គំនិតអាជីវកម្ម | January 05, 2017

បើចង់បើកហាងកាហ្វេ សូមស្តាប់ដំបូន្មានអ្នកមានពិសោធន៍

អាជីវកម្មកាហ្វេទំនើបកំពុងតែមានប្រជាប្រិយភាពខ្លាំង ដែលមានហាងកាហ្វេកាន់តែច្រើនឡើងបើកថ្មីនិងពង្រីកសាខាជាបន្តបន្ទាប់។ កាហ្វេមួយកែវ$៣មិនមែនជាបញ្ហាធំសម្រាប់អតិថិជនភាគច្រើនទេ ប្រសិនបើម្ចាស់អាជីវកម្មស្គាល់ច្បាស់របៀបធ្វើទីផ្សារនិងរៀនសូត្រអនុវត្តតាមចំណុចខាងក្រោមនេះ​៖

 

 

 

១/ ប្រើប្រាស់អ៊ីនថឺណិត

កុំភ្លេចអ៊ីនថឺណិតព្រោះវាជាមធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងមានប្រសិទ្ធភាពបំផុត ហើយក៏អាចជាច្រកនៃការលក់ផលិតផលដោយផ្ទាល់ទៅអតិថិជនដែលបញ្ជាទិញតាមអ៊ីនថឺណិតដែរ។

 

២/ ស្តាប់ការចង់បានរបស់អតិថិជន

ម្ចាស់អាជីវកម្មកាហ្វេត្រូវតែបង្កើតអត្តសញ្ញាណសម្រាប់ហាងរបស់ខ្លួន ប៉ុន្តែក៏ត្រូវចេះបត់បែនតាមកាលៈទេសៈដែរ។ ពេលចាប់ផ្តើមបើកដំបូង ហាងកាហ្វេCorvus Coffee Roasters មានតែវិធីឆុងបែបបុរាណសម្រាប់អតិថិជនពេលព្រឹកមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែក្រោយពីមានសំណូមពរកាន់តែច្រើន គេក៏នាំចូលបច្ចេកវិទ្យានិងប្រើប្រាស់ឧបករណ៍ទំនើបៗ​ដែលពង្រីកខ្លួនកាន់តែធំយ៉ាងរហ័ស។

 

៣/ បង្ហាត់បង្រៀនបុគ្គលិក

ការពង្រឹងសមត្ថភាពក្រុមការងារតាមរយៈការអប់រំនិងបំពាក់បំប៉នជំនាញបន្ថែមគឺជាវិនិយោគដែលត្រឹមត្រូវដើម្បីរីកចម្រើន។ អ្នកមានពិសោធន៍ក្នុងអាជីពនេះណែនាំឱ្យចាប់ដៃគូជាមួយនឹងស្ថាប័នដែលបណ្តុះបណ្តាលវិជ្ជាជីវៈនិងចុះឈ្មោះឱ្យបុគ្គលិករៀនជំនាញបន្ថែមទាក់ទងនឹងអាជីវកម្មតាំងពីការដាំដុះកាហ្វេ ការផលិតកាហ្វេ រហូតដល់ការចេះមើលគុណភាពកាហ្វេ។

 

៤/ គួរតែលីងកាហ្វេដោយខ្លួនឯងឬទិញស្រាប់?

នេះជារឿងក្នុងចិត្តម្ចាស់អាជីវកម្មហាងកាហ្វេជាច្រើនដែលតែងតែសំឡឹងមើលវែងឆ្ងាយទៅអនាគត។ ការលីងគ្រាប់កាហ្វេដោយខ្លួនឯងអាចផ្តល់លទ្ធភាពឱ្យអ្នកគ្រប់គ្រង​គុណភាពកាហ្វេបានល្អ និងបង្កើតអត្តសញ្ញាណបានយ៉ាងងាយស្រួល។ ប៉ុន្តែ បើអ្នកមិនមានដើមទុនធំដុំ ឬបទពិសោធន៍គ្រប់គ្រាន់ទេ អ្នកគួរតែរកមើលកន្លែងផ្គត់ផ្គង់កាហ្វេលីងស្រាប់ដែលអាចជឿទុកចិត្តបានលើគុណភាព។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

 

មតិយោបល់

អត្ថបទពេញនិយម