ជីវិត | January 03, 2017

ផែនការណ៍សកម្មភាពខែមករាដើម្បីកសាងអនាគតដ៏ត្រចះត្រចង់

ការប្រឹងប្រែងរបស់​អ្នក​នឹង​នាំមក​នូវ​ផលប្រយោជន៍។ សម្រាប់ខែដើមឆ្នាំនេះ​ អ្នកគួរតែចាប់ផ្តើម​អ្វីៗដែលថ្មី និងទម្លាក់ចោលទម្លាប់​អាក្រក់​មិនមានប្រយោជន៍នៅឆ្នាំ២០១៦។ ក្នុងឆ្នាំថ្មីនេះអ្នកគួរតែផ្តោតលើ​ការ​ពង្រឹង​ចំណុចខ្លាំង​ ធ្វើអ្វីៗដើម្បី​នាំជីវិតអ្នកឆ្ពោះទៅរក​គោលដៅល្អបំផុតដែលអ្នកប្រាថ្នាចង់​បាន​។ គន្លឹះមួយចំនួន​ខាងក្រោមនេះ​អាចជួយអ្នកសម្រេចបំណងបាន៖

 

 

 

១/ រស់នៅប្រកបដោយភាពក្លាហាន

ការភ័យខ្លាចជា​រឿងធម្មតា​និងជា​ផ្នែកមួយ​នៃ​ការរីកចម្រើន។ អ្នកត្រូវហ៊ានជ្រើសរើស​ភាពមិនច្បាស់លាស់​តាមរយៈការរំលឹកខ្លួន​ឯងថា​អ្នកនឹងបាត់​បង់​អ្វីខ្លះ​នៅពេលចុះចាញ់​អារម្មណ៍ភ័យខ្លាច។

 

២/ បង្កើតសុភមង្គលសម្រាប់ខ្លួនឯង

សរសេរ​គោលដៅសុភមង្គលធំៗបំផុតរបស់​អ្នក​ទាំង៥។ តែត្រូវសរសេរ​ឱ្យច្បាស់ៗនិង​ចំៗ ឧទាហរណ៍​ថា​ប្រសិនបើ​អ្នក​ចង់​បាន​ទំនាក់​ទំនងច្រើន​ដែលមានប្រយោជន៍ អ្នក​ត្រូវតែ​សរសេរជំហាន​លម្អិតទាំងអស់​ដើម្បីបានទំនាក់ទំនងបែបនោះ។

 

៣/ កែប្រែផ្នត់គំនិតរបស់អ្នក

រាល់ពេលដែល​អ្នកជួបបញ្ហា អ្នកត្រូវតែ​នឹករកមធ្យោបាយ​វិជ្ជមាន​ឱ្យបានច្រើនតាមតែអាចនឹកឃើញ។ ហើយអ្នក​ត្រូវតែផ្តោតលើ​គំនិតវិជ្ជមានទាំងនោះ រួចចាំមើល​ការរីកចម្រើននៃសុភមង្គលរបស់អ្នក។

 

៤/ ស្វែងរកចំណុចខ្សោយខ្លួនឯង

ពេលអ្នកនៅស្ងាត់តែឯង អ្នកគួរតែព្យាយាមនឹកគិតរកមើលចំណុចបំផុតក្នុងជីវិតអ្នក​ឱ្យបាន៣។ រួចជ្រើសរើសចំណុចខ្សោយបំផុតមួយដែលរារាំងអ្នកមិនឱ្យជោគជ័យក្នុងេះជីវិត និងបង្កើតផែនការណ៍អភិវឌ្ឍខ្លួនឯងបន្តិចម្តងៗ។ តែត្រូវចាំថា​ការផ្លាស់ប្តូរ​មិនអាច​កើតឡើង​ភ្លាមៗបានទេ អ្នកត្រូវតែអត់ធ្មត់និងព្យាយាម។

 

៥/ ពិចារណាបទពិសោធន៍ដែលឆ្លងកាត់

នៅក្នុងសប្តាហ៍នេះ អ្នកគួរតែ​រកពេលមួយទៅទស្សនាកន្លែងធម្មជាតិ ដោយទុក​បច្ចេកវិទ្យាទាំងអស់នៅផ្ទះ។ ក្នុងឱកាសនៅស្ងប់ស្ងាត់​ជាមួយនិងធម្មជាតិនោះ អ្នក​គួរតែពិចារណាដល់​ជីវិត​រស់នៅដែល​មិនមានការរំខានពីសង្គម។

 

៦/ ស្វែងរក​ចំណុចខ្លាំង​របស់​ខ្លួនឯង

អ្នកត្រូវវិភាគរកជោគជ័យអស្ចារ្យបំផុតរបស់ខ្លួនឯង។ កំណត់ឱ្យឃើញនូវអ្វី​ដែល​អ្នក​បានធ្វើ​ដើម្បី​សម្រេច​គោលដៅ និងបែងចែក​ឱ្យដាច់​នូវរបៀបដែល​ធ្វើបានធ្វើតែមិនបានជោគជ័យ។ ពេលកំណត់ឃើញចំណុចខ្លាំងរបស់ខ្លួនឯងហើយ អ្នកត្រូវ​ប្តេជ្ញាចិត្តអភិវឌ្ឍជំនាញនោះបន្ថែមទៀត។

 

៧/ ជ្រើសរើសប្រកបដោយភាពវៃឆ្លាត

តើអ្នកកំពុងតែពិបាក​សម្រេចចិត្តឱ្យល្អមែនទេ? ដើម្បីសម្រេចចិត្ត​បានល្អ​ អ្នកត្រូវប្រមូល​ការពិតទាំងអស់ ហើយជួបនិយាយគ្នា​ជាមួយនឹង​មនុស្សដែល​អ្នកជឿទុកចិត្ត​បំផុតដើម្បី​សួរយោបល់​គេមុននឹងសម្រេចចិត្ត។

 

៨/ ធ្វើខ្លួន​ឱ្យ​មាន​ឥទ្ធិពល​លើ​អ្នកដទៃ

លុយជាឧបករណ៍អស្ចារ្យមួយ​ដើម្បី​ធ្វើ​ឱ្យ​ជីវិតនេះ​មានឱកាស។ ប៉ុន្តែ​លុយ​មិនអាច​ផ្តល់​សុភមង្គលឱ្យមនុស្ស​បានទេ។ អ្នកត្រូវផ្តោតចិត្ត​បង្កើត​ឥទ្ធិពលលើជីវិតមនុស្សជុំវិញអ្នកតាមរយៈការស្វែងរកសេចក្តីសុខជូនខ្លួនអ្នកនិងអ្នកដទៃ។

 

៩/ ធ្វើខ្លួន​ជាមនុស្សថ្មី

ក្នុងពេលដែល​អ្នក​រៀបចំផែនការណ៍សម្រាប់ឆ្នាំថ្មី អ្នកត្រូវ​មាន​គោលដៅ៣កម្រិត​គឺកម្រិតទីមួយ កម្រិតទីពីរ និងកម្រិតទីបី។​ គោលដៅកម្រិតទីមួយគឺសុបិនធំ គោលដៅទីពីរគឺរស់នៅជាមួយការពិត និងគោលដៅទីបីគឺត្រូវអប់អរជោគជ័យរបស់ខ្លួនឯង។

 

១០/ ទទួលខុសត្រូវចំពោះខ្លួនឯង

អ្នកគួរតែមានបញ្ជីកត់ត្រារាល់ការចំណាយទាំងអស់ដើម្បីតាមដានទម្លាប់​អាក្រក់​របស់ខ្លួនឯង។ អ្នកត្រូវផ្តោតចិត្តកាត់បន្ថយឬលុបបំបាត់ការចំណាយដែលមិនចាំបាច់​ដើម្បីសន្សំប្រាក់​ទុក​ប្រើប្រាស់​ក្នុងពេលជួបបញ្ហាដែលឥតបានគិតទុកមុន។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Success Magazine

មតិយោបល់