បច្ចេកវិទ្យា | January 06, 2017

Dell ​លេង​ខ្លាំង​នៅ CES ឆ្នាំ​នេះ ដោយ​សម្ពោធ​អេក្រង់ Monitor ទំនើប​ ដំបូង​គេ​​លើ​លោក ប្រើប្រាស់​​បច្ចេកវិទ្យា Ultra HD 8K តម្លៃ $៥០០០

 

ស្រប​ពេល​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​កំពុង​បង្អួត​សមិទ្ធផល​ទូរស័ព្ទ​ស្មាតហ្វូន​ស៊េរី​ថ្មីៗ ទំនើបៗ​នោះ ចំណែក Dell ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​លើ​ផលិតផល​កុំព្យូទ័រ​ក៏​មិន​បង្អង់​យូរ ដោយ​តាំង​បង្ហាញ​អេក្រង់​ម៉ូនីទ័រ​ស៊េរី​ថ្មី​បច្ចេកវិទ្យា​ទំនើប។ លក្ខណៈ​ពិសេស​នៅ​លើ Monitor ថ្មី​របស់​ក្រុមហ៊ុន​អាមេរិក​នេះ គឺ​វា​បាន​បំពាក់​បច្ចេកវិទ្យា Ultra HD 8K ដែល​ត្រូវ​ហៅ​ឈ្មោះ​ថា Dell UltraSharp 32។

 

 

UltraSharp 32 មាន​កម្រិត resolution ខ្ពស់​កប់​រហូត​ដល់ 7680x4320px ​ពោល​ជា​បច្ចេកវិទ្យា 8K ​តែម្ដង ដែល​បច្ចុប្បន្ន​មិន​ទាន់​មាន​ច្រើន​នៅ​លើ​អេក្រង់​កុំព្យូទ័រ​នៅ​ឡើយ។ វា​ផ្ដល់​រូបភាព​ច្បាស់​ម៉ត់ ​ជាមួយ​អត្រា ២៨០ភិចហ្សែល​ក្នុង១អ៊ីញ។ ក្រុមហ៊ុន​លើកឡើង​ថា៖ Dell UltraSharp 32 Ultra HD 8K Monitor គឺ​ជា​អេក្រង់ ៣២អ៊ីញ resolution 8K ​ដំបូង​បំផុត​លើ​ពិភពលោក។ វា​ផ្ទុក​នូវ color រហូត​ដល់ ១ពាន់​លាន​ពណ៌ ​មាន resolution 33.2M pixel, 100% Adobe RGB និង sRGB color gamut និង unprecedented 280ppi ដែល​ខ្ពស់​ជាង Ultra HD 4K ចំនួន ៤ដង។

 

 

អេក្រង់​ទំនើប Dell UltraSharp 32 Ultra HD 8K Monitor នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ខែ​មីនា​ខាង​មុខ ជាមួយ​តម្លៃ ៤៩៩៩ដុល្លារ​អាមេរិក៕

 

ប្រែ​សម្រួល៖‍ ឈុន ហួរ
ប្រភព៖ Dell

មតិយោបល់

អត្ថបទពេញនិយម