គំនិតអាជីវកម្ម |

គន្លឹះ៥ដែលនិរន្តរភាពនិងទំនួលខុសត្រូវសង្គមជួយសហគ្រិន

អតិថិជនដែល​មានការយល់ដឹង​តែងតែចង់បាន​និងប្រើប្រាស់​ផលិតផលឬសេវាកម្មដែលឱ្យតម្លៃនិងគិតគូដល់បញ្ហាបរិស្ថាន ទំនួលខុសត្រូវសង្គម និងពាណិជ្ជកម្មដែលយុត្តិធម៌។ ការផ្សារភ្ជាប់ជម្រើសសេដ្ឋកិច្ចនិងសង្គម​ផ្តល់ឱ្យសហគ្រិន​នូវឱកាសទីផ្សារយ៉ាងអស្ចារ្យ ហើយយ៉ាងហោចណាស់មានហេតុផល៥យ៉ាងដែលសហគ្រិនទាំងអស់គួរតែធ្វើបែបនេះ​៖

 

 

១/ ធ្វើតាមហេតុផលឬតាមការនឹកឃើញ

មនុស្សទូទៅជឿថាការសម្រេចចិត្តទិញរបស់គេផ្អែកលើមូលដ្ឋាននៃជម្រើសប្រកបដោយហេតុផល ប៉ុន្តែអតិថិជនភាគច្រើន​សម្រេចចិត្តទិញអ្វីមួយដោយផ្អែកលើអារម្មណ៍។ បញ្ហាក្តីៗរបស់សង្គមដូចជាការកាប់បំផ្លាញព្រៃឈើ និងបញ្ហាអត់ឃ្លាន​នៅក្នុងប្រទេសក្រីក្រអាចក្លាយជាឧបករណ៍ទីផ្សារ​បាន​ប្រសិនបើក្រុមហ៊ុនរបស់​អ្នកប្រើប្រាស់​ក្រដាស​ឬផលិតផលដែលគិតគូរដល់បរិស្ថាន​និងបែងចែកភាគរយផលចំណេញទៅជួយកិច្ចការមនុស្សធម៌។ កិច្ចប្រឹងប្រែង​ទាំងអស់នេះ​នឹងបង្កើតបានភក្តីភាពរបស់អតិថិជន​ ហើយគេនឹងផ្សព្វផ្សាយតៗគ្នាយ៉ាងឆាប់រហ័ស។

 

២/ ចំណាយដោយផ្អែកលើមូលហេតុ

អតិថិជនខ្លះ​មានមូលហេតុប្រចាំខ្លួន គឺគេជ្រើសរើសប្រើប្រាស់ផលិតផលតែពីក្រុមហ៊ុន​ដែលគាំទ្រដល់មូលបុព្វហេតុរបស់គេទេ ហើយប្រឆាំងនឹងបុព្វហេតុផ្ទាល់ខ្លួនគេដូចជាការធ្វើបាបសត្វ និងការប្រែក្លាយអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពជាដើម។ ការចំណាយលុយតាមបុព្វហេតុអាចមានឥទ្ធិពលយ៉ាងខ្លាំងលើពាណិជ្ជកម្មតូចតាច។ នៅពេលប្រឈមនឹងជ​ម្រើសក្នុងការទិញផលិតផលពីរប្រភេទដែលមានគុណភាពនិងតម្លៃស្មើគ្នា អតិថិជននឹងសម្រេចចិត្តជ្រើសរើសយកផលិតណាដែលបម្រើបុព្វហេតុដូចគេមិនខាន។

 

៣/ រឿងក្តៅៗរបស់សង្គម

រឿងក្តៅៗរបស់សង្គមច្រើនតែកើតចេញពីពត៌មានដែលមហាជនលើកយកមកនិយាយប្រចាំថ្ងៃដូចជាបញ្ហាសុខភាពនិងបញ្ហាប្រឈមរបស់សង្គមជាដើម។ សហគ្រិនអាចប្រើប្រាស់​បញ្ហាសង្គមដើម្បី​ផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់គេយ៉ាងមានប្រសិទ្ធភាព។ ឧទាហរណ៍ថាសង្គមមួយកំពុងតែព្យាយាមលើកកម្ពស់ផលិតផលក្នុងស្រុក ហើយបើអ្នកអាចចូលរួមក្នុងយុទ្ធនាការនេះតាមរយៈការបង្ហាញអត្តសញ្ញាណនិងគុណតម្លៃនៃផលិតផលរបស់អ្នកថាពិតជាកើតចេញពីស្នាដៃនិងធនធានក្នុងស្រុក ហើយបម្រើប្រយោជន៍ដល់សហគមន៍មែន អតិថិជននឹងគាំទ្រអ្នកច្រើនជាងគូប្រជែងរបស់អ្នក។

 

៤/ អប់រំក្នុងរូបភាពកម្សាន្ត

ការធ្វើទីផ្សារដែលបម្រើបុព្វហេតុបរិស្ថាននិងសង្គមក៏អាចធ្វើឡើងក្នុងរបៀបជាការកម្សាន្តបានដែរ។ លទ្ធនៃយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងរូបភាពកម្សាន្តគឺការរលាយចូលគ្នាយ៉ាងឥតខ្ចោះនៃការអប់រំនិងការយល់ដឹងនូវទំនាក់ទំនងរវាងអារម្មណ៍អតិថិជននិងបេសកកម្មរបស់ក្រុមហ៊ុនអ្នក។ ក្នុងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មនិងការអប់រំក្នុងរូបភាពនៃការកម្សាន្តនេះអាចធ្វើបានក្នុងរបៀបផ្សេងដូចជាផលិតវីដេអូខ្លីបង្ហោះលើអ៊ីនថឺណិតឬរៀបចំព្រឹត្តិការណ៍សង្គមក្នុងឱកាសឆ្នាំថ្មីជាដើម។  

 

៥/ ចរន្តបណ្តាញសង្គម

ពត៌មាននៅតាមបណ្តាញសង្គមកំពុងតែមានប្រជាប្រិយភាពខ្លាំងឡើងៗ​ ហើយវាអាច​ជាឧបករណ៍ដែលអ្នកប្រើប្រាស់​ដើម្បីធ្វើទីផ្សារនិងលក់ផលិតផលឬសេវាកម្មរបស់អ្នកបាន។ អ្នកអាចប្រើប្រាស់វេទិកាអ៊ីនថឺណិតនេះ​ដើម្បី​ផ្សព្វផ្សាយ អប់រំ និងផ្សារភ្ជាប់អតិថិជនដែលមានចំណង់ចំណូលចិត្តស្រដៀងគ្នា។ ទោះជាអ្នកមានឆន្ទៈដូចម្តេចក៏ដោយ ក៏អ្នកនឹងរកឃើញមនុស្សរាប់លាននាក់​ផ្សេងទៀតដែលមានឆន្ទៈប្រហាក់ប្រហែលគ្នាហើយផ្សារភ្ជាប់​និង​គាំទ្រគ្នាទៅវិញទៅមក ដែលជាលទ្ធផល​ដំណើរការលក់របស់ក្រុមហ៊ុនអ្នកនឹងរីកចម្រើន។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់