លោក​ខាង​កើត | January 09, 2019

អ្នកការពារ​បេតិកភណ្ឌតន្ត្រី​បុរាណ​ចិន

 

អ្នកស្រាវជ្រាវ​ជនជាតិចិនម្នាក់ បានចំណាយពេលវេលា​មួយភាគធំនៃជីវិត​របស់គាត់ ដើម្បីស្វែងរក​តន្ត្រីបុរាណរបស់ចិន និងធ្វើឱ្យតន្រ្តីនោះ​រស់រានមានជីវិត​ឡើង​វិញ សម្រាប់ទាក់ទាញ​ចំណាប់អារម្មណ៍មនុស្ស​នាសម័យទំនើបនេះ​។

 

 

លោក ធាន ឈីង គឺជាប្រធានសមាគមសិក្សា​ល្ខោនឈុនឈូ និង ពិនចិន​។ លោកក៏ជាអតីតប្រធានមជ្ឈមណ្ឌល​ការពារបេតិកភណ្ឌវប្បធម៌អរូបិយ​ចិនផងដែរ​។ លោក ធាន និយាយថាសាច់រឿងស្វែង​រកតន្ត្រីបុរាណចិនរបស់គាត់ បានចាប់ផ្ដើមកាល​ពីរាប់សិបឆ្នាំមុន នៅគ្រាដែល​គាត់ចាប់ផ្ដើមប្រឡូកក្នុងការងារ​ថតតន្ត្រីបុរាណ​។ កាលណោះ គាត់ធ្វើជាគ្រូបង្រៀន​ប្រវត្តិតន្ត្រីបុរាណចិន​និង​តន្ត្រីបុរាណលោកខាងលិច នៅសាលាតន្ត្រី​អភិរក្សធានជីន​។ នៅជំនាន់នោះហើយដែល​គាត់បានរកឃើញថា ​មានឯកសារពាក់ព័ន្ធតន្ត្រីបុរាណចិន​តិចតួចណាស់ បើប្រៀបនឹងចំនួនឯកសារអំពី​តន្ត្រីបុរាណរបស់លោកខាងលិច​។

 

 

 



លោក ធាន ឈីង អ្នកជំនាញផ្នែកបេតិកភណ្ឌ​វប្បធម៌អរូបិយ មាន​ប្រសាសន៍​ថា “ខ្ញុំបានចូលទៅផ្នែក​ខាងក្នុងរបស់ប្រាសាទ ដើម្បីរកមើល​ក្រែងលោមានតន្ត្រីបុរាណខ្លះ​នៅទីនោះ​។ វប្បធម៌ពាក់ព័ន្ធ​នឹងសាសនា មិនសូវមានគេសិក្សា​ប៉ុន្មានទេ​។ តែកាលណោះ គឺមិនទាន់មានគេ​កំណត់តំបន់ហាមឃាត់មិន​ឱ្យចូលនោះទេ។ ឯអ្នកស្រាវជ្រាវ​ជាទូទៅ ក៏មិនចូលទៅសិក្សា​អំពីតំបន់នោះដែរ​។ ដូច្នេះ ខ្ញុំក៏ដើរចូលទៅតំបន់នោះ ដោយគ្មានស្ទាក់​ស្ទើរអ្វីនោះទេ។”

 



ដោយមានកាន់ឧបករណ៍ថត​សំលេងនៅក្នុងដៃ លោក ធាន ក៏ចាប់ផ្ដើមសិក្សាអំពី​តន្ត្រីបែបសាសនា កាលពី៣០ឆ្នាំមុន និងបានបន្ត​ការងារនេះរហូតមក​។ គាត់បានចំណាយពេល​១០ឆ្នាំដើម្បីថតតន្ត្រីអំពី​ព្រះពុទ្ធសាសនា ហើយកាសែតទាំង៣០​ដុំដែលគាត់បានថត ក៏បានក្លាយ​ជាឯកសារកំណប់​ទ្រព្យ​ សម្រាប់ឱ្យអ្នកជំនាន់​ក្រោយសិក្សាស្រាវជ្រាវ​អំពីតន្ត្រីបុរាណរបស់​ប្រទេសចិន​។

លោក ធាន ឈីង បាន​បន្ត​លើក​ឡើង​​ថា “ខ្ញុំបានកើន​ចំណេះដឹង ហើយក៏បានយល់ដឹង​អំពីសារៈសំខាន់នៃវប្បធម៌បុរាណ​របស់ចិនដែរ ដូចជាវប្បធម៌ព្រះពុទ្ធ​សាសនា ដែលមានលក្ខណៈ​ពិសេសជាងការគិតរបស់​យើងឆ្ងាយណាស់។ វប្បធម៌នេះ បានរក្សាភាពគង់វង្សរបស់វា​បានយ៉ាងល្អ បើទោះជាវាបានឆ្លងកាត់​កាលៈទេសៈដ៏ពិបាកៗ ជាច្រើន​ក៏ដោយ​។”

លោក ធាន ត្រូវបានតែងតាំងជាអនុប្រធាន​មជ្ឈមណ្ឌលការពារបេតិកភណ្ឌវប្បធម៌​អរូបិយរបស់ចិន កាលពីឆ្នាំ២០០៦។ គាត់បានរៀបចំការ​តាំងពិព័រណ៍មួយ ដើម្បីបង្ហាញ​លទ្ធផលដែលកើតចេញពីការ​ខិតខំរបស់ប្រទេសជាតិ​លើការងារអភិរក្សវប្បធម៌​។ ពិព័រណ៍នោះ បានផ្ដល់ឱកាស​ឱ្យប្រជាជនចិន ​អាចក្រឡេកមើលមកបេតិក​ភណ្ឌវប្បធម៌ដ៏មានតម្លៃ​របស់ជាតិ​សារជាថ្មី​។

 

 

លោក ធាន ឈីង មាន​ប្រសាសន៍​​ថា “អ្នកដែលបានមកមើល​កម្មវិធី​ពិព័រណ៍នោះ បានប្រាប់ខ្ញុំថា គេមិនដែលបាន​ដឹងសោះ ថាប្រទេសចិន នៅសល់វត្ថុដ៏ពិសេស​អស្ចារ្យច្រើនបែបនេះ​។”

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម