គំនិតអាជីវកម្ម | October 12, 2017

បង្កើត​ពាណិជ្ជកម្ម ​ពី​ការសម្រាក

ក្នុងពេលដែលក្រុមហ៊ុនខ្លះ កំណត់ពេលធ្វើការតែបួនថ្ងៃ ក្នុងមួយសប្តាហ៍ ពេលសម្រាកមានកាន់តែច្រើនឡើង។ តើការពេលសម្រាកអាចក្លាយទៅ ជាពាណិជ្ជកម្មមួយទៀតបានទេ សម្រាប់សហគ្រិន?

 

 

មានស្ថាប័នការងារ​ និងបុគ្គលិកកាន់តែច្រើនឡើងៗ ទទួលយកទម្លាប់ថ្មី នៃការងារតែបួនថ្ងៃ ក្នុងមួយសប្តាហ៍ ជាពិសេសនៅក្នុងប្រទេសហ្វីលីពីន។ នេះជាដំណាក់កាលថ្មីមួយ នៃនយោបាយសេដ្ឋកិច្ច ពេលសម្រាករបស់អតីតប្រធានាធិប តីហ្វីលីពីន គឺលោកស្រី Gloria Macapagal-Arroyo ដែលធ្លាប់ជាអ្នកជំនាញ ខាងសេដ្ឋកិច្ច។ លោកស្រី Arroyo ជឿថា ពេលវេលាចុងសប្តាហ៍ច្រើនថ្ងៃ នឹងនាំប្រាក់ចំណូលកាន់តែច្រើន សម្រាប់ពាណិជ្ជកម្ម ដោយសារមនុស្សមានទំនោរចាយលុយច្រើន នៅពេលមិនធ្វើការ។

 

ការសម្រាកពីការងារបីថ្ងៃ ក្នុងមួយសប្តាហ៍បែបនេះ ក៏ជួយឱ្យមនុស្សទទួលបានថាមពលគ្រប់គ្រាន់ ដែលនាំទៅរកផលិតភាពកាន់តែច្រើន នៅពេលចូលធ្វើការវិញ។ ហេតុដូច្នេះហើយ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលមានមនុស្សខ្លះ បង្កើតពាណិជ្ជកម្ម នៅក្នុងពេលចុងសប្តាហ៍ច្រើនថ្ងៃ។ យ៉ាងហោចណាស់មានហេតុផលល្អបី សម្រាប់នយោបាយនៃការសម្រាកបីថ្ងៃ ក្នុងមួយសប្តាហ៍៖

 

១/ ពេលសម្រាកច្រើនថ្ងៃជួយបង្កើតតុល្យភាពការងារនឹងជីវិត

ពេលចុងសប្តាហ៍ច្រើនថ្ងៃ ផ្តល់ពេលវេលាកាន់តែច្រើន ឱ្យបុគ្គលិកបញ្ចូលថាមពល និងអភិវឌ្ឍខ្លួន។ ប្រធាននិងជាស្ថាបនិកក្រុមហ៊ុន Vanguard Assessments អះអាងថា “បុគ្គលិករបស់អ្នកនឹងយកពេលសម្រាកនោះ ទៅរៀនចំណេះដឹងថ្មី ធ្វើដំណើរកម្រាន្ត បង្កើតទំនាក់ទំនងជាមួយគ្រួសារ និងធ្វើកិច្ចការ ដែលមានប្រយោជន៍”។ ចុងសប្តាហ៍បីថ្ងៃ គួរតែផ្តោតលើការសម្រាក និងការរីកចម្រើនផ្ទាល់ខ្លួន ដែលនឹងធ្វើឱ្យជីវិត កាន់តែមានន័យ និងគ្រួសារកាន់តែមានសុភមង្គល។

 

២/ ចុងសប្តាហ៍ច្រើនថ្ងៃក៏អាចមានន័យថាបុគ្គលិកធ្វើការច្រើនជាងមុនដែរ

សហស្ថាបនិកនិងជា​ CEO ក្រុមហ៊ុន Treehouse លោក Ryan Carson យល់ថាចុងសប្តាហ៍បីថ្ងៃ ជួយឱ្យបុគ្គលិកត្រឡប់ចូលធ្វើការវិញ ដោយមានថាមពលនិងសន្ទុះចិត្ត ចង់ធ្វើការខ្លាំងនៅថ្ងៃចន្ទ។ លោក Carson មិនចូលចិត្តរបៀប ដែលសហគ្រិនមួយចំនួន ចំណាយពេល១៦ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីធ្វើការនោះទេ។

 

សហគ្រិនជាច្រើនចង់ធ្វើបែបនេះ ពីព្រោះគេគិតថាវាធ្វើឱ្យគេអស្ចារ្យ ប៉ុន្តែការពិតគេមិនចាំបាច់ ធ្វើការគ្រប់ពេលនោះទេ។ លោក Carson អះអាងថា ពាណិជ្ជកម្មរបស់លោក នៅក្នុងចិត្តលោកគ្រប់ពេល ប៉ុន្តែលោកមិនចាំបាច់ត្រូវបង្ខំក្រុមការងារ ឱ្យធ្វើការគ្រប់ពេលនោះទេ។

 

៣/ ចុងសប្តាហ៍ច្រើនថ្ងៃជាសក្តានុពលនៃប្រាក់ចំណូលបន្ថែម

គោលនយោបាយសេដ្ឋកិច្ច ពេលឈប់សម្រាករបស់លោកស្រី ប្រធានាធិបតី Arroyo ទទួលបានអត្ថប្រយោជន៍ច្រើន នៅក្នុងវិស័យដែលទាក់ទង នឹងទេសចរណ៍។ ការដើរទិញឥវ៉ាន់នៅក្នុងកន្លែងទំនើបៗ អាចជួយបង្កើតការលក់ ពង្រីកផលចំណេញ និងការបង់ពន្ធជូនរដ្ឋាភិបាល។ ប៉ុន្តែសម្រាប់អ្នកដែលធ្វើការ ក្នុងស្ថាប័នផ្សេងទៀតយល់ឃើញថា ពេលវេលាឈប់សម្រាកយូរ នៅចុងសប្តាហ៍បែរជាជះឥទ្ធិពលមិនល្អ ដល់ដំណើរការលក់របស់គេទៅវិញ ពីព្រោះមនុស្សខ្លះ ចូលចិត្តចេញទៅកម្សាន្ត នៅក្រៅក្រុងដែលផុតឆ្ងាយពីសកម្មភាពសេដ្ឋកិច្ច ហើយសម្រាប់ក្រុមហ៊ុនខ្លះទៀត គេត្រូវចាយលុយទ្វេដងជួលបុគ្គលិក ឱ្យធ្វើការនៅពេលចុងសប្តាហ៍បីថ្ងៃនេះ។

 

ប្រែសម្រួល៖ វេហា

ប្រភព​៖ Inc. Southeast

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));