លោក​ខាង​កើត | October 30, 2018

ក្រុមហ៊ុនចិន​ឈានមុខគេ​ផ្នែកបច្ចេកវិទ្យា អេអាយ ទទួលបានផល​ប្រយោជន៍ពីការ​សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​

 

នៅពេលគេ​និយាយដល់សមិទ្ធិផល​របស់ប្រទេសចិន​លើវិស័យបច្ចេកវិទ្យា​បញ្ញានិម្មិត អេអាយ គេតែងនឹក​ដល់ក្រុមហ៊ុន iFlyTek ដែលមាន​ឈ្មោះបោះសំលេងផ្នែក​បច្ចេកវិទ្យាសម្គាល់​សំលេងមនុស្ស​។ ប៉ុន្តែមាន​មនុស្សតិចណាស់ ដែលដឹងថា ជោគជ័យរបស់​ក្រុមហ៊ុននេះ បាន​កើតចេញពីការ​សហការរបស់ក្រុមហ៊ុនជាមួយ​នឹងគ្រឹះស្ថានឧត្ដមសិក្សា​និងគ្រឹះស្ថានស្រាវជ្រាវផ្សេងៗ​។

 

 

 


បច្ចេកវិទ្យាសម្គាល់​សំលេងមនុស្ស ដែលស្ថិតក្នុងចង្កោម​បច្ចេកវិទ្យាបញ្ញានិម្មិត ឆ្លុះ​បង្ហាញឱ្យឃើញថា​តើសម្ភារៈប្រើប្រាស់ក្នុង​ផ្ទះដែលចេះស្តាប់និងយល់ភាសា​មនុស្ស​ អាចជួយ​ធ្វើឱ្យផ្ទះទាំងឡាយ កាន់តែឆ្លាតវៃ ដោយរបៀបណា​។ នៅប្រទេសចិន មានក្រុមហ៊ុនតិច​ណាស់ដែលអាចធ្វើ​បច្ចេកវិទ្យានេះ បានល្អដូចជា​ក្រុមហ៊ុន​ iFlyTek នោះ​។

លោក លី សឺផឹង អនុប្រធាន ក្រុមហ៊ុន iFlyTek មាន​ប្រសាសន៍​ថា “យើងមានអតិថិជន​ឆ្លើយឆ្លងគ្នាតាមរយៈ​បច្ចេកវិទ្យារបស់យើង ប្រហែល៤ពាន់​៥រយលានដង​ ជារៀង​រាល់ថ្ងៃ​។ ដូច្នេះយើងមានអតិថិជន​ច្រើនណាស់ ដែលកំពុងប្រើសេវា​របស់យើង​។ យើងយកចិត្តទុក​ដាក់ខ្លាំងណាស់ ទៅលើផ្នែក​បច្ចេកវិទ្យា​ ដោយយើង​ធ្វើការជាមួយថ្នាក់ដឹកនាំ​សំខាន់ៗរបស់ក្រុមហ៊ុន​ ព្រមទាំងបុគ្គលិក​សំខាន់ៗផ្នែកបច្ចេកទេសរបស់​យើងផងដែរ​ ដែលពួក​គេសុទ្ធតែជាអ្នកស្រាវជ្រាវ​ដែលបានរៀនសូត្រអំពី​រឿងនេះ​តាំងពីដើមមកម្ល៉េះ​។”

 

 

ពីដើមនោះ គឺតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ជាជំនាន់ដែល​សមាជិកអ្នកស្រាវជ្រាវមួយក្រុម​តូច បានពិសោធន៍បច្ចេក​វិទ្យាសម្គាល់សំលេង​នៅឯសាកលវិទ្យាល័យវិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាចិន​ ហើយក៏បានរៀន​ចប់ថ្នាក់ឧត្តម និងនាំគ្នាបង្កើតក្រុមហ៊ុន iFlyTek នេះឡើង​។

 

 

 

សព្វថ្ងៃ ក្រុមហ៊ុននេះ​មានបុគ្គលិកជាង​៨ពាន់នាក់​ និងមានការិយាល័យ​នៅគ្រប់បណ្តាទីក្រុងធំៗ​ក្នុងប្រទេសចិន​។ ប៉ុន្តែស្នាក់ការធំ​របស់ក្រុមហ៊ុន គឺ​នៅតែមានទីតាំងក្នុង​ទីក្រុង ហឺហ្វ័យ ខេត្តអានហួយ ដដែល ដែល​នៅមិនឆ្ងាយប៉ុន្មានពីសាកលវិទ្យាល័យ​ដែលពួកគេធ្លាប់បានរៀននោះទេ​។

ក្រុមហ៊ុន iFlyTek ឱ្យដឹងថាក្រុមហ៊ុន​តែងតែ​រក្សាចំណងទំនាក់ទំនង​ដ៏ស្អិតរមួតជាមួយ​សាកលវិទ្យាល័យវិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាចិន សូម្បី​តែក្រោយពេលដែលក្រុមហ៊ុន​លេចចេញជារូបរាងឡើង​ហើយក៏ដោយ។ តាមពិត​ទៅ ភាគច្រើន​នៃរបកកំហើញផ្នែក​បច្ចេកវិទ្យាសម្គាល់សំលេងរបស់​ក្រុមហ៊ុន iFlyTek គឺបានរក​ឃើញនៅឯមន្ទីរពិសោធន៍មួយ​ក្នុងសាកលវិទ្យាល័យនេះ​ ជាមន្ទីរពិសោធន៍ដែល​បង្កើតឡើងរួមគ្នាដោយ​សាកលវិទ្យាល័យនិងក្រុមហ៊ុន​។

 

 

លោក ចឹង រួយ និស្សិតបញ្ចប់ថ្នាក់បរិញ្ញា សាកលវិទ្យាល័យ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាចិន បាន​និយាយថា “មុនពេលយើងផលិត​ឧបករណ៍មែនទែន​ យើងត្រូវធ្វើពិសោធន៍​ច្រើនណាស់នៅក្នុងមន្ទីរ​ពិសោធន៍​ ដើម្បីបង្កើន​សមត្ថភាពរបស់ឧបករណ៍លើការ​ដោះស្រាយបញ្ហា​។ ឧទាហរណ៍​ដូចជា ឧបករណ៍​បំពងសំលេង ទីងតុង អញ្ជឹង វាត្រូវចាប់យក​តែសំលេងមនុស្ស​ប៉ុណ្ណោះ​ ដោយមិន​ចាប់យកសំលេងរំខាន​ដែលមាននៅក្នុងបរិយាកាស​នោះទេ​។ យើងដាក់មេក្រូពីរគ្រាប់នៅទីនេះ។ មេក្រូមួយ គឺសម្រាប់​បញ្ចេញសំលេងដែលយើង​ចង់ឱ្យឧបករណ៍នេះចាប់ ហើយមេក្រូ​មួយទៀត នឹងបញ្ចេញសំលេង​ដែលឧបករណ៍នេះមិនចង់ចាប់​។ យើងប្រើក្បួន​ដោះស្រាយបញ្ហានៅលើ​កុំព្យូទ័រនេះ ដើម្បីគណនាឱ្យ​ដឹងថាតើរលកសំលេង​នោះ មានប្រភពចេញ​មកពីណា ដើម្បីឱ្យឧបករណ៍​របស់យើង អាចនិម្មិត​សំលេងនោះបាន​។”

 

 

 

លោក លីង ចឹនហួរ គឺជាសាស្ត្រាចារ្យ​ម្នាក់ដែលដឹកនាំការងារ​ស្រាវជ្រាវលើប​ច្ចេកវិទ្យាសំលេង​និង​ភាសាបែប​ឆ្លាត​វៃ នៅឯ​មន្ទីរពិសោធន៍នេះ​។ លោក លីង ចឹនហួរ លើក​ឡើង​ថា
ក្រុមហ៊ុន ក៏មានអ្នកស្រាវ​ជ្រាវប្រចាំក្រុមហ៊ុនរបស់​គេដែរ ប៉ុន្តែអ្នកស្រាវជ្រាវ​ទាំងនោះ គឺផ្តោតសំខាន់​ទៅលើការស្រាវជ្រាវដើម្បី​ផលប្រយោជន៍អាជីវកម្មច្រើន​ជាង​។ តែនៅឯមន្ទីរពិសោធន៍​របស់យើងឯណេះវិញ គឺយើងកំពុងសិក្សា​អំពីបញ្ហាស្នូលទាំង​ឡាយ​ ដែលមាននៅ​ឯជួរមុខនៃបច្ចេកវិទ្យាបញ្ញានិម្មិត។

 

 

ការរកឃើញដំណោះ​ស្រាយចំពោះបញ្ហាស្នូល​ទាំងនេះ បានផ្តល់ប្រយោជន៍​យ៉ាងច្រើនដល់ក្រុមហ៊ុន iFlyTek​។ នៅឯស្នាក់ការ​ធំរបស់ក្រុមហ៊ុន មានមនុស្ស​ជាច្រើន​ក្រុម តែងមក​ទីនេះជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកឱកាស​សហការគ្នាលើការងារធ្វើជំនួញ​។

លោក លី សឺផឹង អនុប្រធាន ក្រុមហ៊ុន iFlyTek មាន​ប្រសាសន៍​ថា “សព្វថ្ងៃនេះ យើងកំពុងគិត​គូរអំពីដំណាក់កាល​បន្ទាប់នៃបច្ចេកវិទ្យា​បញ្ញានិម្មិត​ ដូច្នេះ​យើងមិនត្រឹមតែ​សហការជាមួយ​សាកលវិទ្យាល័យនៅក្នុង​ប្រទេសចិនតែមួយមុខ​នោះទេ ​តែក៏សហការជា​មួយសាកលវិទ្យាល័យផ្សេងៗ​នៅទូទាំងពិភពលោកផងដែរ​។”

 

 

លោក លី និយាយថា ការសហការបែបនេះ នឹងជួយឱ្យក្រុមហ៊ុន iFlyTek អាចបោះជំហាន​ទៅមុខ មុនក្រុមហ៊ុន​ឯទៀត លើការងារអភិវឌ្ឍ​បច្ចេកវិទ្យាបញ្ញានិម្មិត ​អេអាយ​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម