បច្ចេកវិទ្យា |

Nokia ​គ្រោង​កាត់​បន្ថយ​បុគ្គលិក ៣១០នាក់ និង​បង្វែរ​មក​ផ្ដោត​លើ​​​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ប៉ាតង់ និង​ផលិតផល​ទាក់ទង​សុខភាព​វិញ ផ្នែក​កាមេរ៉ា OZO VR ជា​គោលដៅ​មុន​គេ

 

​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ថា ផលិត​ទូរស័ព្ទ​កាន់​ថ្ម​បាន​យូរ Nokia ថ្មីៗ​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ខ្លះៗ​ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ។ ​កាមេរ៉ា OZO ប្រភេទ virtual reality ​នឹង​ជា​គោលដៅ​មុន​គេ ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​នេះ។ ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ប៉ាតង់ និង​ផលិតផល​សុខភាព នឹង​ជា​រឿង​អាទិភាព​ខ្ពស់ សម្រាប់​ក្រុមហ៊ុន Nokia ប្រហែល​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​បុគ្គលិក​ប្រមាណ​ដល់ ៣១០នាក់។

 

 

​បច្ចុប្បន្ន Nokia Technologies ​មាន​បុគ្គលិក​សរុប ១០៩០នាក់ ដូច​នេះ បុគ្គលិក ៣១០នាក់​ដែល​ក្រុមហ៊ុន​ត្រៀម​បញ្ឈប់​នោះ គឺ​ស្មើ​នឹង ៣៥% ទៅ​ហើយ នៃ​ជំនួញ​ផ្នែក​នេះ។ ការ​កាត់​បន្ថយ​បុគ្គលិក​របស់​ក្រុមហ៊ុន​ល្បី​ឈ្មោះ​តាំង​ពី​ជំនាន់​ទូរស័ព្ទ​ស/ខ្មៅ នេះ នឹង​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​សាខា មាន​នៅ​ហ្វាំងឡង់ អាមេរិក និង​អង់គ្លេស ដែល​នឹង​រួម​ចំណែក ​ដល់​ការ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​របស់​ក្រុមហ៊ុន​មួយ​ផ្នែក​ធំ។

 

​ប្រធាន​ក្រុមហ៊ុន Nokia Technologies ​លោក Gregory Lee បាន​ថ្លែង​ថា ក្រុមហ៊ុន​មក​ដល់​ចំណុច​នេះ គឺ​កំពុង​បង្វែរ​ការ​ផ្ដោត​ ​និង​វិនិយោគ​ដ៏​ត្រឹមត្រូវ ដើម្បី​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លូតលាស់​ទៅ​មុខ នៅ​ក្នុង​ទីផ្សារ​ផលិតផល​ឌីជីថល​ជំនួយ​ផ្នែក​សុខភាព ហើយ​ក្រុមហ៊ុន​ត្រូវតែ​ប្រើ​យុទ្ធសាស្ត្រ​នេះ (កាត់​បន្ថយ​ចំនួន​បុគ្គលិក ដែល​មិន​សូវ​ឬ មិន​ចាំបាច់)។

 

ផ្នែក VR ​គឺ​នៅ​តែ​ជា​ឧស្សាហកម្ម​កំពុង​លូតលាស់ គ្រាន់តែ​លូតលាស់​មិន​លឿន សម្រាប់ Nokia។ ជំនួស​មក​វិញ​នៃ​ការ​ធ្វើការ​លើ​កាមេរ៉ា VR ​ផលិតផល​ឌីជីថល​សុខភាព ដូច​ជា ឧបករណ៍​វាស់​ចង្វាក់​បេះដូង តាមដាន​សម្ពាធ​ឈាម និង​ឧបករណ៍​ឆ្លាតវៃ​ផ្សេងៗ នឹង​ត្រូវ​ក្រុមហ៊ុន​ផ្ដោត​អភិវឌ្ឍ​ជំនួស។

 

សូម​បញ្ជាក់​ថា Nokia បាន​ទិញ​យក​ក្រុមហ៊ុន Withings ក្នុង​តម្លៃ ២០០ដុល្លារ រយៈពេល ១ឆ្នាំ​កន្លះ​មក​ហើយ ដើម្បី​បោះ​ជំហាន​របស់​ខ្លួន ប្រឡូក​ចូល​ក្នុង​អាជីវកម្ម​ឧបករណ៍​ឌីជីថល​ជួយ​ផ្នែក​សុខភាព។ Withings ​បាន​បង្កើត​ផលិត​ខ្លះៗ ក្រោយ​ត្រូវ​កាន់កាប់​ដោយ Nokia តែ​រាល់​ការ​ប្រើ​ឈ្មោះ​ហៅ ត្រូវ​បាន​ប្ដូរ​មក​ប្រើ​ម៉ាក Nokia វិញ។

 

ក្រៅពី​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ប៉ាតង់ និង​ផលិតផល​ទាក់ទង​នឹង​សុខភាព​ហើយ​នោះ ក្រុមហ៊ុន Nokia នឹង​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា 5G និង​អ៊ីនធឺណិត​ថែមទៀត​ផង​ដែរ៕

 


​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ techspot

មតិយោបល់