កម្សាន្ត | January 05, 2017

ភីអិនអិន បោះទុនបន្ថែមឲ្យផលិតកម្មក្នុងស្រុកក្រុងពាលីថតរឿង២ក្នុងពេលតែមួយ

ក្រោយ​ជោគជ័យ​ក្នុង​ការ​សហការ​ជាមួយ​ផលិតកម្មក្នុង​ស្រុក​មួយ​ចំនួន​ក្នុង​ការ​ផលិត​រឿង​ភាគ​ខ្មែរ​ដើម្បី​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស និង​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា​ ភីអិនអិន បាន​បោះទុន​អោយ​ផលិត​កម្មក្នុង​ស្រុក​ផលិត​រឿង​ពីរ​ទៀត​គឺ ពស់កេងកង និង​ សុផាត ម៉ានយ៉ាន ដែល​ធ្វើ​ពិធីក្រុង​ពាលី​ចាប់​ផ្ដើម​ថត​ក្នុង​ពេល​តែ​មួយ​នា​ព្រឹក​ថ្ងៃ​ទី​៥​មករា​នេះ។

 

 

នៅ​ក្នុង​យុទ្ធសាស្ត្រ​ជំរុញ​គុនភាព​ភាពយន្ត​ខ្មែរ និង​បង្កើត​ការ​ផលិត​អោយ​គ្រប់​១០០​ម៉ោង​ក្នុង​មួយ​ឆ្នាំ ភីអិនអិន​ បាន​សហការ​ជាមួយ​ផលិត​កម្ម​ក្នុង​ស្រុក​ជា​ច្រើន​ដើម្បី​ថត​ភាពយន្ត​ភាគ​ខ្មែរ​ដាក់​បញ្ចាំង​ក្នុង​ម៉ោង​មាស​របស់​ខ្លួន។

ចាប់​ផ្ដើម​ពី​ដើម​ឆ្នាំ​​២០១៦​មក​ ស្ថានីយទូរទស្សន៍ ថ្មី​ទំនើប​ និង​ធំបំផុត​នៅកម្ពុជា​មួយ​នេះ​​ធ្វើ​ការ​បាន​ជោគជ័យ​ជាមួយ​ផលិត​កម្ម​ក្នុង​ស្រុក​ដូច​ជា​រឿង ភក្ដីស្នេហ៍​ទ្វេភព សង្គ្រាមបេះដូង ម្ទេសហិរប៉ះអំបិលប្រៃ និង​រឿង កែវ​ភ្នែក​ ជាដើម​ដែល​បាន​ផលិត​ចប់​និង​ដាក់​បញ្ចាំង​ជូន​អ្នក​គាំទ្រ​ទស្សនា។

 

 

សម្រាប់​រឿង ពស់កេងកង និង​រឿង សុផាត ម៉ានយ៉ាន ដែល​នឹង​ចាប់​ផ្ដើម​ថត​ពី​ពេល​នេះ​ទៅ ត្រូវ​បាន​លោក ទេព រិនដារ៉ូ អះអាង​ថា នឹង​ទទួល​បាន​កាគាំទ្រ​ច្រើន​​ពី​អ្នក​ទស្សនា​ ព្រោះ​តែ​មនុស្ស​ភាគ​ច្រើន​ទាំង​ចាស់​ទាំង​ក្មេង​សុទ្ធ​តែ​ធ្លាប់​បាន​ដឹង​ពី​កម្រង​រឿង​អក្សរសិល្បិ៍​ដ៏​ល្បីល្បាញ​នេះ។

 

 

តារា​សម្ដែង​ជើងចាស់​រូប​នេះ​បន្ត​ថា ការ​ជ្រើសរើស​រឿង​បុរាណ​ខ្មែរ​មក​ផលិត​ជា​ភាពយន្ត ឬ​ផលិត​ឡើង​វិញ​មាន​គុណ​សម្បត្តិ​ត្រង់​ថា អ្នក​គាំទ្រ​ទាំង​ក្មេង​ទាំង​ចាស់​នឹង​រង់​ចាំ​ទស្សនា ខណៈ​រឿង​ដែល​ត្រូវ​បាន​ផលិត​ឡើង​ថ្មីសុទ្ធសាឍ​អាច​នឹង​ចាប់​បាន​តែ​យុវវ័យ។

 

 

ទោះ​យ៉ាង​ណា​លោក​ថ្លែង​ពី​ក្ដី​បារម្ភ​ថា​ ការ​ផលិត​រឿង​បុរាណ​ឡើង​វិញ​អាច​នឹង​មាន​ផលប៉ះពាល់​ប្រសិន​បើ​ផលិតករ​ធ្វើការ​កែប្រែ​សាច់​រឿង​អោយ​ខុស​ពី​សំណៅ​ដើម​ពេក ដែល​នឹង​ធ្វើ​អោយ​ក្មេង​ជំនាន់​ក្រោយ​យល់​ច្រឡំ​ពី​សាច់​រឿង​នៃ​កម្រង​អក្សសិល្បិ៍​ទាំង​នេះ។

 

 

រឿង​ ពស់កេងកង ដែល​ទើប​ក្រុង​ពាលី​ចាប់​ផ្ដើម​ថត​នៅ​ថ្ងៃ​ទី​៥​​កមរា​នេះ ត្រូវ​បាន​តារា​សម្ដែង​កញ្ញា ស៊ិន សក្កដា អះអាង​ថា គ្រោង​នឹង​ផលិត​អោយ​ចប់​នៅ​ចុង​ខែ​មេសា​ឆ្នាំ​២០១៧៕

 

អត្ថបទ៖ ធារ៉ា

រូពភាព៖ គាក់​

 

មតិយោបល់