បច្ចេកវិទ្យា |

Samsung ក៏​មាន​ Gaming Laptop នឹង​គេ​ដែរ ទើប​សម្ពោធ​នៅ CES 2017 ​ អាច​ដាក់ RAM 64GB និង​មាន VGA ដាច់ GTX 1050

 

ខណៈ​ទីផ្សារ​កុំព្យូទ័រ​ហាក់​មាន​សភាព​កក​រឹង ប្រៀបធៀប​នឹង​ទីផ្សារ​ស្មាតហ្វូន​ដែល​កំពុង​លូតលាស់​នោះ បណ្ដា​ក្រុមហ៊ុន​កុំព្យូទ័រ ក៏​នៅ​តែ​មិន​បោះបង់​ចំណែកទីផ្សារ​របស់​ខ្លួន​ឡើយ ដោយ​ខិតខំ​ផលិត Laptop ស៊េរី​ថ្មីៗ​សមត្ថភាព​រឹតតែ​ខ្ពស់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ នៅ​ក្នុង​ព្រឹត្តិការណ៍ CES ឆ្នាំ២០១៧ ​ដែល​កំពុង​ប្រព្រឹត្តិ​នៅ​ទីក្រុង Las Vegas នៃ​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន Samsung ​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​ម៉ូដែល Odyssey ​អេក្រង់​ទំហំ ១៥អ៊ីញ និង ១៧អ៊ីញ។ អ្វី​ដែល​ពិសេស​នោះ គឺ​ថា ទាំង​ពីរ​ម៉ូដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ Hardware សមត្ថភាព​ខ្ពស់ អាច​ប្រកួតប្រជែង Gaming Laptop បច្ចុប្បន្ន​បាន។

 

 

វា​អាច​ជា Gaming Laptop ដំបូង​របស់​ក្រុមហ៊ុន Samsung ព្រោះ Odyssey នេះ បាន​បំពាក់ RAM ​យ៉ាង​ធំ​រហូត​ដល់ 64GB និង​មាន VGA ដាច់​ប្រភេទ Nvidia GTX 1050។ រូបរាង​ក៏​មិន​ណយ ដោយ​វា​ត្រូវ​បាន​ឌីហ្សាញ​ស្អាត​ទាន់សម័យ មាន​ភ្លើង​ក្រោម Keyboard ជា​ប្រភេទ backlight។ កុំព្យូទ័រ​ថ្មី​នេះ បំពាក់​ដោយ​អង្គ​ប្រតិបត្តិ Core i7 quad-core 45W TDP។ ចំពោះ​ម៉ូដែល Odyssey 17 ​ក៏​អាច​ប្រើ​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ PCIe SSDs ចំនួន​ពីរ​បាន​ផង​ដែរ និង​ប្រភេទ HDD ក៏​បាន។ Laptop នេះ​មាន​ទម្ងន់ ៣,៧៩គីឡូក្រាម។

 

 

Odyssey ​17 មាន​កម្លាំង​ថ្ម 93Wh ​ចំណែក MacBook Pro ស៊េរី​ឆ្នាំ២០១៥ របស់ Apple មាន 99.5Wh ​ហើយ​ទម្ងន់​របស់ MacBook Pro ត្រឹមតែ ២,០៤គីឡូ​ប៉ុណ្ណោះ។ ចំណែក Odyssey 15 មាន​កម្លាំង​ថ្ម​ត្រឹមតែ 43Wh ​និង​ទម្ងន់ ២,‍៥៣គីឡូ។ ថ្វីត្បិត​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ តម្លៃ​ប្រហែល​មិន​ថោក ប៉ុន្តែ​អ្នក​អាច​ក៏​ជ្រើសរើស​ម៉ូដែល​មាន​លក្ខណៈ​សម្បត្តិ​មធ្យម ស្រប​តាម​តម្រូវការ​របស់​អ្នក​បាន។ ជាក់ស្ដែង​ម៉ូដែល Odyssey អេក្រង់ ១៥អ៊ីញ កម្រិត 1080p ​អម​ជាមួយ​ក្រាហ្វិក Nvidia 1050 ​មាន​តម្លៃ​ត្រឹម ៩០០ដុល្លារ​ប៉ុណ្ណោះ៕

 

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ gsmarena

មតិយោបល់