លោក​ខាង​កើត | October 30, 2018

ទីក្រុង​ឈាងម៉ៃ មានគេចូលមក​វិនិយោគប្រាក់​ដ៏ច្រើន​សម្បើម​ ដោយ​សារវាបាន​ទាក់ទាញអ្នក​ទេសចរ​ចិន

 

គេបាន​ឃើញនូវការ​កើនឡើងយ៉ាងខ្លាំង​នៃការវិនិយោគរបស់​ចិនក្នុងអំឡុងពេល៤ឆ្នាំ​កន្លងមកនេះ​នៅទីក្រុងឈាងម៉ៃ​ភាគខាងជើងនៃប្រទេសថៃ ដោយហេតុថា​ទីក្រុងនេះបានក្លាយជា​កន្លែងទេសចរដ៏គួរ​ឱ្យទាក់ទាញសម្រាប់​ភ្ញៀវទេសចរចិន​។

 

 

ទីក្រុងនេះបានក្លាយ​ទៅជាទីក្រុងដែលមានប្រជាប្រិយ​ភាពខ្លាំងនៅលើវិស័យ​ទេសចរណ៍​ បន្ទាប់ពីបានបង្ហាញ​ខ្លួននៅក្នុងខ្សែរភាព​យន្តបែបកំប្លែង​របស់ចិន​ដ៏ល្បីល្បាញមួយ​។

បច្ចុប្បន្នមួយភាគធំ​នៃអ្នកដែលមកកំសាន្ត​ក្រុងឈាងម៉ៃ បានសំរេច​ចិត្តថានឹងមករស់នៅនិង​វិនិយោគនៅទីក្រុងនេះ​តែម្ដង​ ស្របពេលដែល​ពួកគេអាចរស់នៅ​ក្នុងស្ថានភាពជីវិតមួយ​ដែលធូរស្រាល​។

 

 

 

គេប៉ាន់ប្រមាណថា មានអ្នកទេសចរ​ចិនរាប់លាននាក់ ដែលមក​លេងប្រទេសថៃ​ជារៀងរាល់ឆ្នាំ។ ហើយអ្នកទេសចរ​ចិនជាច្រើននាក់​ និយមមក​កំសាន្តនៅឈាងម៉ៃ ជាជាងទៅលេង​តំបន់ឆ្នេរសមុទ្រដែល​មានមនុស្សកកកុញ​។

កត្តានេះ​ហើយដែលបានជំរុញឲ្យ លោក វ៉ាង ឡីហ្វឹង (Wang Leifeng) នាំយកគ្រួសារ​និងប្រាក់សន្សំរបស់គាត់ មករស់នៅក្រុង ឈាងម៉ៃ កាលពី៣​ឆ្នាំមុន ហើយក៏បើក​អាជីវកម្មនៅទីនេះតែម្តង​។

 

 

បច្ចុប្បន្ននេះ គាត់បើកកន្លែងស្នាក់​នៅមួយសម្រាប់ភ្ញៀវទេសចរ​ចិនវ័យចំណាស់ ​ដែលចង់ស្នាក់នៅឈាងម៉ៃ រយៈពេលយូរ​។ ហើយក្រុមគ្រួសារ​របស់ វ៉ាង ​ក៏បានរកឃើញផ្ទះ​ដ៏គួរឱ្យចង់រស់នៅមួយ នៅក្នុងទីក្រុងនេះ ដោយផ្ទះនោះ ស្ថិតនៅក្បែរ​សាលារៀនលំដាប់អន្ដរជាតិ និងព្រលានយន្តហោះ​ទៀតផង​។

 

 

លោក វ៉ាង ឡីហ្វឹង ម្ចាស់ក្រុមហ៊ុនផ្តល់សេវាស្នាក់​នៅថៃ-ចិន រៀប​រាប់​ថា “ទាក់ទង​នឹងវិស័យសេវាកម្ម ខ្ញុំគិតថា ក្រុងឈាង​ម៉ៃ គឺជាកន្លែងដែលសាក​សមសម្រាប់ឱ្យយើងវិនិយោគ​។ វាមានអាកាស​ធាតុល្អ ​មានបរិយាកាសសង្គម​ដ៏មានសុវត្ថិភាព ហើយទំនិញ​ផ្សេងៗ ក៏ធូរថ្លៃដែរ​។”

 

 

យោងតាមអាជ្ញាធរ​ទេសចរណ៍ថៃបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ​មកពីប្រទេសចិន បានកើន​ឡើងជាង៦០​ភាគរយ ក្រោយពីគេឃើញក្រុង​ឈៀងម៉ៃនៅក្នុងខ្សែភាពយន្ត រឿង "Lost in Thailand" ក្នុងឆ្នាំ២០១២​។

 

 

ទីក្រុងនេះ បានរ៉ាប់រងបានយ៉ាង​ល្អនិងយ៉ាងឆាប់រហ័ស លើការផ្តល់​កន្លែងស្នាក់នៅ ​សម្រាប់ភ្ញៀវទេសចរចិន​ដែលមានចំនួនកាន់តែច្រើនឡើងៗ​។ ប៉ុន្តែក៏មានភ្ញៀវទេសចរចិន​ជាច្រើននាក់ទៀតដែរ ដែលចង់ស្នាក់នៅ​ទីនេះតែម្តង ដោយសារពួក​គេយល់ថា ជីវិតរស់នៅ ក្នុងទីក្រុងឈៀងម៉ៃ មានលក្ខណៈធូរស្រាល​ជាង បើប្រៀបធៀបទៅនឹង​ជីវិតនៅប្រទេសចិន​។

 

 

 

អ្នកជំនួញជនជាតិចិនឈ្មោះ ប៊ីល ឡូវ (Bill Lou) និងដៃគូជំនួញជន​ជាតិថៃរបស់គាត់គឺ លោក និវត្ត (Niwat) កំពុងស្វះស្វែងបណ្តាក់ទុន ទៅក្នុងវិស័យអចលនទ្រព្យ​នៅទីនេះ​។ លោកទាំងពីរ មានជំនាញ​ផ្សេងៗគ្នា ដែលអាចជួយ​យឹតយោងគ្នា ទៅវិញទៅមកបាន​។

 

 

លោក ប៊ីល ឡូវ អ្នកជំនួញជនជាតិ​ចិន និយាយ​ថា “ខ្ញុំអាចធ្វើជាអ្នក​សម្របសម្រួលសម្រាប់ភាគីចិន​ពីព្រោះខ្ញុំដឹងពីទីផ្សារចិន​។ ហើយជាការពិត​ណាស់ ដៃគូរបស់ខ្ញុំស្គាល់​ទីផ្សារក្នុងស្រុកនិងរដ្ឋាភិបាលថៃ​ច្បាស់ជាងខ្ញុំ​។ ពួកយើងម្នាក់ៗ​មានសម្ថភាពផ្សេងៗគ្នា ដូច្នេះយើងអាច​សហការគ្នាបានយ៉ាងរីករាយ​។”

 

 

ប៉ុន្តែដៃគូរបស់​គាត់សម្លឹងឃើញអនុភាពមួយ​ផ្សេងទៀត​។ នៅពេលណាដែល​ពាណិជ្ជករចិនត្រូវការធ្វើអ្វីមួយ​ដោយប្រញាប់ អ្នកជំនួញថៃដែល​ដៃគូ ក៏ព្យាយាមថ្លឹងថ្លែង​ការងារនោះឱ្យមានតុល្យភាពវិញ​។

លោក និវត្ត សិរសាន អ្នកជំនួញជនជាតិថៃ និយាយថា “នៅពេលដែលអ្នក​ជំនួញចិនត្រូវការ​ប្រញាប់ ពួកយើង​ព្យាយាមសម្រួលអារម្មណ៍​របស់ពួកគេសិន ដើម្បីកុំឱ្យមាន​បញ្ហាលើការងាររកស៊ី​។ មានរឿងខ្លះ​ដែលយើងអាចធ្វើបាន​លឿន​ ហើយមានរឿង​ខ្លះដែលតម្រូវឱ្យយើង​ធ្វើវាសន្សឹមៗ​។”

 

 

ប្រជាជនខ្លះនៅឈាងម៉ៃ បារម្ភថាអ្នកជំនួញ​ចិន កំពុងធ្វើឱ្យអ្នក​ជំនួញក្នុងស្រុក​ពិបាករកស៊ី​។ ប៉ុន្តែសាស្ត្រាចារ្យ​ម្នាក់ និយាយថា ការពិតទៅ រលកនៃការ​វិនិយោគ​នេះ បានជួយ​លើកស្ទួយដល់លំហូរ​សេដ្ឋកិច្ចរបស់​ឈាងម៉ៃទៅវិញទេ​។

 

 

លោក នុតថាខន វិធីថានុន សាស្ត្រាចារ្យច្បាប់ នៅសាកលវិទ្យាល័យ មេហ្វ៉ាលួង មាន​ប្រសាសន៍​ថា “ទីផ្សារអចលនទ្រព្យនៅឈាងម៉ៃ បានស្ថិតក្នុង​ស្ថានភាពដ៏គ្រោះថ្នាក់​មួយ ដែលស្ទើរ​តែដួលទៅហើយ​កាលពីមុន​។ ប៉ុន្តែនៅពេលដែល​ឈៀងម៉ៃក្លាយជាកន្លែងទេសចរដ៏ពេញ​និយមសម្រាប់ប្រជាជន​ចិន ទីផ្សារនេះក៏ត្រលប់​មកមានលំនឹងឡើងវិញ និងបាន​រីកចម្រើន ជាងអ្វីដែល​យើងរំពឹងទុកទៅទៀត​។“

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម