ជីវិត | December 31, 2016

អ្វីខ្លះដែលអ្នកគួរតែបោះចោលដើម្បីជោគជ័យក្នុងឆ្នាំ២០១៧?

ក្នុងនាម​ជាសហគ្រិន ខ្លួន​អ្នកផ្ទាល់​ជាមិត្តល្អ​បំផុត និងជាសត្រូវអាក្រក់​បំផុត​របស់​ខ្លួនឯង។ អ្នក​ជាមនុស្ស​ដែលស្ថិតនៅ​ក្នុង​ចន្លោះ​នៃ​ការជឿជាក់​លើសមត្ថភាព​របស់​ខ្លួនឯង​ដើម្បីកែប្រែពិភពលោកនេះ ធ្វើឱ្យកាន់តែប្រសើរឡើង នឹងការសង្ស័យ​ខ្លួនឯង ការបង្អែបង្អង់ពេលវេលា​ចាប់ផ្តើម​ធ្វើកិច្ចការ​ដែលចង់ធ្វើ និងការចាយវាយ​មិនចាំបាច់។ នៅឆ្នាំ​២០១៧នេះ អ្នកអាចចាប់ផ្តើម​អ្វីៗដែលថ្មី និងត្រូវបោះបង់​ទម្លាប់​អាក្រក់មួយចំនួន​ចេញ៖

 

 

 

១/ ការមានអារម្មណ៍​ថាខ្លួនឯង​មានមរតកពិសេស

ពិតណាស់​ថា​អ្នក​ជា​បុគ្គលម្នាក់​ដែល​មាន​សក្តានុពល មាន​ជំនាញ​ និង​ទស្សនវិស័យ​ ប៉ុន្តែប្រការ​ទាំងអស់​នេះ​មិនមែន​មាន​ន័យថា​ពិភពលោក​នេះ​មានអ្វី​ជំពាក់​អ្នក​ទេ ជាពិសេស​ក្នុងនាម​ជាសហគ្រិន។ បើ​អ្នក​ចង់​បាន​ជោគជ័យ អ្នកត្រូវ​តែ​ប្រឹងប្រែ​ដើម្បី​បង្កើត​វាឡើង។

 

២/ ការព្យាយាម​ធ្វើ​អ្វីៗគ្រប់យ៉ាង​តែម្នាក់ឯង

ជារឿងធម្មតា​ទេដែល​មនុស្សត្រូវចេះសុំយោបល់ ​ឬជំនួយពីអ្នកដទៃ ហើយ​ពេលខ្លះ អ្នក​ក៏អាច​ជួលមនុស្ស​មកជួយ​រំលែក​បន្ទុក​ការងារបាន​ដែរ។ អ្នក​មានបណ្តាញមិត្តភក្តិច្រើនដែល​រីករាយ​ចាំ​ជួយអ្នក។ ភាគជាសហគ្រិន​ជាដំណើរមួយដែល​ពិបាកស្រាប់ទៅ​ហើយ កុំធ្វើអ្វី​ដែល​មិនចាំបាច់​ឱ្យ​វាកាន់តែ​លំបាកជាង​នេះទៅទៀត។

 

៣/ ព្យាយាម​ធ្វើឱ្យល្អឥតខ្ចោះ

មនុស្សគ្រប់គ្នា​សុទ្ធ​តែធ្លាប់​បរាជ័យ​នៅពេល​ខ្លះ។ បុគ្គលជោគជ័យ​ជា​មនុស្ស​ដែល​បន្ត​ក្រោកឈរ​ក្រោយពេលដួល។ ការព្យាយាម​ធ្វើឱ្យ​បានល្អឥតខ្ចោះនឹង​រារាំង​អ្នក​មិន​ឱ្យ​បង្កើត​កំហុស​ដើម្បី​រៀនសូត្រដែល​ជា​ដំណើរ​ចាំបាច់ឆ្ពោះទៅរកជោគជ័យ។

 

៤/ ការប្រៀបធៀបខ្លួនឯង​ជាមួយ​អ្នកដទៃ

មនុស្ស​ជោគជ័យ​ជាគំរូល្អដើម្បី​ជំរុញចិត្ត​អ្នក​ឱ្យ​ខិតខំ។ ជោគជ័យ​របស់គេ​អាច​ជាផែនទីជួយ​អ្នក​ឱ្យជៀសវាង​ឧបសគ្គដូចគ្នាដែល​គេបាន​ជម្នះឡើងទៅ​រក​គោលដៅ។ អ្នក​មិនត្រូវ​សំឡឹងមើលបុគ្គលជោគជ័យ​ រួចមកស្អប់ខ្ពើមខ្លួនឯង​ដែលមិនជោគជ័យស្មើគេនោះទេ។ គេចាប់ផ្តើម​ និងព្យាយាម​ទៅ​ឱ្យ​ដល់​គោលដៅ​របស់គេ ហើយ​ប្រសិនបើ​អ្នក​ផ្តោត​លើ​មេរៀន ​អ្នកអាច​រៀន​ពីគេ​ដើម្បី​ទៅ​ដល់​គោលដៅរបស់​អ្នកដូចគ្នាដែរ។

 

៥/ ការអល់អែក​រារែក​មិនព្រមចាប់ផ្តើម

ផ្នែកខ្លួះ​នៃ​មុខជំនួញ​របស់អ្នក​មិនងាយស្រួល​ទេ។ អ្នកប្រហែល​ជាស្អប់មិនចូលចិត្ត​ធ្វើយុទ្ធនាការផ្សព្វផ្សាយ​តាមអ៊ីម៉ែល ឬរៀបចំគេហទំព័រ​ឡើងវិញ។ គ្មាន​នរណាម្នាក់​ពេញ​ចិត្ត​ធ្វើការ​លំបាកៗទេ ប៉ុន្តែគ្រប់ជំហាន​ទាំងអស់​សុទ្ធតែ​ចាំបាច់​និង​ត្រូវតែ​ធ្វើ។ កុំបណ្តោយ​ឱ្យ​ការ​អល់​អែក​ធ្វើ​ជា​មូលហេតុនៃ​ការ​មិនសម្រេច​គោលដៅ​របស់​អ្នក។

 

៦/ ការរៀបចំប្រុងប្រៀប​មិន​គ្រប់ជ្រុងជ្រោយ

ទោះបី​ជាវាកើតចេញ​ពីការអល់អែក ឬការទុកចិត្តលើខ្លួនឯងជ្រុលពេកក៏ដោយ ការ​មិនប្រុងប្រៀបរៀបចំឱ្យបាន​គ្រប់ជ្រុង​ជ្រោយអាច​បំផ្លាញឱកាស​របស់​អ្នកបាន។ មិនខ្វល់​ថា​អ្នក​មាន​ទំនុកចិត្ត​លើការងារ​របស់​អ្នកកម្រិតណាទេ អ្នកត្រូវ​តែ​ប្រុងប្រៀប​អ្វីៗគ្រប់យ៉ាង ហើយត្រូវ​នឹកគិត​ដល់​លទ្ធ​ភាព​ដែលអាក្រក់ៗដែលអាចនឹងកើតឡើង និងត្រូវមានផែនការណ៍ទីពីរជាស្រេច​ចាំ​ដោះទាល់។

 

៧/ ការរអ៊ូរទាំមិនឈប់

ការសន្សំ​ទុក្ខ​ដាក់ក្នុង​ខ្លួន​មិនត្រឹមតែ​ធ្វើឱ្យ​ខ្លួន​អ្នក​ខ្សោះអស់ថាមពលប៉ុណ្ណោះទេ ប៉ុន្តែ​អ្នកក៏នឹង​ដុត​បំផ្លាញ​កម្លាំងចិត្ត​មនុស្ស​ដែល​ចង់​ជួយ​អ្នក​ទៅទៀត។ ប្រសិនបើ​អ្នក​រអ៊ូរទាំ​មិនឈប់ អ្នក​នឹង​រវល់​រហូត​ដល់​មិន​អាច​មើល​ឃើញ​ឱកាស​នៅចំពោះមុខ។ អ្នក​នឹង​ផ្តោត​តែ​លើ​រឿង​អវិជ្ជមានរហូត​ដល់​មិនដឹង​ថាខ្លួនឯង​បាន​ធ្វើ​អ្វីល្អខ្លះ។ បើមាន​អ្វី​ខុស​ កែតម្រូវ​វាទៅ​ កុំអង្គុយរអ៊ូ។

 

៨/ ការទិញរបស់ដែលអ្នក​មិន​ត្រូវការចាំបាច់

ការទិញ​របស់​ថ្មីៗ​អាច​ធ្វើ​ឱ្យ​អ្នកសប្បាយ​ចិត្ត​បានមួយភ្លែតមែន ប៉ុន្តែ​អ្នក​គួរតែ​ផ្តោត​ការ​ចំណាយ​លុយលើ​របស់ណា​ដែល​នឹង​នាំអ្នកទៅឱ្យកាន់​តែ​ជិត​សុបិន​របស់​អ្នក។ ទូរសព្ទ​ថ្មីប្រហែលជា​ល្អ ប៉ុន្តែ​មិនមែន​មានន័យ​ថា​ទូរសព្ទចាស់​របស់​អ្នក​ប្រើមិនកើត​នោះទេ។ ជំនួស​ឱ្យ​ការចាយ​លុយ​លើរបស់ថ្មី​ដែល​មិនចាំបាច់ អ្នកគួរតែសន្សំលុយ​ទុក​ប្រើប្រាស់​នៅពេល​មាន​ហេតុ​ការណ៍​កើត​ឡើង​ដែល​ឥតបាន​គិតទុក។​

 

៩/ ការគិតថាខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់

គ្មាននរណា​ម្នាក់​បាន​ត្រៀមខ្លួន​រួចរាល់​ទាំងស្រុងដើម្បីធ្វើ​កិច្ចការ​ធំដុំ​ក្នុងជីវិតទេ។ និយាយបែប​នេះ​មិនមែន​មានន័យថា​អ្នកមិនបាំបាច់​មានផែនការណ៍ ឬចំណេះដឹងមូលដ្ឋាន​ក្នុងកិច្ចការ​របស់អ្នកទេ ប៉ុន្តែ​អ្នក​មិនគួរខ្មាស់​អៀន​ក្នុង​ការ​ចាប់ផ្តើម​អនុវត្ត​គំនិតតូចតាច​របស់អ្នកនោះទេ។ កុំរង់ចាំ​ពេលវេលាល្អឥតខ្ចោះ។ ចាប់ផ្តើមពេលនេះតែម្តងទៅ។

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម