គំនិតអាជីវកម្ម | October 12, 2017

កម្ពុជាបើកផ្សារ​សម្រាប់លក់ជលផលសមុទ្រ ជាលើកដំបូង​នៅខេត្តកំពត

ផ្សារ​ដំបូង​គេ​របស់​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា​កាលពីពេលថ្មីៗនេះ បានប្រកាស​បើក​ឲ្យ​ដំណើរការ​ចាប់ពីពេលនេះ​តទៅ ដើម្បី​បង្កើន​ចង្វាក់​តម្លៃ និង​ពង្រីក​ការនាំចេញ​ជលផល​សមុទ្រ​កម្ពុជា​ទៅកាន់​ទីផ្សារ​ជាតិ និង​អន្តរជាតិ ក្នុង​ទំហំ​ទឹកប្រាក់ ៥,០០០ដុល្លារ​សហរដ្ឋអាមេរិក។

ផ្សារ​រួម​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​ហិរញ្ញប្បទាន​របស់​គម្រោង​ជលផល​សមុទ្រ​នៃ​កម្មវិធី​ពិពិធ​កម្ម និង​ពង្រីក​ការនាំចេញ​កម្ពុជា (CEDEP II) ដំណាក់កាល​ទី២ ក្នុង​ទំហំ​ទឹកប្រាក់ ៥,០០០ដុល្លារ​សហរដ្ឋអាមេរិក ដែលមាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម ជា​អ្នកសម្របសម្រួល និង​អនុវត្តន៍​ដោយ​អភិវឌ្ឍន៍​វិស័យ​ឯកជន សហការ​ជាមួយ​អង្គការសហប្រជាជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO)។

 

 

 

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍ថា វិស័យ​ជលផល គឺជា​និមិត្តរូប​តំណាងឱ្យ​ប្រភព​ដ៏​សំខាន់​នៃ​រូបិយប័ណ្ណ​ជាតិ ដែល​បានផ្ដល់​ផលចំណេញ​ដល់​ប្រជា​នេសាទ និង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជាង ៦លាន​នាក់។

ឯកឧត្តម​បាន​បន្តថា ផ្សារ​រួម​នេះ​នឹង​ដើរតួ​ជា​មជ្ឈមណ្ឌល​សេវាកម្ម និង​ផ្តល់ព័ត៌មាន​រវាង​អ្នកលក់ និង​អ្នកទិញ​ផល​នេសាទ​សមុទ្រ ជាពិសេស​ផ្តល់ឱកាស​ជូន​ប្រជា​នេសាទ និង​សមាជិក​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ធ្វើការ​ដាក់លក់​ជលផល​សមុទ្រ ដើម្បី​បង្កើន​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ។

“ខ្ញុំ​សូម​ជូនពរ​ឲ្យ​ដំណើរ​ការលក់​ក្នុង​ផ្សារ​រួម​នេះ ប្រព្រឹត្តិ​ទៅដោយ​រលូន និង​បានជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជា​នេសាទ និង​សមាជិក​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា” ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍។

 

 

 

ទន្ទឹមគ្នានេះ ឯកឧត្តម ចាន់ ជេ​ស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​ផ្សារ​រួម​នៃ​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា និង​បានបង្ហាញ​ជំនឿ​ថា ផ្សារ​រួម​នេះ នឹង​ជួយ​បង្កើត​ការ​ងារ និង​ប្រាក់ចំណូល​បន្ថែម​ជូន​ប្រជាជន ព្រមទាំង​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​នៅក្នុង​ខេត្តកំពត​ផងដែរ។

ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម និង​អង្គការ UNIDO ព្រមទាំង​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ដែល​បាន​សហការ​បង្កើត​ឲ្យ​មាន​ផ្សារ​រួម​នេះ​ឡើង។

 

 

នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS ដែល​ធ្វើ​បច្ចុប្បន្នភាព ដោយ​រាជរដ្ឋាភិបាល កាល​ពីដើមឆ្នាំ ២០១៤ វិស័យ​ជលផល ត្រូវបាន​ចាត់ទុកជា​ផលិតផល​អទិភាព ដែលមាន​សក្តានុពល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​ពិភពលោក។

រៀងរាល់ឆ្នាំ កម្ពុជា​បាន​នាំចេញ​ផល​នេសាទ​ទៅកាន់​ប្រទេស​ចិន សិង្ហ​បុរី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី សហរដ្ឋអាមេរិក ថៃ និង​វៀតណាម ក្នុង​ចន្លោះ​ពី ២៥ ទៅ ៣០ពាន់​តោន ហើយ​ជប៉ុន គឺជា​ប្រទេស​ដែល​នាំចូល​ដ៏​ធំជាងគេ៕

 

 

អត្ថបទ៖ ហៃ សេដ្ឋា

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));