ជីវិត | January 05, 2017

មុននឹងចាប់ដៃគូត្រូវគិតដល់ចំណុចទាំង៣

ពាណិជ្ជកម្មធំដុំនិងអស្ចារ្យសុទ្ធតែចាប់ផ្តើមឡើងតាមរយៈការចាប់ដៃគូជាមួយត្រូវ។ ហើយពាណិជ្ជកម្មអស្ចារ្យប៉ុនណាក៏អាចរលាយបានដៃប្រសិនបើមានដៃគូមិនល្អ។ សហគ្រិនវៃឆ្លាតប្រើប្រាស់​យុទ្ធសាស្រ្ត​ទាំងនេះដើម្បីធានាថារាល់ការចាប់ដៃគូពាណិជ្ជកម្មរបស់គេមិននាំឱ្យអន្តរាយ។

 

 

១/ជឿជាក់លើអារម្មណ៍ខ្លួនឯងតែក៏ត្រូវកត់ត្រាលើក្រដាសដែរ

លោកJack Canfield ដែលអ្នកនិពន្ធល្បីឈ្មោះមួយរូបបានលាតប្រដាងបទពិសោធន៍ផ្ទាល់ខ្លួនថា ជោគជ័យទាំងអស់របស់ខ្ញុំកើតចេញពីការចាប់ដៃគូបានត្រឹមត្រូវ។ ក្បួនកំណត់សម្គាល់ដៃគូត្រូវរបស់ខ្ញុំមានពីរគឺ ទីមួយខ្ញុំត្រូវតែចូលចិត្តនិងទុកចិត្តគេ ហើយទីពីរគឺគេត្រូវតែមានអ្វីដែលខ្ញុំមិនមានមកចូលរួមជាមួយខ្ញុំ។ ការចូលចិត្តនិងជឿជាក់លើគេជារឿងមួយ ប៉ុន្តែខ្ញុំក៏ត្រូវជឿជាក់លើអារម្មណ៍ខ្លួនឯងទៀត ហើយបើខ្ញុំមានអារម្មណ៍ថាមានអ្វីមិនល្អហើយ ខ្ញុំមិនបន្តចងសម្ព័ន្ធភាពជាមួយគេទេ។ កំហុសឆ្គងមួយនៅពេលចាប់ដៃគូគឺអ្នកមិនបានបញ្ជាក់ឱ្យច្បាស់នូវតូនាទីម្នាក់ៗ ព្រំដែន និងច្រកចេញពេលមានបញ្ហា។

 

២/ ស្គាល់ដៃគូនោះយ៉ាងហោចណាស់មួយឆ្នាំ

លោកTai Lopezជាវិនិយោគិន និងជាទីប្រឹក្សាមុខជំនួញមួយរូបអះអាងថា មុននឹងចាប់ដៃគ្នាបង្កើតមុខជំនួញអ្វីមួយ ចំណុចដែលត្រូវគិតមុនគេគឺត្រូវស្គាល់មនុស្សនោះយ៉ាងហោចណាស់ឱ្យបានមួយឆ្នាំសិន។ ដៃគូមុខជំនួញដូចគ្នានឹងដៃគូជីវិតដែរ អ្នកត្រូវតែស្គាល់ច្បាស់មុននឹងរៀបការរស់នៅជាមួយគេ។ អ្នកត្រូវតែ​មានជំនាញស្គាល់ចិត្តសាស្រ្តមនុស្ស​ ហើយបើស្គាល់មិនច្បាស់ទេ កុំយកមកធ្វើជាដៃឱ្យសោះ។​ កំហុសឆ្គងដ៏ធំមួយដែលមនុស្សភាគច្រើនបង្កើតនៅពេលចាប់ដៃគូពាណិជ្ជកម្មគឺធ្វើឡើងឆាប់រហ័សពេក។

 

៣/ កុំក្រែងចិត្តក្នុងការចែកផ្លូវគ្នាដើរ

ពិសោធន៍បុគ្គលិកលក្ខណៈនិងអត្តចរិតរបស់មនុស្សដែលយើងចង់ចាប់ដៃគូដើម្បីស្គាល់គ្នាបានកាន់តែច្បាស់។ ប៉ុន្តែ មនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខុសគ្នារៀងៗខ្លួន ដូច្នេះ អ្វីដែលអ្នកត្រូវផ្តោតនោះគឺស្វែងរកតុល្យភាពរវាងគ្នានឹងគ្នា មិនមែនរកមធ្យោបាយគ្របដណ្តប់គេ ឬធ្វើឱ្យភាគីម្ចាងៗឈឺក្បាលព្រោះតែចំណុចខុសគ្នានោះទេ។ ចំណុចមួយទៀត អ្នកត្រូវតែធានាថាគោលដៅទីបំផុតរបស់អ្នកមានភាពស្របគ្នា។ កំហុសឆ្គងដ៏ធំរបស់ដៃគូពាណិជ្ជកម្មភាគច្រើនគឺខ្លាចក្រែងចិត្តមិនហ៊ានប្រឈមមុខគ្នាពេលជួបបញ្ហា។ នៅពេលដើរដល់ផ្លូវទាល់ ហើយអ្នកពន្យាពេលយូរពេកដើម្បីបញ្ចប់ភាពជាដៃគូនឹងគ្នា វានឹងបង្កើតភាពស្មុគស្មាញកាន់តែច្រើនឡើងថែមទៀត ហើយជាការខាតបង់កម្លាំងកាយចិត្តទទេ។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

 

មតិយោបល់