គំនិតអាជីវកម្ម |

ត្រូវ​ធ្វើ​ដូចម្តេច ​នៅពេល​ក្រុមការងារ​ សុំ​ធ្វើការ​នៅផ្ទះ?

ការងារនៅក្រៅការិយាល័យ មិនសូវពឹងអាស្រ័យលើបច្ចេកវិទ្យាប៉ុន្មានទេ ប៉ុន្តែវាត្រូវការទុកចិត្តគ្នាខ្លាំង។

 

 

ការសិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថាការធ្វើការ ពីក្រៅការិយាល័យគឺជាអនាគត នៃពាណិជ្ជកម្ម។ ក្នុងចំណោមនាយកក្រុមហ៊ុន សហគ្រិន និងអ្នកសិក្សាផ្នែកពាណិជ្ជកម្ម ចំនួន៦០០នាក់ ដែលចូលរួមក្នុងសន្និសីទភាពជាអ្នកដឹកនាំ សកលរបស់សាលាពាណិជ្ជក្រុងឡុងដ៍ មាន៣៤%និយាយថា កម្លាំងការងារពេញម៉ោងជាង៥០%  នឹងធ្វើការពីចម្ងាយនៅត្រឹមឆ្នាំ២០២០។ ចំណែកអ្នកចូលរួម២៥%អះអាងថា បុគ្គលិករបស់គេ៧៥% នឹងលែងធ្វើការក្នុងការិយាល័យ ដូចបច្ចុប្បន្ននេះទៀតហើយ។ ហេតុអ្វីបានជាមនុស្សកាន់តែច្រើន មើលឃើញទំនោរនៃការងារឆ្ងាយ ពីការិយាល័យថាជាចរន្តវិជ្ជមាន នៅពេលអនាគត?

 

ការសិក្សាបានបង្ហាញថា ការងារឆ្ងាយពីការិយាល័យ មានអត្ថប្រយោជន៍មួយចំនួន ដូចជាកំណើនផលិតភាព និងភាពច្នៃប្រឌិត ហើយបុគ្គលិកកាន់តែមានសុខភាពល្អឡើង ទាំងកាយនិងចិត្ត។ ទោះបីជាមានចរន្តបែបនេះ កាន់តែច្រើនឡើង ក៏ក្នុងនាមជាមេដឹកនាំ និងជាម្ចាស់ពាណិជ្ជកម្ម អ្នកមិនអាចសម្រេចចិត្តភ្លាមៗថា ត្រូវតែអនុញ្ញាតឱ្យបុគ្គលិកទាំងអស់ ធ្វើការពីផ្ទះមក ឬមិនចាំបាច់មកការិយាល័យ តែម្តងនោះទេ។

 

តើអ្នកអាចដឹងដោយរបៀបណាថា ក្រុមហ៊ុនរបស់អ្នកត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការពីចម្ងាយមកបាន? អ្នកអាចដឹងបានតាមរយៈ សញ្ញាមួយចំនួនពីបុគ្គលិក និងស្ថានភាពការងារបច្ចុប្បន្ន។

 

១/ គូប្រជែងរបស់អ្នក បានទទួលយករបៀបធ្វើការ ពីចម្ងាយរួចទៅហើយ

ទោះបីជាការអនុវត្តតាមរបៀប ដែលគូប្រជែងរបស់អ្នក មិនមែនជារឿងល្អ ក៏អ្នកគួរតែពិចារណា លើការចម្លងតាមទម្លាប់ថ្មីនេះដែរ។ មនុស្សដែលមានគំនិតច្នៃប្រឌិត ចង់បានភាពបត់បែនក្នុងការងារ ហើយគេចង់ធ្វើការពីកន្លែងផ្សេងៗមក។ ភាគច្រើននៃបុគ្គលិកប្រភេទនេះ ចង់ភ្ជាប់ទំនាក់ទំនងពីចម្ងាយ មកក្រុមហ៊ុន។

 

ប្រសិនបើគូរប្រជែងរបស់អ្នក បានទទួលយកទម្លាប់ធ្វើការថ្មីនេះ ហើយអ្នកមិនទាន់បានចាប់ផ្តើមទេ អ្នកនឹងបាត់បង់បុគ្គលិក ដែលមានទេពកោសល្យល្អ ជាមិនខាន ពីព្រោះគេនឹងចេញទៅ ស្វែងរកកន្លែងធ្វើការណា ដែលមានសេរីភាពច្រើន។

 

២/ បុគ្គលិករបស់អ្នកពេញចិត្តនឹងធ្វើការពីផ្ទះមក

ប្រសិនបើបុគ្គលិករបស់អ្នក ទៅជួបអ្នកដើម្បីសុំឱកាសធ្វើការ ពីចម្ងាយមក ឬមួយប្រសិនបើអ្នកស្តាប់ ឮបំណងរបស់បុគ្គលិក ដែលចង់បានរបៀបបត់បែន ក្នុងពេលវេលាធ្វើការងារ នេះជាសញ្ញាមួយទៀត ដែលបញ្ជាក់ថាក្រុមហ៊ុនរបស់អ្នក ប្រហែលជាត្រៀមខ្លួនបត់បែនបានហើយ។ មនុស្សភាគច្រើន មិនបញ្ចេញក្តីបារម្ភ ឬគំនិតដោយគ្មានហេតុផលនោះទេ។

 

គេនិយាយរឿងអ្វីមួយ ពីព្រោះគេចង់បានដំណោះស្រាយ។ នៅក្នុងការសិក្សាអំពីតុល្យភាព ជីវិតនិងការងារ គេឃើញបុគ្គលិក ដែលពេញចិត្តនឹងជីវិតច្រើន គឺជាបុគ្គលិកដែលអាចធ្វើការនៅផ្ទះ ដោយមិនចាំបាច់ទៅការិយាល័យរាល់ថ្ងៃ។ ហេតុដូច្នេះហើយ បើទោះជាមានបុគ្គលិកម្នាក់ ឬបុគ្គលិកទាំងអស់បង្ហាញ បំណងរបស់គេ  អ្នកគួរតែពិចារណា ផ្តល់ជម្រើសនោះដែរពួកគេ។

 

៣/ ការងារខ្លះក្នុងក្រុមហ៊ុនរបស់អ្នកត្រូវគេធ្វើមកពីចម្ងាយហើយ

តើមានរឿងអ្វីកើតឡើង នៅពេលបុគ្គលិកណាម្នាក់ ដែលបម្រុងនឹងចេញទៅធ្វើបទបង្ហាញ ហើយមិនអាចមកធ្វើការបាន ដោយសារកូនរបស់គេឈឺ? ហើយតើមានរឿងអ្វីកើតឡើង នៅពេលបុគ្គលិក មិនអាចធ្វើរបាយការណ៍ទាន់ពេល? គឺអ្នកព្យាយាមទាក់ទងជាមួយគេ ទៅតាមមធ្យោបាយជាក់ស្តែងមែនទេ?

 

រឿងរ៉ាវបែបនេះតែងតែកើតឡើង នៅក្នុងក្រុមហ៊ុនម្តងម្កាលមិនខាន គឺមានន័យថាអ្នកទុកចិត្ត និងបណ្តោយឱ្យបុគ្គលិកធ្វើការនៅផ្ទះ ដោយផ្អែកលើស្ថានភាព ចាំបាច់ជាក់ស្តែង ហើយក៏ទទួលបានលទ្ធផលមិនខុសគ្នាប៉ុន្មានទេ ពីការដែលត្រូវមកការិយាល័យ។ បើបុគ្គលិករបស់អ្នកអាចឆ្លើយតបអ៊ីមែល ឬបង្ហើយកិច្ចការទាន់ពេល ហើយទទួលបានលទ្ធផលល្អ ហេតុអ្វីបានជាគេចាំបាច់ តែបង្ហាញវត្តមាននៅក្រុមហ៊ុន គ្រប់ម៉ោងធ្វើការ?

 

៤/ អ្នកយល់អំពីអត្ថប្រយោជន៍នៃការងារពីចម្ងាយ

ការស្រាវជ្រាវរកឃើញថា ការងារធ្វើពីចម្ងាយជួយសន្សំពេលវេលា លុយកាក់ និងធនធានរបស់ក្រុមហ៊ុនបានច្រើន។ តាមរយៈការជួលកម្លាំងពីខាងក្រៅ ឬជួលឱ្យអ្នកជំនាញក្រៅក្រុមហ៊ុន ធ្វើគម្រោងអ្វីមួយ ឬមួយក៏ស្នើសុំឱ្យបុគ្គលិកណាម្នាក់ របស់អ្នកធ្វើការនៅផ្ទះ ក្រុមហ៊ុនរបស់អ្នក នឹងទទួលបានផលចំណេញច្រើន។

 

តាមពិតទៅគេប៉ាន់ប្រមាណថា ប្រសិនបើក្រុមហ៊ុនអនុញ្ញាត ឱ្យបុគ្គលិកធ្វើការពីចម្ងាយ មកបានពាក់កណ្តាលនៃពេលវេលា ដែលគេត្រូវមកធ្វើនៅការិយាល័យ ក្រុមហ៊ុននោះ សន្សំលុយបានរាប់ម៉ឺនក្នុងមួយឆ្នាំៗ។ ផលចំណេញមួយទៀត គឺឱកាសធ្វើការជាមួយមនុស្ស ដែលពូកែ ដោយមិនចាំបាច់ មានដែនកំណត់ភូមិសាស្រ្ត។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់