ជីវិត | January 09, 2017

វិធី៥យ៉ាងដើម្បីបន្ធូរអារម្មណ៍តានតឹងក្នុងរយៈពេល៥នាទី

ប្រសិនបើអ្នកមួម៉ៅនឹងអ្នកណាម្នាក់ ដោយគ្រាន់តែគេសួរសំនួរធម្មតាៗ នោះជាសញ្ញាបង្ហាញថា អ្នកកំពុងមានអារម្មណ៍មិនល្អហើយ ហើយវានឹងបំផ្លាញថ្ងៃដ៏ស្រស់ស្អាតរបស់អ្នក និងអ្នកនៅជុំវិញខ្លួនអ្នកផងដែរ។ អ្នកប្រាកដជាមិនចង់អោយបរិយាកាសប្រែក្លាយទៅជាអាប់អួរដោយសារមុខក្រញូវរបស់អ្នកទេ មែនទេ? អ្នកជំនាញផ្នែកចិត្តសាស្ត្រប្រាប់ថា មានវិធីសាមញ្ញៗជាច្រើន ដែលអ្នកអាចធ្វើបាន និងចំណាយពេលមិនដល់៥នាទីផង ដើម្បីជួយសម្រួលអារម្មណ៍របស់ អ្នកអោយល្អប្រសើរឡើងវិញ។ តោះ​ សាកល្បងវិធីសាស្ត្រទាំង៥ខាងក្រោមនេះមើល៍!

 

 

១. ការម៉ាស្សា

មានដឹងអត់​ ការម៉ាស្សាជាវិធីសាស្ត្រមួយដ៏ល្អ ក្នុងការបន្ធូរអារម្មណ៍តានតឹងរបស់អ្នក។ តែអ្នកមិន ចាំបាច់ទៅដល់ហាងម៉ាស្សានោះទេ ហើយអ្នកក៏មិនចាំបាច់ចំណាយប្រាក់កាក់ដែរ។ ការម៉ាស្សានេះ គឺសំដៅទៅលើការម៉ាស្សាឈ្លីថ្មមៗ​ជារង្វង់ ត្រង់ចំនុចមួយចំនួននៅលើរាងកាយរបស់អ្នក ដូចជា ចំនុចកណ្តាលក្បាល ប្រជុំចិញ្ចើម សៀតផ្កា ចំនុចក្រោមភ្នែក ចំនុចក្រោមច្រមុះ ចង្កា ដងកាំបិត ចំនុចក្រោមក្លៀក និងត្រង់ថ្លើមដៃ។ អ្នកអាចធ្វើបែបនេះ សារចុះសារឡើង មិនដល់ ៥នាទីផង អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ធូរស្បើយ។ (អ្នកអាចស្វែងរកពត័មានបន្ថែម ដែល ទាក់ទងនឹងវិធីម៉ាស្សាបែបនេះ នៅតាមគេហទំព័រមួយចំនួន ជាពិសេសយូធូប។)

 

២. ញុំាចំណី (ដែលល្អចំពោះសុខភាព)

ពេលខ្លះការឃ្លានពេក អាចជាមូលហេតុដែលធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ជាពិសេស នៅពេលដែលអ្នករវល់ពេក រកពេលញុំាអាហារមិនបាន។ ប្រូតេអ៊ីននៃប្រភេទអាហារថាមពល អាចជួយផ្លាស់ប្តូរអារម្មណ៍របស់អ្នកបានយ៉ាងលឿន។ ជួនកាលគ្រាន់តែទទួលទានទឹកដោះគោ អាល់ម៉ុនមួយកែវ អារម្មណ៍អាក្រក់ៗចាប់ផ្តើមរសាយភ្លាម។ អាហារដែលមានសារធាតុ ម៉ាញ៉េស្យូមខ្ពស់ ពិតជាអាចជួយសម្រួលអារម្មណ៍ និងបំពេញនូវការឃ្លានរបស់អ្នកផងដែរ ឧទាហរណ៍៖ ផ្លែឈើស្រស់ៗ ពពួកសណ្តែក តៅហ៊ូ គ្រាប់ល្ពៅ គ្រាប់ល្ង​ គ្រាប់ផ្កាឈូករដ្ឋ និងសាលាដជាដើម។

 

៣. ក្លិនពិដោរ

គ្រាន់តែក្លិនពិដោរក្រអូបៗ នៃផ្កាឡាវិនឌ័រ ឬក្រូច អាចធ្វើអោយអារម្មណ៍របស់អ្នកបានល្អ ប្រសើរឡើង និងកាត់បន្ថយភាពតានតឹងផងដែរ។ ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ វេជ្ជសាស្ត្រវេនា ប្រទេសអូស្ត្រាលី បានធ្វើការសិក្សាលើឥទ្ធិផលនៃក្លិនពិដោរទាក់ទងទៅនឹងកំរិត ខ្ពស់នៃភាពតានតឹង និងតប់ប្រមល់ ​(Stress)។

ពួកគេធ្វើការសាកល្បងទៅលើអ្នកជំងឺ ចំនួន២០០នាក់ ដែលកំពុងអង្គុយក្នុងបន្ទប់រង់ចាំនៃគ្លីនិកពេទ្យធ្មេញមួយ ដោយដាក់ប្រេងក្រអូប ក្លិនឡាវិនឌ័រ និងក្លិនក្រូច រួមផ្សំជាមួយសំលេងតន្រ្តីថើរៗ ក្នុងបន្ទប់រង់ចាំនោះ។

ជាលទ្ធផល គេឃើញថា ទោះបីជាអង្គុយរង់ចាំយូរ តែអ្នកជំងឺទាំងអស់នោះ ហាក់មានអារម្មណ៍ធូរស្បើយច្រើន (មិនមួរម៉ៅ)។ អ្នកអាចស្វែងរកគ្រឿងក្រអូប​ ដូចជាប្រេងក្រអូប Sprayបាញ់បន្ទប់ ឬទានក្រអូប ផ្សេងៗ ហើយជ្រើសយកក្លិនណាមួយដែលអ្នកចូលចិត្ត ដាក់ក្នុងបន្ទប់គេង​ ឬបន្ទប់ធ្វើការរបស់ អ្នក អ្នកនឹងមានអារម្មណ៍ល្អឡើង។

 

៤. ដើរចេញទៅក្រៅយកខ្យល់អាកាស

ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Essex ប្រទេសអង់គ្លេស បានរកឃើញថា ការដើរចេញ ទៅក្រៅ (ក្រៅផ្ទះ​ ឬកន្លែងធ្វើការ) ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាវិធីសាស្ត្រមួយដែល អាចធ្វើអោយអ្នកឆាប់លុបបំបាត់អារម្មណ៍មិនល្អ។

ការផ្លាស់ប្តូរបរិយាកាសពីកន្លែងដែលអ្នក កំពុងតែមួម៉ៅ​ធុញថប់ ទៅកាន់កន្លែងផ្សេងដែលមានខ្យល់អាកាសស្រឡះល្អ និងមានរុក្ខជាតិ បៃតង ធ្វើអោយអ្នកស្រឡះមុខមាត់ ក្នុងពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

 

៥. និយាយលើកទឹកចិត្តខ្លួនឯង

ការនិយាយលើកទឹកចិត្តខ្លួនឯង ជួយអោយអ្នករឹងមាំឡើងនៅពេលដែលអ្នកមានអារម្មណ៍បាក់ ទឹកចិត្ត។ ជាញឹកញាប់ អ្នកធ្លាប់បានលឺសំលេងអវិជ្ជមានបន្លឺឡើងក្នុងខួរក្បាលរបស់អ្នក ប្រាប់ ថាអ្នកធ្វើនេះខុសហើយ រំលឹកពីរឿងអាម៉ាសដែលអ្នកបានធ្វើ និងរឿងមិនល្អៗច្រើន ដែលធ្វើ អោយអ្នកមានអារម្មណ៍ពិបាកចិត្ត ឯកោរ និងបាត់បង់ទំនុកចិត្ត។

ហេតុដូច្នេះ ហើយអ្នកគួរតែ និយាយលើកទឹកចិត្តខ្លួនឯងអោយបានច្រើន ស្រលាញ់ខ្លួនឯងអោយបានច្រើន ដើម្បីយកឈ្នះ នូវអារម្មណ៍អវិជ្ជមានទាំងនោះ។ ក្រៅពីនេះ អ្នកក៏អាចនិយាយឬទូរស័ព្ទរកមិត្តណាម្នាក់ ជជែក លេងមួយភ្លែត ដើម្បីធ្វើអោយអ្នកដកខ្លួនចេញពីគំនិតអគតិ​​​ ឬគំនិតស្មុញស្មាញដែលកំពុង បំផ្លាញពេលវេលារបស់អ្នក។

 

កែសម្រួល៖ បងកាហ្វេ

ប្រភព៖ Powerofpositivity.com

 

មតិយោបល់