ជីវិត | December 30, 2016

របៀបបង្កើតភាពក្លាហានដើម្បីសម្រេចគោលដៅជីវិត

ប្រសិនបើអ្នកអានអត្ថបទមួយ​នេះ មានន័យថាអ្នក​កំពុងតែ​ចង់ទទួលបាន​អ្វីៗ​ជាច្រើន​ពីជីវិត។ អ្នកជាមនុស្ស​ដែលតែងតែ​ស្វែងរក​មធ្យោបាយ​ដើម្បីបង្កើន​ផលិតភាព សុភមង្គល និងសុខភាព។ ហើយដំណឹងល្អ​នោះ​គឺថា មានវិធីសាស្រ្ត​ជាច្រើន​កំពុងតែ​រង់ចាំ​អ្នក​ទៅ​ជ្រើសរើសមក​ប្រើ​ដើម្បី​ជួយសម្រេច​ក្តីប្រាថ្នារបស់អ្នក។   

 

 

តើអ្វី​ដែល​ជា​អាវុធសម្ងាត់​ជួយ​អ្នក​ឱ្យរស់​ជីវិត​រាល់ថ្ងៃនេះ​បានល្អបំផុត? ភាពក្លាហាន។ អត្ថបទនេះ​នឹង​បង្ហាញ​របៀប​ដែល​អ្នក​អាច​ប្រែក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ដែល​ក្លាហាន​បំផុត។ ដើម្បី​ជួយ​អ្នក​ឱ្យ​យល់​បាន​កាន់តែច្បាស់​របៀប​បង្កើត​ភាពក្លាហាន យើង​នឹង​ចាប់ផ្តើមពីចំណុចដែល​ងាយៗគឺ​ការត្រឡប់​ទៅរក​ទម្លាប់​ហាត់ប្រាណវិញ​ក្រោយពេល​ឈប់ហាត់មួយរយៈពេល​យូរ។

 

មនុស្សគ្រប់គ្នា​សុទ្ធតែ​ដឹង​ថា​ការ​ហាត់​ប្រាណច្នៃ​យក​រាងកាយ​ដែលយើងចង់​បាន​មានភាពលំបាក​កម្រិតណា។ ពេល​អ្នក​ស្លៀកពាក់​ដើម្បី​ហាត់​កីឡារួចរាល់​ហើយ​និង​រៀបចំដើរទៅរក​កន្លែងហាត់ប្រាណ ចិត្តរបស់​អ្នកក៏កំពុងតែ​ស្ទាក់ស្ទើរអូសទាញ​ពេលវេលា ហើយ​គិតថា​វាហាក់​ដូច​ជា​កិច្ចការលំបាកបំផុតក្នុងលោកនេះ។ ហើយ​ពេល​អ្នក​ទៅដល់​កន្លែងហាត់​ប្រាណនោះ ចិត្ត​របស់​អ្នក​ក៏​ច្រាសច្រាល​សួញសាញកាន់តែ​ខ្លាំងឡើង​ស្ទើរ​តែ​ស្រែក​ចេញ​មកថា​ទេ​ ទេ ទេ។ គ្រាន់​តែ​ចាប់​ផ្តើម​ហក់លោត ឬលើក​ដុំដែកបាន​តែ​បន្តិច​ ដង្ហើមអ្នកដង្ហក់ស្ទើរ​មិនដល់​គ្នា ហើយ​កាន់តែ​ខ្លាចរអា​ជាង​ពេលមុន​ទៅទៀត។

 

ការព្យាយាម​ហាត់ប្រាណ​ដើម្បី​វិល​ត្រឡប់​ទៅ​រក​រាងកាយ​ដែល​អ្នក​ចង់​បាន​វិញ​គឺ​ជា​រឿង​លំបាកណាស់នៅពេល​ចាប់​ផ្តើម​ដំបូងៗ។ ប៉ុន្តែ​ការ​ពិត​ដែល​មនុស្សស្ទើរតែ​គ្រប់គ្នា​បាន​ដឹង​រួច​ជាស្រេច​នោះ​គឺថា មនុស្ស​ម្នាក់ៗ​សុទ្ធតែ​អាច​ទទួល​បាន​រាងកាយ​មាំមួន​ទៅ​តាម​ការ​ចង់​បាន​ទាំងអស់​បើ​មាន​ការ​ព្យាយាមជម្នះ​ភាពសួញសាញ។

 

តើ​អ្នក​ដឹង​ទេ​ថា​ជំនាញនៃភាពក្លាហាន​ក៏មានលក្ខណៈ​ដូច​សាច់​ដុំ​យើង​ដែរ? ភាពក្លាហាន​គឺ​ជា​ជំនាញ​មួយ​ដែល​អាច​បង្កើត​បាន​តាមរយៈ​ការ​អនុវត្ត។ វា​មិនមែន​ជា​ចរិត​ដែល​មាន​ពីកំណើតស្រាប់​នោះទេ។ ​អ្នកជំនាញឱ្យ​និយមន័យ​ភាពក្លាហាន​ថា​ជា​សមត្ថភាព​ធ្វើ​សកម្មភាព​ក្នុង​ពេល​កំពុងតែប្រឈម​នឹង​ការសង្ស័យ​ ភាពភ័យខ្លាច ភាពមិនច្បាស់​លាស់ ការគិតច្រើន​ជ្រុល និងភាពស្ទាក់ស្ទើរ។ អ្នក​អាច​បង្កើន​កម្លាំង​តាមរយៈ​ការ​ប្រឹងសាច់ដុំ ហើយ​អ្នកអាច​បង្កើនភាពក្លាហាន​តាមរយៈ​ការ​ហាត់បញ្ចេញភាពក្លាហាន​ឱ្យបាន​ជាប្រចាំ​រាល់ថ្ងៃ។  

 

ក្នុងពេលដំបូងៗ​គេពិបាក​បង្ហាញសកម្មភាពក្លាហានណាស់ គឺប្រៀបដូច​ជាថ្ងៃទីមួយនៅក្នុងកន្លែង​ហាត់ប្រាណ​ដែរ។ ប៉ុន្តែ​នៅពេល​ដែល​យើង​តាំង​ចិត្ត​ធ្វើ​បន្តិចម្តងៗ​ អ្វីៗ​ទាំងអស់​នឹងប្រព្រឹត្តិទៅ​​ដោយ​គ្មាន​ឧបសគ្គ​ដូច​ការស្ទាក់ស្ទើរពីដំបូងឡើយ ហើយ​យូរៗទៅ​អ្នក​នឹង​មិន​ចាំ​បាច់​តាំងចិត្ត​ច្រើន​ដើម្បី​ហាត់​ប្រាណ​ឬ​បញ្ចេញ​ភាព​ក្លាហាននោះ​ឡើយរហូតដល់យូរទៅ​វា​នឹង​ក្លាយ​ជាទម្លាប់​ធម្មតាតែនាំមកនូវប្រយោជន៍​យ៉ាង​មហាសាល។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Success Magazine

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));