គំនិតអាជីវកម្ម | January 03, 2017

ទម្លាប់អាក្រក់ទាំង៤ដែលធ្វើឱ្យសេដ្ឋីធ្លាក់ខ្លួនក្រ

កំហុសឆ្គងដ៏ធំដែលសេដ្ឋីជើងថ្មីតែងតែបង្កើតគឺការគិតថា​គេមានលុយ​ច្រើន​រហូត​ដល់​ចាយ​មិនចេះអស់។ សេដ្ឋីដែល​កាន់តែមាន​ឡើងគឺជាមនុស្ស​ដែល​មាន​ទម្លាប់​រៀបចំផែនការណ៍យ៉ាង​យកចិត្តទុកដាក់​និងចាយវាយប្រកបដោយភាពវៃឆ្លាត។ ជាងនេះទៅទៀត គេមានទម្លាប់​អប់រំខ្លួន​ជាប្រចាំ ក្រោកពីព្រឹក និងថែទាំសុខភាពខ្លួនឯង។ ប៉ុន្តែ​ក៏មានសេដ្ឋី​ដែល​គ្មាន​ទម្លាប់​គ្រប់គ្រងខ្លួនដែរដែល​មិនយូរមិនឆាប់​ក៏ធ្លាក់ខ្លួនក្រវិញ។ ខាងក្រោមនេះ​ជាទម្លាប់​អាក្រក់​ដែល​ធ្វើ​ឱ្យ​អ្នកមាន​ថ្មោងថ្មី​ធ្លាក់​ខ្លួនក្របាន៖

 

 

 

១/​ មិន​តាមដាន​ការចំណាយ

មនុស្សគ្រប់គ្នា​មិនថាមាន​ឬក្រទេ ត្រូវការផែនការថវិកាផ្ទាល់ខ្លួន។ ពេលគិតដល់រឿង​លុយកាក់​ អ្នកគួរតែតាមដាន​គ្រប់ការចំណាយទាំងតិចទាំងច្រើន។ អ្នកត្រូវកំណត់​ផែនការណ៍ចាយវាយ​រួច​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ។ មនុស្សខ្លះមិនទាំងដឹង​ថា​លុយរបស់​គេ​បាត់​ទៅលើអ្វីខ្លះ​ផងក្នុង​មួយខែៗ។ នៅទីបំផុត ទាំងសេដ្ឋី​ទាំងមិនមែនសេដ្ឋី សុទ្ធតែបានខ្ជះខ្ជាយលុយកាក់​យ៉ាងច្រើន​ព្រោះគេមិនបាន​តាមដាន​ការចំណាយរបស់គេ។ ដំបូងឡើយ ការចំណាយខុសគម្រោងទាំងនេះហាក់​ដូចជាមិនច្រើនទេ ប៉ុន្តែបន្តិចម្តងៗអ្នកនឹងឃើញថា​វាពិតជាមានចំនួនច្រើនរហូតដល់អ្នកមិននឹកស្មានដល់។ 

 

២/ ទិញរបស់ថ្លៃនិងទិញតាមអារម្មណ៍នឹកឃើញ

សេដ្ឋីដែលធ្លាក់​ខ្លួនក្រវិញមានទម្លាប់​អាក្រក់ក្នុងការទិញឥវ៉ាន់តាម​អារម្មណ៍នឹកឃើញ។ ឧទាហរណ៍​នៅពេល​គេមិនសប្បាយចិត្តនឹងការងារ គេទៅដើរផ្សារទំនើប ឬពិនិត្យ​មើល​ទំនិញថ្មីៗលើអ៊ីនថឺណិតដោយឥតបានគិតទុកជាមុនថាត្រូវការ​អ្វីឱ្យ​ពិតប្រាកដឡើយ។ សេដ្ឋីដែលឈរជើងបានយូរជាមនុស្សដែល​មានទម្លាប់​ចាយវាយ​ត្បិតត្បៀត ហើយអ្វីដែលកាន់តែ​ចាប់អារម្មណ៍ជាងនេះទៅទៀត គឺគេច្រើនតែទិញទំនិញនៅពេល​មាន​កម្មវិធីបញ្ចុះតម្លៃ។ 

 

៣/ មិនមានប្រភពចំណូលច្រើនច្រក

សេដ្ឋីដែល​ខិតខំបង្កើតទ្រព្យតាំងពី​បាតដៃ​ទទេច្រើន​តែជាមនុស្ស​ដែល​មានប្រភពចំណូលច្រើនច្រក។ សូម្បីតែ​​មនុស្សដែលក្លាយជាសេដ្ឋី​ហើយ​ក៏ត្រូវការ​ប្រភពចំណូលច្រើនច្រកទៀតដែរដើម្បីកាន់តែមានថែមទៀត និងជៀសផុតពីការដើរថយក្រោយវិញ។ ឧទាហរណ៍ជាក់ស្តែង អ្នកជំនួញប្រេងជនជាតិប្រេស៊ីលមួយរូបដែលមានទ្រព្យសម្បត្តិសរុប៣៥ពាន់លានដុល្លារ។ គេជឿថាគ្មានអ្វីអាច​ធ្វើឱ្យប៉ះពាល់ដល់​ទ្រព្យមហាសាលគេបានទេ ប៉ុន្តែនៅពេលការផលិតប្រេងចុះខ្សោយ​និងថ្លៃលក់ធ្លាក់ចុះទៀត អ្នកជំនួញមានទ្រព្យមហាសាលនេះត្រូវធ្លាក់ខ្លួនក្រភ្លាម។

 

៤/ មិនចេះអត់ធ្មត់និងឆេវឆាវ

ខុសពីវិនិយោគិនជើងចាស់​ដែលតែងតែ​អត់ធ្មត់​និងរក្សាចរិតនឹងធឹង អ្នកវិនិយោគឆេវឆាវប្រើ​ចរិតធ្វើអ្វីៗតាមចិត្តក្តៅក្នុង​ការបង្កើត​មុខជំនួញ។ ហើយអ្វីដែល​កាន់​តែ​អាក្រក់​ជាងនេះទៅទៀតនោះគឺ​ដោយសារគេអាចរកលុយបានរាប់​លាន គេក៏ជឿថាខ្លួនគេមិន​ត្រូវការ​ដំបូន្មានពីវិនិយោគិនជើងចាស់​អ្វីទាំងអស់។ ដើម្បីគេចផុតពីការវិនិយោគបែបហេងស៊យ អ្នកត្រូវតែអប់រំខ្លួនឱ្យស្គាល់របៀបគ្រប់គ្រងលុកកាក់ និងត្រូវគិតឱ្យគ្រប់ជ្រុង​ជ្រោយមុននឹងវិនិយោគលើគម្រោងអ្វីមួយ។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

 

 

មតិយោបល់

អត្ថបទពេញនិយម