ជីវិត |

កំពូល​អ្នកមាន​ ​ដែល​ធ្លាប់​ក្រ

ការធំដឹងក្តីឡើងនៅក្នុងស្ថានភាពក្រីក្រ​ មិនមែនជាមូលហេតុ ដែលនាំឱ្យមនុស្សមិនអាច រកផ្លូវជោគជ័យឃើញ ក្នុងជីវិតនោះទេ។ តាមពិតទៅ អ្នកមានទ្រព្យសម្បត្តិច្រើន ក្នុងពិភពលោកសព្វថ្ងៃនេះ ក៏ធ្លាប់ឆ្លងកាត់ជីវិត ជាអ្នកក្រដែរ។

១/ Howard Schultz

 

 

អគ្គនាយកនិងជាអតីត CEO ក្រុមហ៊ុន Starbucks

ពេលធំដឹងក្តីឡើង លោក Schultz ត្រូវសន្សំលុយបន្តិចបន្តួច ដើម្បីទិញកាហ្វេផឹកបានម្តងៗ។ លោក Schultz មានឪពុកជាអ្នកបើក រថយន្តដឹកទំនិញ និងម្តាយនៅធ្វើការក្នុងផ្ទះ ហើយលោកបានហៅស្ថានភាពគ្រួសាររបស់លោក នៅពេលនោះថាក្រីក្រខ្លាំងណាស់។ លោកធ្លាប់រំឭកប្រាប់ បណ្តាញផ្សព្វផ្សាយថា “ខ្ញុំដឹងថាមានមនុស្ស ដែលមានធនធានច្រើន មានលុយច្រើន និងមានគ្រួសារដែលមានសុភមង្គលច្រើន។

 

ខ្ញុំបានប្រាថ្នាចង់ងើបឱ្យផុតពីស្ថានភាព ដែលមនុស្សជុំវិញខ្លួនគិតថា មិនអាចទៅរួច”។ ពេលនេះបេសកកម្មរបស់លោក Schultz បានសម្រេចហើយ ពីព្រោះលោកគឺជាមនុស្សទីមួយ ក្នុងគ្រួសារដែលបានរៀនដល់មហាវិទ្យាល័យ និងបានចូលបម្រើការ ក្នុងក្រុមលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហើយទីបំផុតបានទិញហាងកាហ្វេតូចមួយ ដែលប្រែក្លាយទៅជាក្រុមហ៊ុន Starbucks ដូចសព្វថ្ងៃនេះ។

 

២/ Ursula Burns

 

 

ប្រធាននិងជាអតីតCEO ក្រុមហ៊ុនXerox

នៅពេលដែលលោកស្រី Burns ក្លាយជាប្រធាននិងជា CEO ក្រុមហ៊ុន Xerox ក្នុងឆ្នាំ២០០៩ លោកស្រីគឺជាមនុស្សស្រី ស្បែកខ្មៅទីមួយ នៅក្នុងចំណោមប្រធានក្រុមហ៊ុនធំបំផុត ទាំង៥០០របស់សហរដ្ឋអាមេរិក។ ប៉ុន្តែបើគេក្រឡេកមើល ទៅអតីតកាលរបស់លោកស្រី Burns គេនឹងកាន់តែភ្ញាក់ផ្អើលថែមទៀត។ លោកស្រីមានអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន កាលពីនៅក្មេងគឺ “មនុស្សជាច្រើនប្រាប់ថា ខ្ញុំមានសំណាងអាក្រក់បី ខ្ញុំជាមនុស្សស្បែកខ្មៅ ខ្ញុំជាមនុស្សស្រី ខ្ញុំជាអ្នកក្រ”។

 

ម្តាយរបស់លោកស្រី ធ្វើការបានប្រាក់ខែបន្តិចបន្តួច ចិញ្ចឹមកូនបី តែម្នាក់ឯង។ ប៉ុន្តែលោកស្រី Burns បានតាំងចិត្តរៀនយកជំនាញ ខាងវិស្វកម្មមុនពេលចូលហាត់ការ នៅក្នុងក្រុមហ៊ុន Xerox។ សព្វថ្ងៃសមាជិកក្រុមប្រឹក្សាភិបាលថ្មី របស់ក្រុមហ៊ុន Uber មានលុយច្រើនជាងចំនួនលុយ ដែលម្តាយរបស់លោកស្រី អាចនឹកស្រមៃឃើញទៅទៀត។

 

៣/ JK Rowling

 

 

អ្នកនិពន្ធសៀវភៅរឿង“Harry Potter”

លោកស្រីRowling មិនមែនជាមនុស្ស ដែលធំដឹងក្តីឡើង ក្នុងគ្រួសារអ្នកក្រទេ ប៉ុន្តែលោកស្រីបានក្លាយជាអ្នកក្រ នៅក្នុងចន្លោះវ័យ២០ឆ្នាំ និងក្លាយជាម្តាយដែលចិញ្ចឹមកូន តែម្នាក់ឯង។ នៅក្នុងឆ្នាំ១៩៩៣ លោកស្រី Rowling ដែលបង្រៀនភាសាអង់គ្លេស នៅក្នុងប្រទេសព័រទុយហ្គាល់ បានគេចចេញពីជីវិត អាពាហ៍ពិពាហ៍ ដែលគ្មានសុភមង្គល ទៅរស់នៅក្នុងប្រទេសស្កត់ឡង់ ជាមួយនឹងកូនតូច។

 

ពេលរស់នៅក្នុងបន្ទប់ជួលតូចចង្អៀត និងគ្មានការងារធ្វើថែមទៀត លោកស្រីបានធ្លាក់ចុះ ក្នុងសភាពធុញថប់ស្ទើរតែឈាន ដល់ដំណាក់កាលធ្វើអត្តឃាត។ លោកស្រីរំឭកថា “ខ្ញុំនៅចាំបានថាមានពេលខ្លះ ខ្ញុំមិនបានទទួលទានអាហារទេ ដើម្បីទុកវាឱ្យកូនស្រីខ្ញុំ។ មានពេលខ្លះខ្ញុំគ្មានលុយទាល់តែសោះ”។ ប៉ុន្តែគឺនៅក្នុងស្ថានភាពបែបនេះហើយ ដែលលោកស្រីបានសរសេររឿង “Harry Potter”។

 

៤/ Robert Herjavec

 

 

វិនិយោគិន និងជាCEO ក្រុមហ៊ុន Herjavec Group

ពេលអាយុ៨ឆ្នាំ លោក Herjavec បានប្តូរលំនៅជាមួយ​ នឹងគ្រួសារចេញពីប្រទេសក្រូអាត ទៅរស់នៅក្នុងប្រទេសកាណាដា ដើម្បីគេចចេញពីរបបកុម្មុយនិស្ត។ ទ្រព្យសម្បត្តិសម្រាប់គ្រួសារលោកនោះ ពេលនោះគឺកាតាបមួយនិងលុយ២០ដុល្លារ។ បន្ទាប់មកឪពុកលោករកការងារធ្វើ ក្នុងរោងចក្រដោយទទួលបានប្រាក់ ចំណូល៧៦ដុល្លារ ក្នុងមួយសប្តាហ៍។ ដើម្បីជួយគ្រួសារ លោកបានដើរបោះកាសែតតាមផ្ទះ និងធ្វើការរត់តុ មុនពេលទទួលបានការងារមួយ នៅក្នុងវិស័យបច្ចេកវិទ្យា ដោយសន្យាថានឹងធ្វើការមិនយកលុយ។ តាមរយៈបទពិសោធន៍នោះ លោក Herjavec បានបង្កើតក្រុមហ៊ុន បច្ចេកវិទ្យាពត៌មានមួយ ហើយក្រោយមកលក់ ឱ្យក្រុមហ៊ុន AT&T Canada ក្នុងតម្លៃជាង៣០លានដុល្លារ។

 

៥/ George Clooney

 

 

តារាភាពយន្ត និងជាអ្នកធ្វើការ ផ្នែកមនុស្សធម៌

បើទោះជាគេច្រើន​ តែឃើញរូបថតលោក George Clooney រស់នៅក្នុងភាពហឺហា និងបង្ហាញវត្តមានក្នុងភាពយន្ត Hollywood ល្បីៗ ក៏លោកមិនមែនជាអ្នក មានពីកំណើតនោះទេ។

 

លោក George Clooney ធ្លាប់ប្រាប់កាសែត The Daily Beast ថា “ខ្ញុំដើរលក់ការធានារ៉ាប់រងតាមផ្ទះ ខ្ញុំដើរលក់ស្បែកជើងស្រីៗ ខ្ញុំធ្វើការនៅក្នុងហាងលក់ស្រាពេលយប់ ខ្ញុំទិញអាវដែលធំ និងវែងជាងខ្លួនដើម្បីកាត់យកកំណាត់ ដែលលើសធ្វើជាក្រវាត់កពាក់ទៅសម្ភាសន៍ការងារ”។

 

សព្វថ្ងៃលោក George Clooney មានទ្រព្យសម្បត្តិយ៉ាងច្រើន និងឆ្លៀតពេលពីការសម្តែង ទៅធ្វើការមនុស្សធម៌ ជួយផ្នែកសិទ្ធិមនុស្ស និងរំដោះភាពក្រីក្រ។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Grow.acorns

មតិយោបល់