លោក​ខាង​កើត | January 02, 2019

ពលរដ្ឋចិន​វ័យក្មេង និយមទិញផ្កា​

 

ក្រុមហ៊ុនលក់ផ្កា​តាមអនឡាញ​នៅប្រទេសចិន បានចំនួន​កាន់តែច្រើនឡើងៗ​នាប៉ុន្មានឆ្នាំចុងក្រោយ​នេះ ដោយសារប្រជាជនវ័យក្មេង​នៅប្រទេសចិន ត្រូវការប្រើផ្កា​កាន់តែញឹក​ញាប់​។

 

 

 

នៅរដូវបុណ្យ​គ្រិសស្មាស ប្រទេសនៅលោកខាងលិច​និយមតុបតែងដើមគ្រិស​ស្មាស់ ហើយនៅប្រទេស​ចិន វប្បធម៌នេះក៏កំពុងមាន​គេអបអរច្រើនដែរ ដោយសារសព្វ​ថ្ងៃ ចិនកំពុងសំបូរហាង​លក់ផ្កាតាមអនឡាញ​។ ជាក់ស្តែងនៅឃ្លាំងដឹក​ផ្កា​មួយកន្លែងរបស់ក្រុមហ៊ុនលក់ផ្កា​តាមអនឡាញ ហួរលីចា កំពុងមមាញឹក​គ្មានពេលទំនេរ ដោយសារមាន​ភ្ញៀវទិញផ្កាច្រើន​។

 

 

លោក វូ យ៉ុងឆាង អ្នកលក់ផ្កា ក្រុមហ៊ុន ហួរលីចា លើក​ឡើ​ងថា “ផ្កាស្រស់ៗបាន​វិវឌ្ឍពីរបស់ដែលគេប្រើ​សម្រាប់តែធ្វើជាកាដូ ​ទៅជារបស់ដែលគេទិញយក​ទៅប្រើរាល់ថ្ងៃ ព្រោះថាសព្វ​ថ្ងៃនេះ ប្រជាជន​យើងគិតគូរកាន់តែខ្លាំង​អំពីសុខភាពផ្លូវចិត្ត​របស់គាត់​។ កាលពីមុន គេទិញផ្កាសម្រាប់តែ​តែងរោងការទេ តែឥឡូវ គេត្រូវការប្រើផ្កា​រាល់ថ្ងៃតែម្ដង​។”

 

 

ទម្លាប់ប្រើផ្កា​រាល់ថ្ងៃនេះ ធ្វើអោយផ្កាមានគេត្រូវ​ការកាន់តែច្រើន ជាហេតុនាំឱ្យ​វាកាន់តែធូរថ្លៃ​។ ផ្កាភាគច្រើន​នៅប្រទេសចិន គឺដាំនៅតំបន់ខាងត្បូង​ដែលមានអាកាសធាតុក្ដៅ​ ហើយគេចំណាយ​ពេលតែពីរបីថ្ងៃ​ប៉ុណ្ណោះ ដើម្បីដឹកផ្កា​ស្រស់ៗមកកាន់ទីក្រុងនានា​នៅប៉ែកខាងជើង ដូចជា ប៉េកាំង ជាដើម​។

លោក យ៉ាង ភ័យជីន អ្នកទិញផ្កា​តាមអនឡាញ និយាយ​ថា “ការឱ្យ ធ្វើឱ្យយើង​មានអារម្មណ៍ល្អ​។ ដូច្នេះ វាច្បាស់​ណាស់ថា ការជូនផ្កា​ឱ្យគ្នា ជួយបន្ថែម​លម្អងជីវិត​របស់មនុស្ស​។”

 

 

សម្រាប់ពលរដ្ឋចិន​ដែលជាអ្នកធ្វើការនៅតាមការិយាល័យ​ក្នុងទីក្រុងធំៗ ក្លិនផ្កាក៏អាច​ជួយកាត់បន្ថយភាពតានតឹង​បានខ្លះដែរ​។

 

 

អ្នកនាង តុង ជីង អ្នកទិញផ្កា​តាមអនឡាញ និយាយថា “ឱ្យតែវាធូរថ្លៃ​ហើយមានគុណភាពល្អ យើងនឹងទិញ​មិនឈប់ទេ​។ យើងមិនទិញ​វាញឹកញាប់ពេកទេ គឺត្រឹមតែ១​ខែម្ដង ឬកន្លះឆ្នាំម្ដង​តែប៉ុណ្ណឹង​។ ជាធម្មតា ពេលដំបូងៗ យើងសាកទិញ​វាសិន។ ហើយយូរៗទៅ វាក៏ក្លាយ​ជាទម្លាប់ហើយ​។”

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម