បច្ចេកវិទ្យា | January 10, 2017

Hyundai បង្កើត​បច្ចេកវិទ្យា​​ថ្មី​​ទំនើប Blue Link អាច​បញ្ជា​រថយន្ត​ពី​ចម្ងាយ ដោយ​គ្រាន់តែ​និយាយ​ដាក់ Speaker “Google Home” ក្នុង​ផ្ទះ​សោះ (Video)

 

នៅ​ក្នុង​ពិព័រណ៍​ផលិតផល​បច្ចេកវិទ្យា​ឆ្នាំ២០១៧ នេះ ពិត​ជា​ធ្វើ​ឱ្យ​សាធារណជន​បាន​ភ្លឺ​ភ្នែក​ជាមួយ សមិទ្ធផល​បង្កើត​ថ្មី អម​ដោយ​សមត្ថភាព​ខ្ពស់ ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​អ្នក​ប្រើប្រាស់។ CES 2017 មិន​ត្រឹមតែ​ជា​វេទិកា​បង្អួត​បច្ចេកវិទ្យា​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ តែ​ក្រុមហ៊ុន​រថយន្ត​ក៏​មិន​មើល​រំលង ដោយ​បាន​ចូលរួម​នាំ​យក​អ្វី​ដែល​ថ្មី​មក​បង្ហាញ​សាធារណជន​បាន​ឃើញ​ផង​ដែរ។

 

 

ជាក់ស្ដែង​ ក្រុមហ៊ុន Hyundai បាន​បង្ហាញ​បច្ចេកវិទ្យា​រថយន្ត​ទំនើប ដែល​អាច​បញ្ជា​រថយន្ត​ពី​ចម្ងាយ ដោយ​គ្រាន់តែ​និយាយ​ដាក់​ឧបករណ៍​បំពង​សំឡេង​របស់ Google ក្នុង​ផ្ទះ​ប៉ុណ្ណោះ។ បច្ចេកវិទ្យា​ពិសេស​នេះ ត្រូវ​បាន​ហៅ​ឈ្មោះ​ថា “Blue Link” ហើយ Speaker របស់ Google ដែល​មាន​មុខងារ​ឆ្លើយឆ្លង​សំឡេង​បាន​នោះ ឈ្មោះ​ថា Google Home។ តើ​អ្វី​ជា Blue Link ឱ្យ​ប្រាកដ?

 

នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ក្នុង​ការ​បង្ហាញ​ចេញ​បទពិសោធន៍​ក្នុង​ការ​ត​ភ្ជាប់​ទៅ​រថយន្ត របស់​ Hyundai នោះ​ទេ ព្រោះ​កាលពី​ឆ្នាំ២០១២ ក្រុមហ៊ុន​ក៏​ធ្លាប់​បាន​បង្ហាញ​ចេញ​បច្ចេកវិទ្យា​ស្រដៀង​គ្នា​នេះ​នៅ​លើ​រថយន្ត Sonata ផង​ដែរ។ Blue Link អាច​ឱ្យ​អ្នក​ប្រើ Smartphone ​ធ្វើ​ការ​បញ្ជា​ដូច​ជា បញ្ឆេះ​រថយន្ត ឬ​ចាក់សោ​រថយន្ត​ពី​ចម្ងាយ​បាន ហើយ​ក៏​អាច​បញ្ជា​ឱ្យ​រថយន្ត​បើកបរ​នៅ​ជាយ​ផ្លូវ​ជាមួយ​សេវា roadside assistance និង​ជាច្រើន​ទៀត។

 

 

មុខងារ​នេះ​អាច​ប្រើប្រាស់​ជាមួយ Smartphone, Apple Watch ​និង​នាឡិកា Android Wear ​ដោយ​ផ្អែក​លើ​កម្មវិធី​របស់​ឧបករណ៍​ទាំង​នេះ។ នៅ​ពេល​អ្នក​ប្រើ​នាឡិកា Android Wear ​អ្នក​អាច​បង្កើត​សំឡេង​បញ្ជា (voice commands) ​ដើម្បី​ប្រើ​នូវ​បទពិសោធន៍​ថ្មី​មិន​ប្រើ​ដៃ​បញ្ជា​មុខងារ​រថយន្ត​ដូច​មុន​ទៀត​ទេ។ ឥឡូវ​នេះ Google Home ​ក៏​អាច​ឱ្យ​អ្នក​ធ្វើ​រឿង​ទាំង​អស់​នេះ​បាន​ផង​ដែរ។ ការ​ច្នៃ​មុខងារ Blue Link ប្រើ​តាម Speaker ​របស់ Google Home គឺ​ដោយ​សម្លឹង​ឃើញ​ថា កម្មវិធី​ទូរស័ព្ទ​នៅ​ពុំ​ទាន់​បាន​ប្រើប្រាស់​ទូលំទូលាយ​នៅ​ឡើយ (user-friendly) ​លើ​ពិភពលោក។

 

ការ​បញ្ជា​រថយន្ត​ពី​ចម្ងាយ​តាម Blue Link មាន​ដូច​ជា៖ និយាយ​ពាក្យ “Start my car” ឬ “Lock the doors” កិច្ចការ​ទាំង​នេះ​អ្នក​អាច​ធ្វើ​វា​បាន​មុន។ អ្នក​ថែមទាំង​អាច​កំណត់​សីតុណ្ហភាព​របស់​រថយន្ត និង​ផ្ញើ​អាសយដ្ឋាន ទៅ​កាន់​រថយន្ត​ផ្សេង​ទៀត ដែល​មាន​អេក្រង់ GPS ផង​ដែរ។

 

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ androidpit

មតិយោបល់

អត្ថបទពេញនិយម