គំនិតអាជីវកម្ម | October 12, 2017

វិធីសាស្រ្ត​បី​ សម្រាប់​សហគ្រិន​ពូកែ

មនុស្សដែលចង់ក្លាយជាសហគ្រិន អាចចុះឈ្មោះចូលរៀនមុខវិជ្ជា ពាណិជ្ជកម្មបាន ហើយមនុស្សដែលមានបទពិសោធន៍ ក្នុងពាណិជ្ជកម្មស្រាប់ ក៏នៅតែអាចបន្តអប់រំខ្លួន និងរៀនជំនាញថ្មីៗ បន្ថែមទៀតបានដែរ។

 

 

ការអប់រំនៅមហាវិទ្យាល័យ ជារឿងអស្ចារ្យហើយ ប៉ុន្តែមិនមែនសហគ្រិនគ្រប់គ្នា សុទ្ធតែមានពេលវេលា និងលុយគ្រប់គ្រាន់ សម្រាប់រៀនបួនឆ្នាំនោះទេ។ សម្រាប់មនុស្សដែលបានប្រឡូក ក្នុងវិស័យការងារជាក់ស្តែង សញ្ញាបត្រគ្រាន់តែជាសំបុត្រ អនុញ្ញាតមួយច្បាប់តែប៉ុណ្ណោះ។ សហគ្រិនត្រូវការអ្វីៗ លើសពីក្រដាសមួយសន្លឹកនេះទៀត គឺគេត្រូវការជំនាញ និងចំណេះដឹងជាក់ស្តែង ដើម្បីអនុវត្តជាក់ស្តែង។

 

និស្សិតសព្វថ្ងៃនេះ មិនរៀនក្នុងរបៀប ដូចកាលពី២០ឆ្នាំមុនទេ គឺគេមិនគ្រាន់តែអង្គុយស្តាប់ទ្រឹស្តីទេ តែគេចង់បានឱកាសច្រើន ដើម្បីអនុវត្តជំនាញណា ដែលចាំបាច់ក្នុងការធ្វើ ពាណិជ្ជកម្មពិតប្រាកដ។ ទោះជានៅក្នុងមហាវិទ្យាល័យ ឬនៅក្នុងពិភពពាណិជ្ជកម្ម ក៏អ្នកគួរពិចារណា ដល់យុទ្ធសាស្រ្តទាំងបីនេះ ប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនឆ្នើម​៖

 

១/ វិនិយោគលើអ្នកណែនាំបង្ហាញផ្លូវ

កុំព្យាយាមដោះស្រាយបញ្ហាដំបូងៗ ដោយខ្លួនឯងច្រើនពេក តែត្រូវស្វែងរកដំបូន្មាន ពីអ្នកជំនាញ ដែលមានបទពិសោធន៍ច្រើនជាងអ្នក។ អ្នកណែនាំបង្ហាញផ្លូវដើរតួសំខាន់ណាស់ ក្នុងការជួយត្រួសត្រាយផ្លូវ ជោគជ័យរបស់សហគ្រិន ពីព្រោះគេប្រាប់នូវអ្វី ដែលគួរជៀសវាង និងអ្វីដែលគួរតែយកចិត្តទុកដាក់ ទាំងមុននិងនៅពេលជួបបញ្ហា។

 

នៅពេលត្រៀមខ្លួនរួចរាល់ ដើម្បីសុំឬជួលនរណាម្នាក់ មកធ្វើជាអ្នកបង្ហាញផ្លូវ អ្នកត្រូវបង្កើតពេលវេលា សន្ទនាទល់មុខគ្នា ដោយគ្មានការរំខានពីខាងក្រៅ។ ការសន្ទនានោះ គួរតែធ្វើឡើងក្នុងរបៀបសន្សឹមៗ ដើម្បីរៀបរាប់គោលដៅ និងបញ្ហាឱ្យបានច្បាស់លាស់ ហើយអ្នកត្រូវតែបង្ហាញឱ្យច្បាស់ថា អ្នកចង់បានអ្វី។

 

២/ ចូលរួមជាមួយក្រុមដែលមានគំនិតជាសហគ្រិន

មនុស្សទាំងអស់មានទំនោររាប់អានអ្នក ដែលមាននិស្ស័យ និងចំណង់ចំណូលចិត្ត ប្រហាក់ប្រហែលគ្នា។ ដូច្នេះអ្នកមិនត្រូវផ្តាច់ខ្លួន ចេញតែឯងដោយមិនចាំបាច់នោះទេ តែត្រូវស្វែងរកឱកាសថ្មីៗ ដើម្បីសហការជាមួយអ្នកដទៃ។ សហគ្រិននិងអ្នកច្នៃប្រឌិត តែងតែរកវិធីជួបគ្នា ដើម្បីបង្កើតបណ្តាញទំនាក់ទំនង សហការ និងជជែកគ្នាអំពីគម្រោង និងកិច្ចការដែលគេធ្វើ។

 

នៅពេលទាក់ទងនឹងអ្នកដទៃ អ្នកត្រូវតែដឹងច្បាស់ គោលបំណងរបស់ខ្លួនឯងថា ចង់បានអ្វី។ ព្រឹត្តិការណ៍បង្កើតបណ្តាញទំនាក់ទំនង ហាក់ដូចជាសម្រាប់តែមនុស្ស ដែលស្វែងរកការងារធ្វើទេ ប៉ុន្តែសហគ្រិនជាច្រើន ក៏ចូលរួមក្នុងព្រឹត្តិការណ៍បែបនេះដែរ ដើម្បីផ្សព្វផ្សាយក្រុមហ៊ុនរបស់គេ និងដើម្បីបង្កើតភាពជាដៃគូ។

 

៣/ ទុកសៀវភៅទ្រឹស្តីមួយកន្លែងសិន

មានសកលវិទ្យាល័យមិនច្រើនទេ ដែលផ្តល់ឱកាសឱ្យនិស្សិតបណ្តុះជំនាញ ផ្នែកអាកប្បកិរិយា និងទំនាក់ទំនង។ ប៉ុន្តែក្នុងពេលដែលពិភពលោក កំពុងតែបោះជំហានចូលទៅ ក្នុងយុគសម័យបដិវត្តន៍ ឧស្សាហកម្មបន្ទាប់ ជំនាញអាកប្បកិរិយានិងទំនាក់ទំនងនេះ ដើរតួកាន់តែសំខាន់ក្នុងដំណើរ ជោគជ័យរបស់សហគ្រិន។

 

យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក ជំនាញខាងដោះស្រាយបញ្ហាស្មុគ្រស្មាញ ភាពច្នៃប្រឌិត ប្រាជ្ញាអារម្មណ៍ និងជំនាញចចារនឹងមានតម្រូវការខ្លាំងបំផុត នៅត្រឹមឆ្នាំ២០២០ខាងមុខនេះ។

 

អ្នកមិនអាចរៀនគិតបែបច្នៃប្រឌិត ពីសៀវភៅបានទេ ពីព្រោះវិធីរៀនដែលល្អបំផុត គឺអនុវត្តន៍។ បង្កើតបរិយាកាសល្អ នៅកន្លែងធ្វើការ ហើយលើកទឹកចិត្តក្រុមការងារ ឱ្យរៀនបំផុសគំនិត ឬបង្កើតស្ថានភាពលំបាក ដើម្បីរៀនដោះស្រាយ។

 

ប្រែសម្រួល៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));