ជីវិត |

សួរ​ខ្លួន​ឯង​៤​សំណួរ ​ដើម្បី​ដឹងថា​អ្នក​ពិតជា​ ចង់បាន​អ្វី​ពី​ជីវិត​នេះ

ក្នុងពេលថ្មីៗនេះមហាសេដ្ឋី Warren Buffett បាននិយាយថា “អាថ៌កំបាំងនៃភាពយូរអង្វែង ក្នុងការងារគឺត្រូវស្វែងរកឱ្យឃើញថា អ្នកចូលចិត្តធ្វើអ្វីជាងគេ គឺជាការងារដែលអ្នកនឹងធ្វើ ប្រសិនបើអ្នកមិនត្រូវការលុយ”។ 

 

 

ទិន្នន័យជាក់ស្តែងបង្ហាញថា មនុស្សក្នុងវ័យធ្វើការពិបាកអនុវត្ត តាមដំបូន្មានរបស់លោក Buffett ណាស់។ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Gallup ក្នុងឆ្នាំ២០១៦ មានមនុស្សត្រឹមតែ ២៩%ទេ ដែលពេញចិត្តនឹងការងារ ចំណែកមនុស្ស ៧១%ទៀត មិនមានគោលដៅច្បាស់លាស់ ក្នុងការងារទេ។

 

នៅក្នុងសៀវភៅថ្មី "Things Are What You Make of Them" ដែលត្រៀមនឹងបោះពុម្ពផ្សាយ អ្នកនិពន្ធ Adam J. Kurtz ចែករំលែកអត្ថបទ លើកទឹកចិត្ត និងគន្លឹះសម្រាប់មនុស្ស ដែលស្វែងរកការពេញចិត្ត ក្នុងការងារដោយប្រើប្រាស់ សំណួរចំនួន៤ ដើម្បីរំឭកខ្លួនឯង៖

 

១/ តើអ្នកជានរណា?

ការទ្រាំបន្លំខ្លួនធ្វើការងារ ដែលអ្នកមិនចូលចិត្ត ប្រហែលជាមិនពិបាក ខ្លាំងប៉ុន្មានទេ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា សម្ពាធផ្លូវចិត្តនិងអារម្មណ៍ធុនទ្រាន់ អាចនឹងធ្វើឱ្យប៉ះពាល់ ដល់ផ្លូវចិត្តនិងសុខភាពផ្លូវកាយ របស់អ្នកបាន។ លោកKurtz ពន្យល់ថា មុនពេលអ្នកអាចបង្កើត និងចែករំលែកការងារ ដោយស្មោះត្រង់ជាមួយ នឹងពិភពលោកនេះ អ្នកត្រូវដឹងដោយខ្លួនឯង ជាមុនសិនថា តើការងារនោះ កើតចេញពីត្រង់ណាមក។

 

អ្នកអាចនឹងនៅតែបន្លំខ្លួន ធ្វើរវល់រាល់ថ្ងៃ ឬអាចនឹងសម្លឹងរកមើល ក្នុងខ្លួនអ្នក។ មនុស្សភាគច្រើន ព្យាយាមធ្វើខ្លួនឱ្យរវល់ នឹងការងារដើម្បីរំខានខ្លួនគេ ពីការគិតដល់រឿងសំខាន់ នៅក្នុងជីវិត។

 

២/ តើអ្វីជាសច្ចភាពរបស់អ្នក?

ក្នុងពេលដែលលោក Kurtz ជំរុញ ឱ្យអ្នកស្វែងរកឱ្យឃើញថា ខ្លួនអ្នកជានរណា និងអ្នកឱ្យតម្លៃលើអ្វីពិតប្រាកដ លោកក៏និយាយដែរថា រឿងសំខាន់ដូចគ្នា គឺត្រូវទទួលយកអ្វីៗទាំងអស់នោះ ជាការពិត និងមានតម្លៃ គួរដល់ការនិយាយ។ ជាទូទៅយើងដឹងថា អ្វីជាសច្ចភាពរបស់យើង ប៉ុន្តែយើងមិនចង់ទទួលយកវាទេ។

 

ការបដិសេធសច្ចភាពរបស់អ្នក អាចនឹងកើតចេញពីពេល ដែលមាននរណាម្នាក់ បដិសេធអ្នក ឬធ្វើឱ្យអ្នកមានអារម្មណ៍ខ្មាសអៀន ឬក៏ខ្លាចចំពោះគំនិតរបស់អ្នក។ អ្វីដែលសំខាន់ ចំពោះការរីកចម្រើនរបស់អ្នក គឺការទទួលយកបទពិសោធន៍ ដែលអ្នកជួបប្រទះ ថាជាការពិត។ នេះជារបៀបស្គាល់ខ្លួនឯង និងរៀននិយាយ ចេញពីភាពស្មោះត្រង់ ពីព្រោះថាបើទោះជាការងាររបស់អ្នក មិនពាក់ព័ន្ធនឹងអារម្មណ៍ ក៏ការងារទាំងអស់ តម្រូវឱ្យមានការបង្ហាញ ភាពស្មោះត្រង់ដែរ។

 

៣/ តើអ្នកចង់ក្លាយជាអ្វី?

លោក Kurtz ចង្អុលបង្ហាញថា ដំណើររបស់មនុស្សពីរនាក់ មិនអាចដូចគ្នាទាំងស្រុងបានទេ។ មនុស្សខ្លះចូលចិត្តអានសៀវភៅ មនុស្សខ្លះចូលចិត្ត មើលការបង្រៀនជាក់ស្តែង ពីអ្នកដទៃ មនុស្សខ្លះចូលចិត្ត ស្តាប់ការពន្យល់ និងមនុស្សខ្លះទៀត ចូលចិត្តពិសោធន៍ដោយខ្លួនឯង។ ទោះជាអ្នកមានរបៀបរៀនសូត្រ បែបណាក៏ដោយ ក៏លោក Kurtz ណែនាំឱ្យគិតថា តើអ្នកចង់ក្លាយខ្លួនទៅជានរណា? ការគិតអំពីបំណងបែបនេះ ជារឿងសំខាន់ដោយសារទង្វើបែបនេះ ជាការកំណត់បំណងច្បាស់លាស់ និងក្នុងពេលជាមួយគ្នា អ្នកក៏គិតរកមធ្យោបាយ បោះជំហានទៅរកគោលដៅនោះដែរ។

 

៤/ តើអ្វីជាយីហោរបស់អ្នក?

ទោះបីជាបច្ចេកវិទ្យា បានជួយឱ្យមនុស្សបង្កើតស្នាដៃបានច្រើន ដោយប្រើប្រាស់ធនធានតិចក៏ដោយ ក៏លោក Kurtz និយាយថា ពេលខ្លះអ្នកត្រូវសាកល្បងជាមុន  និងបារម្ភជាខាងក្រោយ។

 

ការបង្កើតយីហោមុនពេល ដែលអ្នកស្គាល់អត្តសញ្ញាណខ្លួនឯង ជារឿងដែលគ្មានន័យទេ។ អ្នកប្រហែលជាព្រមបត់បែន ទៅតាមចរន្តសង្គម ប៉ុន្តែសច្ចភាពនៅខាងក្នុងខ្លួនអ្នក ប្រាប់ថាវាមិនមែនជាអ្វី ដែលអ្នកចង់បានពិតប្រាកដទេ ហើយការរស់នៅបែបនេះ គឺជាការធ្វើទារុណកម្មលើខ្លួនឯង យ៉ាងពិតប្រាកដ។ នេះក៏ជាមូលហេតុមួយ ដែលមនុស្សមានទ្រព្យសម្បត្តិ មានអ្វីៗស្ទើរតែគ្រប់យ៉ាង ក្នុងជីវិតហើយ ប៉ុន្តែនៅតែគ្មានសុភមង្គល។

 

ប្រែសម្រួល៖ វេហា

ប្រភព​៖ CNBC

មតិយោបល់