គំនិតអាជីវកម្ម | January 03, 2017

របៀបប្រែក្លាយចំណង់ចំណូលចិត្តឱ្យទៅជាវិធីរកប្រាក់ចំណូល

តើ​អ្នក​មាន​ជំនាញ​អ្វីមួយ​ដែល​អ្នក​ចូលចិត្តធ្វើនៅពេលទំនេរទេ? ទោះបីជា​អ្នក​គិតថា​វា​គ្រាន់តែ​ជា​ទម្លាប់ដែល​អ្នក​ចូលចិត្តធ្វើ ក៏អ្នក​អាច​មាន​ឱកាស​កែច្នៃ​ទម្លាប់​នោះដើម្បីរកលុយបានដែរប្រសិន​បើ​អ្នក​ពិតជាចេះច្បាស់​នូវអ្វី​ដែល​អ្នក​កំពុងតែធ្វើនោះ។ ដូច្នេះ​អ្នកត្រូវខិតខំសម្លៀងជំនាញបន្ថែមទៀត រៀនរបៀបធ្វើ​ទីផ្សារ និងអភិវឌ្ឍខ្លួន​ជានិច្ចដោយ​ត្រូវចាំគន្លឹះទាំងនេះ៖

 

 

១​/ បង្កើតផែនការណ៍

ដើម្បីចាប់ផ្តើម​រកលុយពីកិច្ចការដែលអ្នកចូលចិត្តធ្វើ អ្នកត្រូវតែ​បង្កើត​ផែនការណ៍ឱ្យបានច្បាស់លាស់។ ដំបូងអ្នកអាច​នឹងសាកល្បង​ធ្វើក្នុងពេលទំនេរ ហើយបន្ទាប់មក​នៅពេលមើលឃើញឱកាសល្អ មានទំនាក់ទំនងច្រើនគួរសមហើយ អ្នកអាចនឹងប្រលូកចូលឱ្យពេញដៃ។ មនុស្សម្នាក់សុទ្ធតែមានចំណង់ចំណូលចិត្តនិងទម្លាប់ខុសៗ​គ្នា ដូច្នេះ​អ្នកអាច​នឹងមានអ្វី​ដែលអ្នកដទៃ​មិនមាន។

 

២/ រកវិធីលក់សេវាកម្ម ឬជំនាញឱ្យបានម្តង

អ្នកមិនអាចយក​ការងារ​ដែល​ជាចំណង់ចំណូលចិត្ត​ទៅរកលុយបានរាប់លាន​ដុល្លារក្នុងពេលពីរបីថ្ងៃភ្លាមៗបានទេ។ គោលដៅទីមួយក្នុង​ការចាប់ផ្តើម​គឺត្រូវធ្វើយ៉ាងណា​លក់​ជំនាញ​របស់​អ្នក​ឱ្យបានម្តងសិនទោះជាក្នុងតម្លៃតិចឬច្រើនប៉ុណ្ណាក៏ដោយ។ មានយុទ្ធសាស្រ្តច្រើនណាស់​ដែលអ្នកអាចចាប់ផ្តើមបានអាស្រ័យ​ទៅតាម​ប្រភេទ​ផលិតផល​ឬសេវាកម្មរបស់​អ្នក។ បណ្តាញសង្គម​អាច​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ឥទ្ធិពល​ប្រសិនបើ​អ្នក​ព្យាយាម​ផ្សព្វផ្សាយ​ក្នុងពេលដែល​មាន​ធនធានតិចតួច។

 

៣/ រៀនប្រើពេលឱ្យ​មានប្រយោជន៍បំផុត

សម្រាប់​មនុស្ស​ភាគច្រើន ធ្វើការពេញម៉ោង​ឬមកចំណាយពេលធ្វើការបន្ថែម​តាម​ចំណង់ចំណូលចិត្តទៀតគឺជារឿង​មិនអាច​ទៅរួចទេ។ ដូច្នេះ​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ អ្នក​ត្រូវ​មានភាពច្នៃ​ប្រឌិត​ចំពោះការ​ប្រើប្រាស់ពេល។ ប្រហែល​អ្នកត្រូ​វក្រោកពីដំណេក​មួយម៉ោងមុនពេលធម្មតា និងត្រូវធ្វើការ​មួយចំនួន​មុនពេលចាប់ផ្តើម​ធ្វើការ​ប្រចាំថ្ងៃ។​ បើអ្នកមានកូនដែលត្រូវមើលថែ អ្នកអាចនឹងបញ្ចុះបញ្ចូល​កូនៗឱ្យចេះរីករាយ​នឹង​កិច្ចការបន្ថែមរបស់អ្នកដើម្បីមានភាពងាយស្រួល​ក្នុងការ​មើលថែពួកគេផង​និងធ្វើកិច្ចការដែលអ្នកចង់ធ្វើផង។

 

៤/ បង្កើតវត្តមាននៅលើអ៊ីនថឺណិត

នៅក្នុងពាណិជ្ជកម្មសព្វថ្ងៃនេះ ម​នុស្សគ្រប់គ្នា​ត្រូវការវត្តមានលើអ៊ីនថឺណិតដើម្បី​បង្កើត​និងផ្សព្វផ្សាយសកម្មភាព។ អ្នកអាច​នឹង​បង្កើតគេហទំព័រផ្ទាល់​ខ្លួន ឬបណ្តាញសង្គមដែលមានការពេញនិយមច្រើន​ និងព្យាយាម​បង្កើត​អត្តសញ្ញាណតាមរយៈការ​បង្ហាញ​ទេពកោសល្យ​និងជំនាញដែលអ្នកមាន​ឱ្យមនុស្សទូទៅបានដឹង។ បើអ្នក​មិនដឹង​ថា​ត្រូវ​ចាប់ផ្តើម​ដូចម្តេចទេ អ្នក​គួរតែ​គំរូអ្នកដទៃជាច្រើន​នៅតាម​អ៊ីនថឺណិត ហើយរៀនសូត្រចំណុចមួយចំនួនពីអ្នកទាំងនោះ។

 

៥/ បង្កើតបណ្តាញទំនាក់ទំនង

មនុស្សតិចតួចណាស់នឹង​ស្គាល់​អ្នក​ដោយចៃដន្យ ហើយរឿងរ៉ាវ​ពាណិជ្ជកម្ម​ជោគជ័យភាគច្រើន​កើតឡើងតាមរយៈ​ការនិយាយតៗគ្នានិងតាមរយៈ​ការបង្កើតបណ្តាញ។ អ្នកត្រូវតែប្រុងប្រៀប​ខ្លួន​ឱ្យសកម្ម​ក្នុងតួនាទីផ្សព្វផ្សាយខ្លួនតាមរយៈ​ការចូលរួម​ក្នុងសិក្ខាសាលា ឬកម្មវិធីជួបជុំ​ផ្សេងៗ។ អ្នកនឹងរៀនសូត្របានយ៉ាងច្រើន​ពីការចូលរួម​ព្រឹត្តិការ​សង្គម​ទាំងនេះ​ ហើយបង្កើត​បណ្តាញបានជាច្រើន។

 

៦/ យកចិត្តទុកដាក់ឱ្យដូចការងារពេញម៉ោង

ចំណុចចុងក្រោយដែលត្រូវចាំ​គឺអ្នក​គួរតែយកចិត្តទុកដាក់​ចំពោះ​ការងារដែលជាចំណង់ចំណូលចិត្តឱ្យដូចនឹងការងារពេញម៉ោងរបស់អ្នក។ ប្រសិនបើអ្នកចង់​ប្រែក្លាយវាឱ្យទៅជាប្រភពចំណូលធំនៅថ្ងៃខាងមុខ អ្នកត្រូវផ្តល់ការយកចិត្តទុកដាក់​ឱ្យបាន​គ្រប់គ្រាន់។ អ្នកអាចលៃពេលវេលាមួយសមរម្យ ស្វែងយល់ឱ្យកាន់តែច្បាស់​តាមរយៈការអាន រៀនយុទ្ធសាស្រ្ត​ទីផ្សារ និងប្តេជ្ញាចិត្តអភិវឌ្ឍខ្លួនជានិច្ច។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

 

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));