បច្ចេកវិទ្យា | January 06, 2017

ZTE ចេញ​មួយ​ស៊េរី​ធ្វើ​ផ្អើល​គេ​ឯង​ជាមួយ ស្មាតហ្វូន​ទំនើប​ Blade V8 ភ្ជាប់​​កាមេរ៉ា​ភ្លោះ ថត​រូប 3D និង​អាច​ផ្ទៃ Background ព្រាល​បាន​ដូច​កាមេរ៉ា​អាជីព!

 

សង្កេត​ឃើញ​រយៈពេល​ចុងក្រោយ​នេះ ​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ស្មាតហ្វូន ពិត​ជា​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ល្បីៗ​លើ​លោក​នាំគ្នា អភិវឌ្ឍ និង​បំពាក់​សុទ្ធតែ​កាមេរ៉ា​ភ្លោះ ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​ថត​រូប​មាន​គុណភាព​រឹតតែ​ខ្ពស់។ បន្ទាប់​ពី ស្មាតហ្វូន Huawei P9 ត្រូវ​បាន​បង្ហាញ​មុខ​លើ​ទីផ្សារ​រួច​មក ឃើញ​ថា អតិថិជន​មាន​ការ​ចាប់អារម្មណ៍ និង​ពេញចិត្ត​ទៅ​លើ​សមត្ថភាព​ថត​រូប​ដ៏ច្បាស់​របស់​វា ព្រោះ​ជា​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ក្រុមហ៊ុន Leica។ ចំណែក ZTE ថ្ងៃ​នេះ ក៏​បាន​បង្ហាញ​ទូរស័ព្ទ​កាមេរ៉ា​ភ្លោះ​របស់​ខ្លួន​ផង​ដែរ មាន​ម៉ូដែល Blade V8។

 

 

ZTE Blade V8 ​មាន​កាមេរ៉ា​មុខ​ទំហំ 13MP ​ដែល​អាច​ថត​រូប selfie បាន​ច្បាស់​ស្អាត និង​មាន​កាមេរ៉ា​ក្រោយ​ជា​ប្រភេទ​កាមេរ៉ា​ភ្លោះ dual-camera ​ទំហំ 13MP ​មួយ និង​មួយ​ទៀត​ទំហំ 2MP។ កាមេរ៉ា​ក្រោយ​របស់​វា អាច​ថត​រូប​ក្រោម effect ​ផ្សេងៗ​គ្នា រួម​ទាំង​ការ​ថត​ឱ្យ​ផ្ទៃ background ព្រាល​ស្រដៀង​កាមេរ៉ា​អាជីព។ អ្វី​ដែល​ពិសេស​ជាង​ទូរស័ព្ទ​កាមេរ៉ា​ភ្លោះ​មួយ​ចំនួន​នោះ គឺ​នៅ​លើ​សមត្ថភាព​ដែល​អាច​ថត​រូប 3D បាន។

 

 

ZTE Blade V8 ​គឺ​ជា​ស្មាតហ្វូន​ធុន​មធ្យម បំពាក់​អង្គ​ប្រតិបត្តិ​ត្រឹមតែ Snapdragon 435 ​ប៉ុណ្ណោះ ​ប៉ុន្តែ​វា​បាន​ភ្ជាប់​នូវ​កាមេរ៉ា​ទំនើប​ចំនួន​ពីរ​នៅ​ខាង​ក្រោយ។ វា​មាន​អេក្រង់​ទំហំ ៥,២អ៊ីញ​កម្រិត Full HD ​ថ្ម 2730mAh ​មុខងារ​ស្កេន​ក្រយៅដៃ និង​គាំទ្រ​បណ្ដាញ LTE។ ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន ចិន​នេះ មាន​ជម្រើស​អង្គ​ចងចាំ​ពីរ​ទំហំ​ផ្សេង​គ្នា គឺ មេម៉ូរី 16GB ​ជាមួយ RAM 2GB និង មេម៉ូរី 32GB ជាមួយ RAM 3GB។

 

Blade V8 ​មាន​តួ​ផលិត​ពី​លោហធាតុ ​ហើយ​វា​មាន​កម្រាស់ ៧,៧មីល្លីម៉ែត្រ។ ស្មាតហ្វូន​ទំនើប​នេះ នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​រុស្ស៊ី និង​ជប៉ុន​នៅ​អំឡុង​ខែ​កុម្ភៈ​ខាង​មុខ ហើយ​នឹង​បន្ត​ចេញ​លក់​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា អាល្លឺម៉ង់ អេស្ប៉ាញ និង​ចិន នៅ​អំឡុង​ខែ​មីនា ឆ្នាំ២០១៧៕

 

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ phonearena

មតិយោបល់

អត្ថបទពេញនិយម