ជីវិត | January 04, 2017

កិច្ចការ៣យ៉ាងដែលមនុស្សជោគជ័យធ្វើរាល់ថ្ងៃ

នៅក្នុងសៀវភៅថ្មីមួយក្បាល​កម្រាស់​ជិត៧០០ទំព័រ​ដែលមានចំណងជើងថាTools of Titans ​លោក​ Tim Ferriss បាន​ប្រមូលផ្តុំ​ទម្លាប់​ជាប្រចាំ​របស់​មនុស្សជោគជ័យបំផុត​ជាង២០០​នាក់​ហើយប្រៀបធៀបទៅ​ឃើញថាមានចំណុចបីដែលដូចគ្នាគឺ៖

 

 

១/ ធ្វើសមាធិ

មនុស្សជាង​៨០ភាគរយដែល​លោក Tim Ferriss បាន​ជួបសម្ភាសន៍​មានទម្លាប់​ធ្វើសមាធិរាល់ថ្ងៃ។ ចំណែក​មនុស្ស២០ភាគរយ​ផ្សេងទៀត​ដែល​មិនធ្វើសមាធិទេ គេជ្រើសរើស​ធ្វើសកម្មភាពផ្សេងតែ​មានលក្ខណៈស្រដៀងនឹងការធ្វើសមាធិដែរ​ គឺដូចជា​ស្តាប់​ចម្រៀង​ ឬស្តាប់​ភ្លេច​ដដែលៗ​ដើម្បីធ្វើចិត្តឱ្យស្ងប់។ យោងតាម​អ្នកស្រាវជ្រាវមួយរូបនេះ​ សមាធិជួយ​រៀបចំមូលដ្ឋាន​មនុស្ស​ឱ្យទទួលបានជោគជ័យ ព្រោះតាមរយៈ​ការធ្វើចិត្ត​ឱ្យមូលមិនច្របូកច្របល់ អ្នកអាច​ផ្តោតបានល្អ​នៅពេលធ្វើកិច្ចការ​អ្វីមួយ។ តាមពិតទៅ​សមាធិ​មិនមែនត្រឹមតែជាអាថ៌កំបាំងក្នុងមុខជំនួញប៉ុណ្ណោះទេ សូម្បីតែ​ទាហាន​ជើងទឹកដែលតស៊ូក្នុងសមរភូមិ និងកីឡាមួយចំនួន​ក៏ត្រូវការ​សមាធិដើម្បី​អភិវឌ្ឍជំនាញឱ្យដល់កម្រិតកំពូលដែរ។ សមាធិជាវិធីមួយដើម្បីគ្រប់គ្រង​ខួរក្បាល​របស់អ្នក​។ វាដូចជាលំហាត់ប្រចាំថ្ងៃសម្រាប់ខួរក្បាល​អ្នកដែរព្រោះវាជួយឱ្យ​អ្នកទទួលបានភាពរីករាយច្រើន​ កាត់បន្ថយអារម្មណ៍តានតឹងនិងអន្ទះសា និងជួយឱ្យអ្នកសម្រេចចិត្ត​បានច្បាស់​លាស់។

 

២/ ក្រោកធ្វើការពីព្រឹក

អ្នកនិពន្ធសៀវភៅTools of Titansរកឃើញថា​ពេលវេលា៦០​ទៅ៩០នាទីដំបូងជាអ្នកកំណត់ពេលវេលា​១២ម៉ោងបន្ទាប់ទៀត។ អ្នកជំនាញខាងបង្កើត​ទម្លាប់​ក៏រកឃើញស្រដៀងគ្នានេះដែរ គឺមនុស្សជោគជ័យភាគច្រើន​សុទ្ធតែមាន​ទម្លាប់ក្រោកពីព្រឹកមុនអ្នកដទៃ។ សូមគិតដល់ពេលព្រឹករបស់អ្នក៖ ជាទូទៅអ្នកប្រញាប់ប្រញាល់ រៀបចំអាហារពេលព្រឹក រៀបចំកូនឱ្យស្លៀកពាក់មុនទៅរៀ​ន ហើយពេលចេញដំណើរក៏ច្រើនតែស្ទះក្នុងចរាចរណ៍ថែមទៀតដែលធ្វើឱ្យអារម្មណ៍កាន់តែតានតឹង។ ដើម្បីដោះខ្លួន​ចេញពីភាពប្រញាប់ប្រញាល់​និងអារម្មណ៍តានតឹងរាល់ព្រឹកទាំងនេះ អ្នកគួរតែឆាប់ក្រោកពីព្រឹកនិងរៀបចំខ្លួនក្នុងរបៀបមួយដែលអ្នកពេញចិត្ត ដើម្បីអាចមានអារម្មណ៍ល្អពេញមួយថ្ងៃ។ ទម្លាប់មួយនេះសំខាន់ណាស់ ព្រោះការសិក្សាស្រាវជ្រាវបានរកឃើញថា អារម្មណ៍ពេលព្រឹក​ជះឥទ្ធិពល​លើផលិតភាពនៃការងារពេញមួយថ្ងៃ​របស់អ្នក។ ធ្វើយ៉ាងណា​បង្កើតផ្នត់គំនិតល្អៗនៅពេលព្រឹក​តាមរយៈការហាត់ប្រាណ ធ្វើសមាធិ ឬសរសេរ​កំណត់ត្រាផ្ទាល់ខ្លួន។

 

៣/ ផ្តោតលើចំណុចខ្លាំងរបស់អ្នក

មនុស្សយើងគ្រប់រូបសុទ្ធតែមានចំណុចមិនល្អ ព្រោះយើងត្រូវរៀនសូត្រពេញមួយជីវិត។ ពេលខ្លះយើងបង្កើតកំហុសក្នុងការគិតថាមនុស្សជោគជ័យបំផុតអាចឡើងដល់ចំណុចកំពូលបាន​ដោយសារ​គេមិនសូវមានឧបសគ្គ។ កំពូលមនុស្សជោគជ័យទាំងអស់​សុទ្ធតែបានឆ្លងកាត់​និងជម្នះឧបសគ្គលើសមនុស្សធម្មតា​ទើបគេទៅដល់ចំណុចខ្ពស់ជាងមនុស្សទូទៅ។ មូលហេតុដែលគេទទួលបាន​ជោគជ័យ​មិនមែនមកពីគេមិនមានចំណុចខ្សោយទេ ប៉ុន្តែ​គេព្យាយាម​រៀនសូត្រពីកំហុសឆ្គង​និង​ផ្តោត​ចិត្តលើចំណុចខ្លាំងរបស់គេជំនួសវិញ។ មនុស្សទាំងអស់សុទ្ធតែមានចំណុចខ្លាំង​រៀងៗខ្លួន ហើយមានតែមនុស្សដែលរកឃើញ​ចំណុចខ្លាំងរបស់ខ្លួនឯង រួចអភិវឌ្ឍចំណុចខ្លាំងនោះទេ ទើបអាចរកឃើញជោគជ័យក្នុងជីវិត។ គេបង្កើតទម្លាប់​ឈរនៅខាងចំណុចខ្លាំង​របស់គេ និងមិនបណ្តោយ​ឱ្យចំណុចខ្សោយ​អូសទាញជីវិតគេឱ្យធ្លាក់ក្នុងរណ្តៅឡើយ៕

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម