លោក​ខាង​កើត | October 30, 2018

ការព្យាយាម​កាត់បន្ថយភាពក្រីក្រ​របស់រដ្ឋាភិបាលចិន ជួយឱ្យសិស្ស​នៅតំបន់ដាច់​ស្រយាល មានលទ្ធភាព​ទៅសាលារៀនដោយងាយ​ស្រួល

 

លទ្ធផល​ពីការព្យាយាមកាត់បន្ថយភាព​ក្រីក្ររបស់រដ្ឋាភិបាល​ចិន កំពុងជួយឱ្យ​សិស្សានុសិស្សនៅតំបន់ដាច់​ស្រយាលតាមភ្នំ អាច​មានលទ្ធភាពទៅសាលារៀន​ដោយងាយស្រួល បានដូចកុមារ​ទូទៅដែរហើយ​។

 

 

 

សម្រាប់កុមារ​ដែលនៅរស់ក្នុងភូមិដាច់ស្រយាល​ឆ្ងាយៗ ក្នុងខេត្ត ស៊ីឈាន់ (Sichuan) នៅភាគនិរតីប្រទេស​ចិន ការទៅរៀន ជាទូទៅ គឺមិនមែនជារឿង​ងាយស្រួលនោះទេ ពីព្រោះពួកគេត្រូវ​ដើរឆ្លងកាត់ជ្រលងភ្នំ ដែលអាចបង្ករ​គ្រោះថ្នាក់ដល់ជីវិត ពេលធ្វើដំណើរ​ទៅរៀនជារៀងរាល់ថ្ងៃ​។ ប៉ុន្តែនៅតំបន់ ស័ងល័រ (Shuangle) កុមារ​នៅទីនេះ រស់ក្នុងស្ថានភាព​ផ្សេងដែលផ្ទុយស្រឡះតែម្តង​។

កាលពីឆ្នាំ២០០៩ ផ្លូវមួយដែលមាន​ប្រវែង១៩គីឡូម៉ែត សម្រាប់តភ្ជាប់​សហគមន៍នេះទៅនឹង​ពិភពលោកខាងក្រៅ បានសាងសង់រួចរាល់​។ គេបានចំណាយ​ប្រាក់អស់ប្រហែល៣ពាន់៣រយលាន​ដុល្លារអាមេរិកសម្រាប់សាង​សង់ ហើយបច្ចុប្បន្ន ផ្លូវនេះមិនត្រឹមតែ​ជួយសម្រួលចរាចរណ៍ប៉ុណ្ណោះ​ទេ តែក៏ជួយឱ្យកុមារអាច​ទៅរៀនក្នុងសហគមន៍ បានយ៉ាងងាយស្រួល​ផងដែរ​។

 

 

 

ប្អូនស្រី លី យ៉ាន អាយុ៩ឆ្នាំ និងប្អូនស្រី​របស់គាត់ សុទ្ធតែរៀននៅសាលា​បឋមសិក្សានេះ ដែលមាន​ចម្ងាយ១គីឡូម៉ែតពីផ្ទះ​។ គាត់ត្រូវចេញពីផ្ទះពី​ព្រឹកព្រលឹមដើម្បីមករៀន ហើយម្តាយរបស់​គាត់ បើកហាងលក់ទំនិញ​ប្រើប្រាស់តូចមួយ​នៅឯផ្ទះ​។ ប៉ារបស់ពួកគេ គឺជាអ្នកបើក​ឡានដឹកទំនិញ ​ដូច្នេះគាត់មិនសូវបាន​នៅផ្ទះនោះទេ​។

 

 

 

ប្អូនស្រី លី និងមិត្តរួមថ្នាក់ សុទ្ធតែស្រលាញ់​ការសិក្សា ហើយគណិតវិទ្យា គឺជាមុខ​វិជ្ជាដែលពួកគេចូលចិត្ត​។

សាលាដែល លី កំពុងរៀន មានគ្រូត្រឹមតែ​១៤នាក់ប៉ុណ្ណោះ ​ដោយគេមានសិស្ស២៧២​នាក់កំពុងរៀន ក្នុងថ្នាក់ទាំង៦​កម្រិត។ អាស្រ័យហេតុ​នេះ គ្រូភាគ​ច្រើន រួមទាំងនាយក​សាលាផង ត្រូវបង្រៀនច្រើន​មុខវិជ្ជា​។

 

 

 

 

 

 

ជាលទ្ធផល សិស្សជាច្រើន​នាក់ ក៏សម្រេចចិត្ត​ឈប់រៀន ហើយទៅធ្វើការ​ជាកម្មករចំណាកស្រុក ដូចជាឪពុកម្តាយ​របស់ពួកគេដែរ​។ គ្រូបង្រៀននៅទីនេះ កំពុងព្យាយាម​ធ្វើគ្រប់យ៉ាង ដើម្បីកែប្រែស្ថានភាព​នេះ ឱ្យល្អប្រសើរ​ឡើងវិញ​។

លោក ជាំង វឹនភីង នាយក សាលាបឋមសិក្សា ស័ងល័រ មាន​ប្រសាសន៍ថា “មិនថាពួកគេជ្រើស​រើសយកផ្លូវបន្តការសិក្សា​ទៅវិទ្យាល័យ សាកលវិទ្យាល័យ ហើយរក​ការងារបានល្អធ្វើ​ ឬក៏ទៅធ្វើជាកម្មករ​ចំណាកស្រុកដូចជាឪពុកម្តាយ​របស់ពួកគេក៏ដោយ ក៏ខ្ញុំសង្ឃឹម​ថា ពួកគេអាច​រៀនឱ្យបានច្រើននៅ​ឯសាលា ហើយចាប់យកជំនាញ​ណាមួយ​ដើម្បីជីវិត​។”

 

 

បើទោះជាសិស្ស​ជាច្រើននាក់ នៅតែមិនទាន់ដឹងថា​ពួកគេនឹងរើសយកផ្លូវមួយ​ណាក៏ដោយ ក៏មានសិស្សខ្លះ កំពុងប្រាថ្នាចង់ឃើញ​ពិភពលោកខាងក្រៅ ក្រៅពីសហគមន៍​របស់ពួកគេដែរ​។

 

 

លី យ៉ាន ជា​សិស្សសាលា​បឋមសិក្សា ស័ងល័រ បាន​និយាយថា “ខ្ញុំចង់ទៅខេត្ត គ័ងតុង​។ ខ្ញុំចង់ទៅមើលទឹកសមុទ្រនៅទីនោះ។”

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម