លោក​ខាង​កើត | January 07, 2019

ប្រព័ន្ធ​ជួញ​ដូរ​ទំនិញ​តាម​ អ៊ីនធើណេត​ របស់​ចិន​ ជួយ​លើកស្ទួយ​ដល់វិស័យដាំ​កាហ្វេរបស់​ប្រទេស រ៉្វាន់ដា

 

ប្រព័ន្ធលក់ទំនិញ​តាមអ៊ីនធើណេត​មួយរបស់ប្រទេស​ចិន កំពុងជួយ​ឱ្យវិស័យកសិកម្មដាំកាហ្វេ​នៅប្រទេស រ្វ៉ាន់ដា អភិវឌ្ឍកាន់តែ​លឿន​។ ស្ថិតនៅប៉ែកខាងកើត​ទ្វីបអាហ្វ្រិក ប្រទេសរ្វ៉ាន់ដា គឺជាភូមិសាស្ត្រ​ដ៏ល្អឥតខ្ចោះសម្រាប់ឱ្យគេ​ដាំកាហ្វេ​។ ប៉ុន្តែដោយសារតែកង្វះ​ខាតហេដ្ឋារចនាសម្ព័ន្ធ កាហ្វេដែលដាំ​នៅរ្វ៉ាន់ដា ក៏គ្មាននរណា​ស្គាល់ឡើយ​លើឆាកអន្តរជាតិ​។ តែស្ថានភាព​នេះ កំពុងផ្លាស់ប្រែមក​ជាល្អប្រសើរឡើងវិញហើយ​។

 


កាលពីខែតុលា ឆ្នាំ២០១៨ថ្មីៗ​នេះ ក្រុមហ៊ុនលក់ទំនិញតាម​អ៊ីនធើណេតចិន អាលីបាបា បានបើកដំណើរ​ការប្រព័ន្ធជួញដូរពិភពលោក​អេឡិចត្រូនិច ហៅកាត់ថា eWTP នៅទីក្រុង គីហ្កាលី ដែលជារដ្ឋធានី​របស់រ្វ៉ាន់ដា​។

 

 


ប្រព័ន្ធជួញដូរ​នេះ ផ្ដល់លទ្ធភាពឱ្យ​ក្រុមហ៊ុនខ្នាតតូចនិង​មធ្យមអាចចូលរួមលក់ដូរ​ទំនិញឆ្លងប្រទេសតាមប្រព័ន្ធ​អេឡិចត្រូនិច​បាន។ ប្រព័ន្ធនេះ ​មានគោលបំណងចង់លើក​ស្ទួយដល់លំហូរ នៃការជួញដូរ​ទំនិញរវាងអតិថិជន​នៅរ្វ៉ាន់ដា និង អតិថិជននៅចិន​។

លោក សាយម៉ុន ឈ្មួញកាហ្វេ លើក​ឡើង​ថា “យើងពិតជាសប្បាយចិត្ត​មែនទែន ហើយលទ្ធផល​ដែលកើតចេញពីប្រព័ន្ធលក់​ទំនិញសកលអេឡិចត្រូនិច​នេះ គឺបាន​កើតចេញពីសហប្រតិបត្តិការ​រវាងចិននិងរ្វ៉ាន់ដា​។”

 


ជាក់ស្ដែង លោក សាយម៉ុន បានប្រាប់ថា ប្រព័ន្ធជួញដូរ​ទំនិញនេះ កំពុងជួយ​ឱ្យគាត់អាចលក់គ្រាប់កាហ្វេ​បានកាន់តែច្រើនជាងមុន​ទៅទៀត​។

លោក សាយម៉ុន ឈ្មួញកាហ្វេ បន្ត​លើក​ឡើង​ទៀត​ថា “រយៈពេល៣ខែក្រោយ​ពេលដែលលោកប្រធានាធិបតី ស៊ី បានមកធ្វើទស្សនៈកិច្ច​នៅរ្វ៉ាន់ដា ប្រព័ន្ធលក់​ដូរតាមអ៊ីនធើណេតនេះ ក៏ចាប់បើក​ដំណើរការ​។ គិតទៅ​ វាពិតជាលឿនខ្លាំង​ណាស់​។ បន្ទាប់មកទៀត​ យើងក៏ចាប់ផ្ដើម​លក់កាហ្វេរបស់យើងទៅឱ្យ​អតិថិជននៅប្រទេសចិន​ ហើយពួកគាត់​បានបង់ប្រាក់មកយើងវិញយ៉ាង​លឿនតែម្ដង​។ ដូច្នេះបើនិយាយ​ជារួមទៅ រឿងនេះ​គឺពិតជាពិសេស​អស្ចារ្យមែន​។ សហប្រតិបត្តិការ​នេះ គឺពិតជា​បានផលល្អពិតប្រាកដមែន​។”

 

 

បើយោងតាមលោក សាយម៉ុន ប្រព័ន្ធ eWTP ផ្ដល់ឱកាសឱ្យ​កាហ្វេរ្វ៉ាន់ដាអាចដាក់លក់​នៅក្នុងប្រទេសចិន​បានកាន់តែទូលំទូលាយ​។ ហេតុនេះ វាជួយ​ទាំងវិស័យដាំកាហ្វេ​ជារួមរបស់រ្វ៉ាន់ដា​ផង​ និងជួយ​បង្កើនប្រាក់ចំនូល​របស់កសិករផង​។ លោក សាយម៉ុន ឈ្មួញកាហ្វេ អោយ​ដឹង​ថា “ប្រព័ន្ធ eWTP គឺជាដំណោះ​ស្រាយមួយសម្រាប់វិស័យ​ដាំកាហ្វេ​។ វាក៏បានជួយ​បង្កើនប្រាក់ចំនូលរបស់​កសិករយើងបាន៣០​ភាគរយដែរ​ បើធៀបនឹងចំនូល​កាលពីមិនទាន់មានប្រព័ន្ធនេះ​។”

 

 

 

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម