ជីវិត | December 26, 2016

ប្រាំ​ជំហាន​ឆ្ពោះទៅ​ក្លាយជា​បុគ្គលអស្ចារ្យ

គន្លឹះ​ដើម្បី​គ្រប់គ្រង​ខ្លួនឯង​បាន​គឺ​ការ​ស្គាល់​ខ្លួនឯង។ ការអភិវឌ្ឍ​ខ្លួន​ដើម្បី​ប្រែក្លាយ​ទៅ​ជា​បុគ្គល​អស្ចារ្យ​អ្នក​ត្រូវ​ស្គាល់​មូលដ្ឋាន​នៃ​ការ​ជំរុញ​ទឹកចិត្ត​និង​បុព្វហេតុ​ឱ្យ​បាន​ជាក់​ច្បាស់​ជាជាង​គ្រាន់តែ​រៀន​បត់បែន​ទៅ​តាម​កាលៈទេសៈ​ចំពោះ​មុខ។ បើ​ចង់​គ្រប់គ្រង​ខ្លួន​បាន​ទាំងស្រុង​ អ្នក​ត្រូវ​ចេះ​អភិវឌ្ឍ​ចំណុច​ទាំង​៥​ខាង​ក្រោម​នេះ​៖

 

 

 

១/ ស្គាល់​ខ្លួនឯង​គ្រប់​ពេល

ការស្គាល់​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់ខ្លួនឯង​មិនមែន​ជា​ការងាយស្រួល​ដូច​និយាយ​នោះ​ទេ។ ការ​​ស្វែងយល់​អំពី​ខ្លួនឯង​មិនមែន​ជា​ជម្រើស​ក្នុង​មាគ៌ា​ឆ្ពោះ​ទៅ​រក​ភាពអស្ចារ្យ​ទេ តែ​វា​ជា​ការចាំបាច់​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ក្នុង​របៀប​ដែល​អ្នក​អាច​ប្រើប្រាស់​ថាមពល​និង​បញ្ជា​លើ​ឆន្ទៈ​។ ការសិក្សា​ជាច្រើន​បង្ហាញ​ថា​កម្រិត​នៃ​ប្រាជ្ញា​របស់​មនុស្ស​មាន​ចំណែក​ត្រឹមតែ​២០​%​នៃជោគជ័យ​របស់​បុគ្គល​ម្នាក់ៗប៉ុណ្ណោះ។​ ចំណែក​អារម្មណ៍​វិញ​មាន​ចំណែក​យ៉ាង​ច្រើន​លើសលប់​ក្នុង​ដំណើរ​ជោគជ័យ​របស់​មនុស្ស​។ បើ​យើង​មិន​ស្គាល់​អារម្មណ៍​ខ្លួនឯង​ទេ យើង​អាច​នឹង​លែង​គ្រប់គ្រង​ឥរិយាបថ​ក្នុង​ការទាក់ទង​ជាមួយ​មនុស្ស​នៅ​ជុំវិញ។ ការស្គាល់​ខ្លួនឯង​មាន​ន័យ​ថា​យើង​បង្កើន​សមត្ថភាព​យល់ដឹង​និង​តាម​គ្រប់គ្រង​អារម្មណ៍​បាន​យ៉ាង​ត្រឹមត្រូវ​តាម​សភាព​ពិត​របស់​វា។

 

២/ ឱ្យ​តម្លៃ​ខ្លួនឯង

យើង​ដឹង​ថា​ការនិយាយដើម​គេ​មិនមែន​ជា​ទម្លាប់​ល្អ​ទេ​ព្រោះ​វា​ជា​ទង្វើ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​អ្នកដទៃ​និង​បំផ្លាញ​ខ្លួនឯង​នៅពេល​យើង​ប្រើប្រាស់​ពាក្យ​ដែល​ប្រឆាំង​នឹងខ្លួនឯង។ ការឱ្យតម្លៃ​ខ្លួនឯង​គឺជា​ការជ្រើសរើស​រឿង​ដែល​ត្រូវ​ផ្តោត​ចិត្ត​លើ។ បើ​មាន​មនុស្ស​ណា​មក​និយាយ​មិន​ល្អ​ដែល​គ្មាន​ប្រយោជន៍​ អ្នក​គួរ​តែ​ជៀសវាង​ពីគេ ព្រោះ​អ្នក​អាច​នឹង​បាត់បង់​តម្លៃ​ខ្លួន​យ៉ាងងាយ​នៅពេល​ចូលរួម​និយាយ​ដើមគេ។ ជំនួស​មកវិញ​អ្នក​មិនត្រូវ​បណ្តោយ​ឱ្យ​មនុស្ស​ឬ​កាលៈទេសៈ​គ្រប់គ្រង​លើអ្នក​ អ្នក​ត្រូវ​តែ​សម្រេចចិត្ត​ផ្តោត​តែ​លើ​អ្វី​ដែល​អ្នក​ឱ្យ​តម្លៃ​និង​យល់​ថា​ជា​រឿង​នាំ​មក​នូវ​ភាពរីកចម្រើន​។

 

៣/ លើក​ទឹកចិត្ត​ខ្លួនឯង

ប្រសិនបើ​អ្នក​អង្គុយ​រង់ចាំ​អ្នកដទៃ​មក​លើក​ទឹកចិត្តឱ្យ អ្នក​នឹង​បាត់​បង់​ម្ចាស់ការ​លើ​ខ្លួនឯង។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អារម្មណ៍​មនុស្ស​ប្រែប្រួល​ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម​សំឡឹង​រកមើល​និង​សម្តែង​តែអារម្មណ៍​ណាដែលល្អ។ ការលើកទឹកចិត្ត​គឺជា​កត្តានៅពីក្រោយ​ការសម្រេចចិត្ត​របស់​មនុស្សម្នាក់ៗ​ថាត្រូវ​ធ្វើ​ឬមិនធ្វើ​រឿង​អ្វីមួយ។ កត្តាជំរុញ​ឬការគម្រាមកំហែង​ពីសង្គម​មិនមា​ន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ការតាំងចិត្ត​ពីខាងក្នុង​របស់​មនុស្ស​ម្នាក់ៗ​ទេ។​

 

៤/ បែងចែក​ខ្លួនឯង

ការដឹងថា​អ្នក​គួរតែ​បញ្ចប់​នៅត្រឹមណា ហើយអ្នកដទៃ​គួរតែចាប់ផ្តើម​នៅត្រឹមណា​គឺជាគន្លឹះ​នៃការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ទូទៅ​ប្រកបដោយ​ប្រសិទ្ធភាព។​ អ្នក​ត្រូវ​យល់ថា​ពេលមនុស្ស​ច្រើននាក់​ជួបជុំគ្នា​ គេ​បង្កើត​បានជា​បណ្តុំ​នៃ​អារម្មណ៍​រួមមួយយ៉ាង​មានឥទ្ធិពល។ បណ្តុំអារម្មណ៍រួម​នេះ​អាច​ជួយ​ឱ្យ​មនុស្ស​សម្រេច​បាន​សមិទ្ធផល​ធំធេង​ឬក៏អាច​ធ្វើ​ឱ្យ​មនុស្ស​បែកបាក់គ្នា​ទៅវិញ​អាស្រ័យ​លើ​ការប្រើប្រាស់​របស់មនុស្ស។​ នៅពេលយើង​បែងចែក​ខ្លួនឯង យើង​នឹង​ចេះ​ទទួលខុសត្រូវ​លើ​ខ្លួនឯង​ទាំងស្រុង​ ហើយ​មាន​សេរីភាព​យ៉ាងពេញលេញ​ដើម្បី​សម្រេចចិត្ត​។

 

៥/ ស្រឡាញ់​ខ្លួនឯង

មនុស្សយើង​អាច​ស្រឡាញ់​អ្នក​ដទៃ​ដូច​ស្រឡាញ់​ខ្លួនឯង​ដែរ​ ប៉ុន្តែ​មិន​អាច​ស្រឡាញ់​គេ​ឱ្យ​ច្រើន​ជាងខ្លួនឯង​ឡើយ។​ ការស្រឡាញ់​អ្នកដទៃ​ដោយ​មិន​ស្រឡាញ់​ខ្លួនឯង​គឺ​ច្រើន​តែ​ជាការ​ព្យាយាម​ចង់បាន​ការយល់ព្រម​ពីអ្នកដទៃក្នុងរឿងអ្វីម្យ៉ាង។ ជាលទ្ធផល ​ទង្វើ​បែបនេះ​ស្តែង​ឱ្យឃើញ​តម្រូវការ​របស់​អ្នកបញ្ជូន​ក្តីស្រឡាញ់​ច្រើនជាង​តម្រូវការ​របស់​អ្នកទទួល​ក្តីស្រឡាញ់។ ហើយពេលខ្លះ​ការចង់បាន​អ្វី​ពីអ្នកដទៃ​អាចនាំ​ទុក្ខ​មកខ្លួនឯង​វិញ​ប្រសិន​បើមិន​បានដូច​ប្រាថ្នា។​

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Success Magazine

 

មតិយោបល់

អត្ថបទពេញនិយម