បច្ចេកវិទ្យា |

Microsoft ចាប់ដៃ​ជាមួយក្រុមហ៊ុន​អៀរឡង់ GE ​អភិវឌ្ឍ​កសិដ្ឋាន​ទាញ​អគ្គិសនី​ពី​ខ្យល់ Tullahennel រំពឹង​នឹង​អាច​ទាញ​យក​​​ដល់ ៦០០មេហ្គាវ៉ាត

 

ថ្មីៗ​នេះ ក្រុមហ៊ុន Microsoft បាន​ចុះ​កិច្ចព្រមព្រៀង​មួយ ដោយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន General Electric ​ទិញ​យក​ថាមពល​ទាំង​អស់ (៣៧មេហ្គាវ៉ាត់) ដែល​ផលិត​ដោយ​កសិដ្ឋាន​ខ្យល់ Tullahennel ​ក្នុង​តំបន់ County Kerry ​នៃ​ប្រទេស​អៀរឡង់។ កសិដ្ឋាន​ខ្យល់​នៅ​អៀរឡង់ នឹង​ជួយ​ដល់​ការ​បង្កើន​សេវាកម្ម Cloud ​របស់ Microsoft ឱ្យ​ទាន់​តម្រូវការ​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ។

 

នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រយៈពេល ១៥ឆ្នាំ ដែល Microsoft នឹង​ក្លាយ​ជា​ភាគី​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្នុង​ប្រទេស​អៀរឡង់ ក្នុង​ការ​ទាញ​យក​ថាមពល​កកើត​ឡើង​វិញ​ពី​ខ្យល់​នេះ មក​ផ្គត់ផ្គង់​ដល់​អាជីវកម្ម​ផ្នែក Cloud Service របស់​ខ្លួន។ វា​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង Redmond នេះ ដែល​វា​ជា​ផ្នែក​មួយ​នៃ​គម្រោង ដាក់​ប្រភព​ផ្ទុក​ថាមពល រួម​ជាមួយ​តួប៊ីន​ខ្យល់​ដើម្បី​ផ្ដល់​ថាមពល​មាន​ស្ថិរភាព​ទៅ​នឹង​បណ្ដាញ​មេ។ ក្រុមហ៊ុន GE និង Microsoft សម្លឹង​ឃើញ​ថា នេះ​នឹង​ជា ការ​ដាក់​ពង្រាយ​ប្រភព​រក្សា​ទុក​ថាមពល (battery) ​ដំបូង សម្រាប់​តួប៊ីន​ខ្យល់​នៅ​អឺរ៉ុប។

 

​បន្ទាប់​ពី GE ​អាច​សម្រេច​គម្រោង​អភិវឌ្ឍ​កសិដ្ឋាន​ទាញ​ថាមពល​ពី​ខ្យល់​រួច នោះ​អគ្គិសនី​ដែល​ទទួល​បាន នឹង​បំពេញ​តម្រូវការ​ពេញលេញ​ទូទាំង​រដ្ឋ ហើយ Microsoft ​នឹង​ទទួល​បាន​ទិន្នផល ៦០០មេហ្គាវ៉ាត់ ពី​ប្រភព​ថាមពល​កកើត​ឡើង​វិញ​នេះ។ ​ដោយ​ការ​បង្កើត​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន Microsoft ​ហ៊ាន​ធានា​ថា ថ្លៃ​ចំណាយ​លើ​ថាមពល​របស់​ខ្លួន នឹង​ចុះ​ទាប​បំផុត​នៅ​រយៈពេល ១៥ឆ្នាំ​ខាង​មុខ ជាមួយ​នឹង​សក្ដានុពល​សម្រាប់​ការ​កាត់បន្ថយ​តម្លៃ​ប្រើប្រាស់​អគ្គិសនី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕

 

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ techspot

មតិយោបល់