បច្ចេកវិទ្យា | January 03, 2017

AirPods មាន​សញ្ញាណ​ជោគជ័យ Apple កំពុង​​ពន្លឿន​ចង្វាក់​ផលិតកម្ម​ ធ្វើការ​លើស​ម៉ោង​ដើម្បី​​បំពេញ​តម្រូវ​ការ​​អតិថិជន​ឱ្យ​បាន​ឆាប់

 

កាស​ឥត​ខ្សែ AirPods របស់ Apple ចេញ​លក់​មិន​បាន​យូរ​ប៉ុន្មាន ចំណែក​របាយការណ៍​ថ្មី​នេះ ត្រូវ​គេ​អះអាង​ថា ក្រុមហ៊ុន​នឹង​បង្កើន​ចំនួន​ផលិត​ថែមទៀត ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ។ នេះ​ជា​សញ្ញាណ​ជោគជ័យ​មួយ​របស់​ក្រុមហ៊ុន​អាមេរិក​នេះ ដែល​ទើប​ហក់​ចូល​ទីផ្សារ​កាស Bluetooth លើក​ដំបូង​បន្ទាប់​ពី​បាន​ទិញ​យក​ក្រុមហ៊ុន Beats Electronic កាល​ពី​ឆ្នាំ២០១៤។

 

កាស AirPods មាន​ការ​យឺតយ៉ាវ ដោយ​កន្លង​ទៅ​ក្រុមហ៊ុន​ធ្លាប់​ជួប​បញ្ហា​លើ​ចង្វាក់​ផលិតកម្ម ក៏​បាន​ពន្យារពេល​ចេញ​លក់​អស់ ២ខែ។ វា​ហាក់​ដូច​ជា ការ​ទន្ទឹង​រង់ចាំ​ពី​អតិថិជន មាន​ភាព​ក្ដៅ​គគុក ដោយ​គ្រាន់តែ​ក្រុមហ៊ុន​ដាក់​លក់​ភ្លាម តម្រូវការ​ក៏​មាន​ខ្ពស់។ តម្រូវការ អាច​មក​ពី iPhone ជំនាន់​ថ្មី​ដែល​ជា iPhone 7 និង 7 Plus ត្រូវ​បាន​ដក​រន្ធ​កាស 3.5mm ចេញ ដូច្នេះ​គេ​អាច​ងាក​មក​ចាប់អារម្មណ៍ ទទួល​យក​បទពិសោធន៍​ថ្មី​ជាមួយ​កាស​ឥត​ប្រែ​ខ្សែ​នេះ​ម្ដង។

 

 

រាល់​ការ​កុម្ម៉ង់ AirPods គឺ​ត្រូវ​រង់ចាំ​រយៈពេល ៦សប្ដាហ៍​ទើប ទទួល​បាន​កាស​នេះ​យក​ទៅ​ប្រើ​បាន។ ប៉ុន្តែ​តាម​សេចក្ដី​រាយការណ៍​ចិន​មួយ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ជា​ដៃគូ​ផ្គត់ផ្គង់​ការ​ផលិត​កាស​ទំនើប​នេះ Inventec កំពុង​ធ្វើការ​បន្ថែម​ម៉ោង​​យ៉ាង​សស្រាក់សស្រាំ​នៅ​រោងចក្រ​ក្នុង​ទីក្រុង​សៀងហៃ ដើម្បី​ពន្លឿន​ផលិតកម្ម។ ប្រសិន​របាយការណ៍​នេះ​ពិត​មែន នោះ​គេ​រំពឹង​ថា អតិថិជន​ក៏​នឹង​ឆាប់​បាន AirPods ទៅ​ប្រើ​ក្នុង​ពេល​ឆាប់ៗ​ដែរ។ កាស Apple AirPods មាន​តម្លៃ​ ១៥៩ដុល្លារ​ដែល​អ្នក​អាច​បញ្ជា​ទិញ​ពី​វែបសាយ Online Store របស់ Apple ផ្ទាល់៕

 

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ idownloadblog

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));