បច្ចេកវិទ្យា | January 05, 2017

កំពូល​ស្មាតហ្វូន Galaxy S8 ធ្លាយ​ចេញ​រូបថត​លើក​ដំបូង រំពឹង​នឹង​មាន RAM 8GB កាមេរ៉ា​ភ្លោះ បង្ហាញ​ខ្លួន​នៅ MWC 2017 ខែ​ក្រោយ

 

នេះ​ជា​រូបថត​ដំបូង​ហើយ ដែល​ត្រូវ​បាន​ចុះផ្សាយ​ជាមួយ​ការ​សង្ស័យ​ថា ជា​កំពូល​ស្មាតហ្វូន Galaxy S8 ​របស់​ក្រុមហ៊ុន Samsung។ រូបថត​បែកធ្លាយ​ខាង​លើ បាន​អង្រួន​ចិត្ត​អ្នក​ប្រើ មាន​ការ​ចាប់អារម្មណ៍​ជាមួយ​រូបរាង​ថ្មី​ប្លែក​របស់​វា ដោយ​មាន​អេក្រង់​កោង និង​គ្មាន​ប៊ូតុង Home ពោល​គឺ​ផ្ទៃ​មុខ​ស្ទើរ​តែ​ក្រាល​ដោយ​កញ្ចក់​អេក្រង់​អស់​ទៅ​ហើយ ទុក​តែ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម​ត្រឹម​អាច​សរសេរ​ម៉ាក Samsung បាន​ប៉ុណ្ណោះ។ បើ​មាន​រូបរាង​បែបនេះ​មែន ចុះ​តើ Fingerprint នឹង​ស្ថិត​នៅ​ត្រង់​ណា​វិញ?

 

 

តាម​សេចក្ដី​រាយការណ៍​កន្លង​មក ធ្លាប់​អះអាង​ថា ដោយសារ​បច្ចេកវិទ្យា​អេក្រង់​កាន់តែ​មាន​ភាព​ទំនើប និង​ជឿនលឿន គេ​មាន​បច្ចេកវិទ្យា​ថ្មី​អាច​ក្រាល​ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ក្រោម​ផ្ទៃ​អេក្រង់​ស៊េរី​ក្រោយ​បាន។ ដូច្នេះ​វា​អាច​ទៅ​រួច​ដែល Galaxy S8 អាច​មាន​បច្ចេកវិទ្យា​បែបនេះ។

 

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា Galaxy S8 ​កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ Samsung នឹង​បំពាក់​ដោយ RAM យ៉ាង​ធំ​រហូត​ដល់ 8GB។ នេះ​បើ​តាម​ការ​បង្ហោះ​ឱ្យ​ដឹង​ពី​គណនី​បណ្ដាញ​សង្គម​ចិន Weibo កាលពី​ពេល​ថ្មីៗ។ ទន្ទឹម​នោះ​ដែរ ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន Samsung នឹង​ផលិត​ប្រើ​បន្ទះ​ឈីប​ថ្មី​របស់​ប្រវែង 10nm។

 

គេ​រំពឹង​ថា Galaxy S8 នឹង​បង្ហាញ​ខ្លួន​អំឡុង​សមាជ​ទូរស័ព្ទ​ពិភពលោក អំឡុង​ខែ​កុម្ភៈ​ខាង​មុខ។ របាយការណ៍​កន្លង​ទៅ​ធ្លាប់​លើកឡើង​ថា Samsung កំពុងពិចារណា​ចាប់យក​ដៃគូ​សហការ​ថ្មី ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ថ្ម​ទូរស័ព្ទ​ឱ្យ​ខ្លួន បន្ទាប់​ពី​ស៊យ​ធំ​កន្លង​មក ទៅ​លើ​បញ្ហា​ថ្ម​នៅ​លើ Note 7។ ដូច្នេះ Galaxy S8 ​គឺ​ប្រាកដ​ជា​ត្រូវ​ក្រុមហ៊ុន​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង មិន​ឱ្យ​ករណី​នេះ​កើតឡើង​ទៀត​ជា​ដាច់​ខាត។

 

Galaxy ស៊េរី​ក្រោយ គឺ S8 នឹង​បង្ហាញ​ខ្លួន​អម​ជាមួយ​មុខងារ​ថ្មីៗ​ជាច្រើន ក៏​ដូច​ជា​ការ​អភិវឌ្ឍ​រឹតតែ​មាន​សមត្ថភាព​លើ​ផ្នែក Hardware។ គេ​រំពឹង​ទៀត​ថា Galaxy S8 នឹង​បំពាក់​កាមេរ៉ា​ភ្លោះនៅ​ខាង​ក្រោយ ហើយ​មាន​មុខងារ​ស្កេន​ប្រស្រីភ្នែក​ដូច​ជា Note 7 ដែរ។

 

ទូរស័ព្ទ Galaxy S ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​គេ​រំពឹង​ទៀត​ថា នឹង​បំពាក់​ដោយ​ឈីប​អង្គ​ផ្ទុក​ទិន្នន័យ​ជំនាន់​ថ្មី​ប្រភេទ UFS 2.1។ Galaxy S8 ​ដែល​កំពុង​មាន​ពាក្យ​ចចាមអារ៉ាម​នេះ ត្រូវ​គេ​អះអាង​ថា នឹង​មាន​បែងចែក​ជា ២ម៉ូដែល ដូច S7/S7 Plus ដែរ។ Galaxy S8 ​នឹង​មាន​ជម្រើស RAM ពីរ​ទំហំ​គឺ 6GB និង 8GB ហើយ​ទាំង​ពីរ​ម៉ូដែល​នឹង​មាន​ទំហំ​មេម៉ូរី 256GB។ មាន​ចចាមអារ៉ាម​ថា ម៉ូដែល Galaxy S8 Plus នឹង​មាន​ទំហំ​អេក្រង់ ៦អ៊ីញ ហើយ​ភ្ជាប់​ដោយ​កាមេរ៉ា​ភ្លោះ (dual-camera) នៅ​ផ្នែក​ខាង​ក្រោយ។



ចំណែក​ម៉ូដែល Galaxy S8 នឹង​បំពាក់​ដោយ​អេក្រង់ ៥,១អ៊ីញ អម​ជាមួយ​ឈីប Exynos 8895 នឹង​ចែកចាយ​លើ​ទីផ្សារ​ពិភពលោក លើកលែង​ថា នៅ​ទីផ្សារ​អាមេរិក និង​ចិន ដែល S8 នឹង​បំពាក់​ឈីប Snapdragon 835 ជំនាន់​ចុងក្រោយ​របស់ Qualcomm។ S8 ទាំងពីរ​ម៉ូដែល​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0។ អ្វី​ដែល​ថ្មី គឺ​ទៅ​លើ​ផ្ទាំង UI ដែល Samsung អាច​នឹង​បំពាក់​មុខងារ AI ថ្មី​អាច​ហៅ​ឈ្មោះ​ថា Bixby (បុរស) និង Kestra (នារី) ដើម្បី​ផ្ដល់​បទពិសោធន៍​រឹតតែ​ល្អ​បន្ថែម​ពី​លើ Google Assistant៕

 

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ gsmarena

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));