គំនិតអាជីវកម្ម | January 04, 2017

មុខជំនួញរបស់អ្នកជោគជ័យហើយ តែអ្នកចង់ឲ្យជំនួញមានឥទ្ធិពលលើអ៊ីនធឺណិត ប្រើគន្លឹះទាំង១០នេះ

គន្លឹះដើម្បី​មានឥទ្ធិពលលើអ៊ីនថឺណិតគឺត្រូវតស៊ូពុះពា​នៅពេល​ហាក់ដូចជាគ្មាននរណា​ម្នាក់​ចាប់អារម្មណ៍។ នៅក្នុង​បរិស្ថាន​អ៊ីនថឺណិត មានឧកាសពិសេស​មួយដើម្បី​ពង្រីក​វត្តមាន​ទៅដល់​មនុស្ស​កាន់តែច្រើន​និង​បង្កើត​ឥទ្ធិពលលើ​ឥរិយាបថរបស់​មនុស្ស​ដោយ​មិនខ្វល់​ថា​អ្នកកំពុងតែលក់ផលិតផល​ឬសេវាកម្មឡើយ។ ខាងក្រោមនេះ​ជា​វិធីសាស្រ្ត​មួយ​ចំនួន​ដែល​អ្នក​គួរតែ​បង្កើតក្រុមហ៊ុន​លើអ៊ីនថឺណិត​៖

 

 

១/ ខ្ចីដៃអ្នកល្បីឈ្មោះប្រើ

វិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បី​បង្កើត​ឥទ្ធិពលរបស់​អ្នក​គឺត្រូវធ្វើយ៉ាងណា​ឱ្យ​អ្នកដែលមាន​ឥទ្ធិពលស្រាប់​និយាយអំពីអ្នក និងចែករំលែក​អ្វីដែល​អ្នកកំពុងតែផ្តល់ជូន។ នេះជាមធ្យោបាយផ្សព្វផ្សាយយ៉ាងល្អបំផុត​ដែលអ្នក​អាចប្រើប្រាស់​ដោយមិនចាំបាច់​ត្រូវចំណាយលុយច្រើន។

 

២/ ធ្វើ​អ្វី​ឱ្យខុសពីគេ

ក្នុងពេលដែល​ប្រកួតប្រជែង​ជាមួយក្រុមហ៊ុន​រាប់​ពានផ្សេងទៀត អ្នក​ត្រូវ​ផ្តល់​ជូន​អតិថិជន​នូវអ្វីដែល​គូប្រជែងរបស់​អ្នក​មិនមាន។ នេះអាចជារបៀបមួយ​ដែលពិបាកបំផុត​ព្រោះអ្នកត្រូវតែ​បង្ហាញភាពស្មោះត្រង់​ ការយកចិត្តទុកដាក់​ និងអត្ថប្រយោជន៍ពិតប្រាកដដល់​អតិថិជន។

 

៣/ ផ្តល់នូវភាពជំនាញ

បើអ្នកស្គាល់អតិថិជនបានកាន់តែច្រើន​និងចែករំលែកជាមួយគេបានកាន់តែច្រើន អ្នកនឹងអាចឡើងខ្ពស់ផុតពីគូប្រជែងក្នុងការបង្កើតឥទ្ធិពល។ សព្វថ្ងៃនេះ​មនុស្ស​ប្រើប្រាស់​អ៊ីនថឺណិតកាន់តែច្រើនដើម្បីស្វែងរកពត៌មាននិងចំណេះដឹងផ្សេងៗដែល​អាចជួយគេដោះស្រាយបញ្ហាស្មុគស្មាញប្រចាំថ្ងៃ។ ដូច្នេះ​នេះជាចន្លោះខ្វះខាតដែល​អ្នកត្រូវតែផ្តល់ជំនាញដើម្បីបំពេញតម្រូវការ។

 

៤/ យកចិត្តទុកដាក់ស្តាប់និងឆ្លើយតបរាល់​សំណូមពរ

ទោះបីជាមនុស្សទូទៅដឹងស្ទើរគ្រប់គ្នាថាការស្តាប់​អតិថិជនជាចំណុចសំខាន់​ ក៏ក្រុមហ៊ុន​ធំៗមួយចំនួន​នៅតែមិនព្រមស្តាប់​ការចង់បាន​ពីអតិថិជន​ដោយយកចិត្តទុកដាក់​ឡើយ ព្រោះគេសន្ឋិដ្ឋាន​ថាអ្វីដែលគេផ្តល់​ជូននោះមានភាពឥតខ្ជោះរួចទៅហើយ។ ប៉ុន្តែ​ក្រុមហ៊ុនណា​ដែលយកចិត្ត​ទុកដាក់​ស្តាប់​អតិថិជន​ តែងតែទទួលបានជោគជ័យធំនៅទីបំផុត។

 

៥/ ប្រកាន់ជំហរឱ្យបានខ្ជាប់ខ្ជួន

ក្នុងការបង្កើត​ជំនឿទុកចិត្ត​ អតិថិជនរបស់​អ្នក​នឹង​កត់សម្គាល់​ភ្លាមៗថាតើ​ក្រុមហ៊ុនរបស់អ្នក​មាន​កែប្រែ​គោលជំហរ​ឬខ្លឹមសារនៃការផ្សព្វផ្សាយដែរឬទេ។ ដើម្បីឆ្លើយតបចំណុចនេះ​អ្នកត្រូវតែរក្សា​ខ្លឺមសារ​ និងរូបភាព​ឱ្យស្របទៅតាម​គោលការដើម​របស់ក្រុមហ៊ុន ហើយព្យាយាមកសាង​ឥទ្ធិពល​លើមូលដ្ឋាន​នៃទំនុកចិត្ត​ដែលមានស្រាប់។ ​

 

៦/ បន្សល់ទុក​នូវការចងចាំ​ដែលល្អៗ

អ្នកមិន​ចាំ​បាច់​បង្កើត​ភាពភ្ញាក់ផ្អើលដើម្បី​ធ្វើ​ឱ្យអតិថិជនចងចាំទេ។ អ្នកអាចបង្កើត​ភាពកំប្លុកកំប្លែង​ ឬមនោសញ្ចេតនាស៊ីជម្រៅដើម្បីផ្សាភ្ជាប់​អតិថិជនរបស់អ្នក​ និងបង្កើ់តជាអនុស្សាវរីយ៍ដែលគេអាចនឹងចងចាំបានយូរ និងចែករំលែកជាមួយមិត្តភក្តិ​របស់គេបន្តទៀត។

 

៧/ បង្ហាញ​ឆន្ទៈ និងសារវិជ្ជមាន

អារម្មណ៍រភើបនិងភាពស្វាហាប់របស់អ្នក​អាច​មានឥទ្ធិពលលើអតិថិជនរបស់អ្នក​និងជំរុញទឹកចិត្ត​គេឱ្យធ្វើសកម្មភាពបាន។ ក្នុងពេលដែលពិភពលោកពោពេញដោយពត៌មាននិងរឿងរ៉ាវអវិជ្ជមានជាច្រើន អ្នកអាចធ្វើខ្លួន​ខុសគេតាមរយៈការបង្កើត​សារវិជ្ជមាន​ដែលពោពេញដោយក្តីសង្ឃឹមនិងស្នាមញញឹមដើម្បីឱ្យអតិថិជនរបស់អ្នក​ចែករំលែកគ្នា។

 

៨/ រក្សាតម្លាភាព

អ្នកត្រូវតែមានភាពច្បាស់លាស់​ក្នុងអ្វីៗ​ទាំងអស់ដែល​អ្នកធ្វើ ហើយត្រូវប្រាកដក្នុងចិត្ត​ថាអ្វីៗទាំងអស់នោះសុទ្ធតែមានហេតុផល​សមរម្យ។ លើកទឹកចិត្តសមាជិកក្រុមការងាររបស់អ្នក​ឱ្យរក្សាតម្លាភាពចំពោះអ្វីៗទាំងអស់​ដែលគេធ្វើក្នុងនាមក្រុមហ៊ុន។

 

៩/ កុំតម្កើងឫក​ ហើយត្រូវបម្រើ​អតិថិជន

ភាពមិនឆ្មើងឆ្មៃមិនធ្វើឱ្យ​ក្រុមហ៊ុន​ទន់ខ្សោយទេ។ អ្នកអាចបង្កើត​ឥទ្ធិពលបានបើទោះជាក្នុងតួនាទីជាអ្នកបម្រើក៏ដោយ។ អតិថិជន​នឹងមើលឃើញ​ថា​អ្នកពិតជាធ្វើអ្វីៗគ្រប់​យ៉ាង​ដើម្បី​ផ្គាប់​ចិត្ត​អតិថិជន​ជា​ជាង​ធ្វើ​ដើម្បី​តែបាន​ប្រយោជន៍ផ្ទាល់ខ្លួន។​

 

១០/ មិនត្រូវបោះបង់​ចោលការព្យាយាម

ការបង្កើន​ឥទ្ធិពល​របស់អ្នក​នឹង​មិន​អាច​កើតឡើង​ទៅរួចទេ​ប្រសិនបើអ្នក​សម្រេចចិត្ត​ឈប់សម្រាក​បន្ទាប់​ពីឡើងបានមួយកម្រិត។ មិនយូរប៉ុន្មាន អ្នកនឹងភ្លេច​ខ្លួន​ហើយក្រុមហ៊ុនផ្សេងទៀតនឹង​ដណ្តើមកន្លែងរបស់អ្នកមិនខាន។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Success Magazine

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));