱ្យឃើញ ​ថាតើផលិតផលបច្ចេកវិទ្យា​រូបនិម្មិត VR ជះឥទ្ធិពល​យ៉ាងណាខ្លះ ទៅលើ​ជីវិតមនុស្សទៅថ្ងែអនាគត​។ ក្នុងចំណោមនោះ មានក្រុមហ៊ុនមួយ​ដែលបានបង្ហាញពីការ​ប្រើប្រាស់បច្ចេកវិទ្យា VR ទៅក្នុង​វិស័យទេសចរណ៍​។ ឧបករណ៍របស់ពួក​គេអនុញ្ញាតឱ្យអ្នកទេសចរ អាចមើល​ល្អាង យុនកាង ដ៏ល្បីល្បាញ ក្នុងទិដ្ឋភាពមួយ​ដែលគេមិនធ្លាប់បានឃើញ​។

 

 

 

 

លោក កុង ភីន អ្នកគ្រប់គ្រង សាលបង្ហាញ​បច្ចេកវិទ្យារូបនិម្មិត​ នៃពិព័រណ៍​បច្ចេកវិទ្យារូបនិម្មិត​ពិភពលោក លើក​ឡើង​ថា ​“តាមធម្មតា វាតែងតែមាន​រនាំងហាមចូលមួយ​នៅល្អាងនោះ​។ ដូច្នេះ​យើងមិនអាច​ចូលជិតរូប​ចម្លាក់ព្រះពុទ្ធបានទេ​។ ប៉ុន្តែជាមួយ​បច្ចេកវិទ្យាVR យើង​អាចបង្កើតទិដ្ឋភាព​ផុសនៃរូបនោះ ដើម្បីឱ្យយើងអាច​មើលឃើញចម្លាក់នេះ​ ដូចជាយើង​ឃើញផ្ទាល់ភ្នែកអញ្ជឹង​ដែរ​។”

 

 

 

បច្ចេកវិទ្យារូបនិម្មិត មិនត្រឹមតែនាំ​មកនូវភាពងាយស្រួល​សំរាប់តែវិស័យទេសចរណ៍​ប៉ុណ្ណោះទេ​។ នៅពេលទិញ​ទំនិញផ្ទះបាយតាម​អនឡាញ បច្ចេកវិទ្យា​រូបនិម្មិតជួយ​ឱ្យមនុស្ស​អាចអូស​រូបភាព​ 3D របស់​ឧបករណ៍ទាំងនោះ មកមើល​ទំហំ រចនាបទ និងពណ៌​របស់វាបានទៀតផង​។ បើក្រលេក​មើលនៅក្នុងវិស័យ​ហ្គេមនិងការកម្សាន្តវិញ ដូចជាការ​ជិះរថភ្លើងចុះចំណោទ​ ការលោត​សំកាំងពីលើអាកាស​និងការមុជទឹកជ្រៅក្នុងសមុទ្រ វ៉ែនតា VR ជួយអោយគេ​មានអារម្មណ៍ថា ដូចជាកំពុងស្ថិត​ក្នុងស្ថានភាពនោះ ពិតៗ​អញ្ជឹងដែរ​។

 

 


លោក វឹង តុងតុង អ្នកស្រាវជ្រាវ សាលាអុបទិក​និងរស្មីសំយោគ វិទ្យាស្ថានបច្ចេកវិទ្យា​ប៉េកាំង​ លើក​ឡើង​ថា “សព្វថ្ងៃ គ្រប់ទីកន្លែងទាំងអស់ សុទ្ធតែត្រូវការ​ចាក់បញ្ចាំងរូប​។ យើងអាច​ធ្វើអោយគេអាច​បង្ហាញរូប កាន់តែល្អ ដោយប្រើ​បច្ចេកវិទ្យា VR។ ឧទាហរណ៍ នៅពេល​ដែលយើងមើលទូរទស្សន៍​រឺមើលកុននៅផ្ទះ​ យើងអាចបង្កើត​អេក្រង់ធំនិងទំហំដែល​យើងចង់បាន​ ដោយបង្កើត​រោងកុននិម្មិតដោយប្រើ​ឧបករណ៍VRផ្សេងៗ​។ ហើយប្រសិន​បើយើងមានការប្រជុំ​តាម​អ៊ីនធឺណេត​ យើងក៏អាចដាក់​មនុស្សបញ្ចូលគ្នាដោយប្រព័ន្ធ VR ទៀតផង​។”

 

 

សព្វថ្ងៃ ឧបករណ៍ VR មិនសូវ​ជាមានគេប្រើច្រើន​ប៉ុន្មានទេ​ ក្នុងជីវភាព​រស់នៅប្រចាំថ្ងៃរបស់​មនុស្ស​ ដោយសារ​តែគេត្រូវចំណាយខ្ពស់និង​ពិបាកពាក់វ៉ែនតា​។ ប៉ុន្តែអ្នកជំនាញ​ជឿជាក់ថា​ តាមរយៈ​បច្ចេកវិទ្យា 5G ដែលនឹងមានដាក់ឱ្យ​ប្រើប្រាស់ក្នុងពេលឆាប់ៗ​នេះ នឹងជួយ​ផ្តល់កម្លាំងជំរុញដ៏ធំមួយ​សម្រាប់វិស័យនេះ ដោយសារ​បច្ចេកវិទ្យា 5G ផ្តល់ជូននូវបណ្តាញ​សេវាអ៊ីនធើណេតល្បឿន​លឿន​ ដែលជា​ហេតុអភិវឌ្ឍបទពិសោធន៍​របស់មនុស្ស នៅពេលគេប្រើ​ផលិតផលរូបនិម្មិត​VR​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម