គំនិតអាជីវកម្ម | January 02, 2017

រឿង៤យ៉ាងដែលសហគ្រិនគ្រប់រូបត្រូវធ្វើក្នុងសប្តាហ៍ទីមួយនៃឆ្នាំថ្មី

អ្នក​មិន​ត្រឹមតែ​ធ្វើខ្លួន​ឱ្យរវល់ធម្មតាៗទេ តែត្រូវរវល់​នឹង​រឿង​ដែល​ចាំបាច់​ ជាមូលដ្ឋាន​សម្រាប់​ការរីកចម្រើន​ក្នុង​រយៈ​១២ខាងមុខនេះទៀត។ ដើមឆ្នាំថ្មី​ជាពេល​ដែល​ត្រូវ​ចាប់ផ្តើម​គិត​និងធ្វើ​អ្វី​ដែលថ្មីៗ។ ទោះបី​អ្នក​មានក្រុមហ៊ុនធំ​ឬតូច​ប៉ុណ្ណា ឬក្រុមហ៊ុន​ប្រភេទ​អ្វី​ក៏ដោយ អ្នក​ត្រូវតែធ្វើ​រឿង​ទាំង៤​នេះប្រសិនបើ​អ្នក​មាន​គោលដៅ​បង្កើន​ផលចំណេញ និងដណ្តើមចំណែកទីផ្សារ​ក្នុងឆ្នាំថ្មីនេះ​៖

 

 

១/ ផែនការណ៍១០០​ថ្ងៃ

​តាំង​ពី​លោក Franklin Roosevelt បានចាប់ផ្តើម​នាំប្រើប្រាស់​ផែនការណ៍នេះ​ក្នុងទសវត្ស១៩៣០​មកដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​នៅក្នុង​សេតវិមាន ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ទាំងអស់​សុទ្ធតែ​បាន​ធ្វើតាម​ទៅ​ជាប្រពៃណី។ ផែនការណ៍​នេះ​មាន​គោលដៅខ្លីៗ​ដែល​អាចសម្រេចបានហើយ​ដែល​ជាបំណែកតូចៗនៃទស្សនវិស័យវែងឆ្ងាយរបស់​ប្រធានាធិបតីក្នុងការដឹកនាំ​ប្រទេស។ សហគ្រិន​គួរតែ​សរសេរ​ផែនការណ៍១០០ថ្ងៃ​របស់​ខ្លួន​ដែរដើម្បី​ធ្វើ​ជាផែនទី​ចង្អុលបង្ហាញ​ផ្លូវទៅរកផលិតភាព​និង​ផលចំណេញនៃក្រុមហ៊ុន។ នៅពេល​ផែនការណ៍នេះបញ្ចប់ទៅក្នុងពាក់កណ្តាល​ខែមេសា សហគ្រិន​នឹងដឹង​ថា​ខ្លួន​គេសម្រេចបាន​អ្វីខ្លះ​ក្នុង​ពេល១០០ថ្ងៃខាងដើមឆ្នាំ​នេះ​ ហើយ​គួរតែធ្វើ​អ្វី​ដើម្បីកែតម្រូវខ្លួនឯងប្រសិនបើ​មានគោលដៅដែលមានសម្រេចដូចគ្រោងទុក។

 

២/ រៀបចំការិយាល័យ

ទោះបី​អ្នក​ជឿលើហុងស៊ុយ ឬគ្រាន់តែ​រៀបចំ​ទុកដាក់​សម្ភារៈប្រើប្រាស់​ក្នុងការិយាល័យ​ឱ្យមាន​សណ្តាប់ធ្នាប់​ ក៏ការ​ឧស្សាហ៍សម្អាតនិងរចនា​បន្ទប់ធ្វើការ​ឱ្យទាក់ទាញភ្នែក​ជារឿងចាំបាច់ដែរ។ អ្នកអាចនឹងចំណាយពេលចុងសប្តាហ៍ណាមួយ​ ជាពេលដែល​បុគ្គលិកផ្សេងទៀត​អាច​ចូលមកជួយរៀបចំ​និង​ជញ្ជូនចេញ​ឯកសារណា​ដែល​លែងចាំបាច់។ ការរៀបចំបន្ទប់​ធ្វើការ​មិនត្រឹមតែ​ជួយ​អ្នក​ឱ្យ​ធ្វើការ​បានស្រឡះមុខមាត់​ជាង​មុនទេ ប៉ុន្តែ​វាក៏ជួយឱ្យទាក់​ភ្នែកភ្ញៀវនិងអតិថិជន​ដែលមើលមកការិយាល័យរបស់អ្នក​​ឃើញ​មាន​លក្ខណៈវិជ្ជាជីវៈ​និងទំនុកចិត្តខ្ពស់។

 

៣/ បញ្ឈប់បុគ្គលិកណាដែលគួរតែបញ្ឈប់

អ្នកប្រហែល​ជាធ្លាប់​ព្យាយាមជួយអន្តរាគមន៍ក្នុងរឿងជាច្រើន​ឬព្រងើយកន្តើយ​នឹងបញ្ហាខ្លះៗ​ដោយសង្ឃឹមថា​អ្វីៗ​នឹងប្រសើរឡើង។ ប៉ុន្តែ​ការមាន​បុគ្គលិក​ទន់ខ្សោយ​នៅក្នុងក្រុម​ការងារ​ជា​បញ្ហាប្រឈមធំមួយ​សម្រាប់​ការ​អភិវឌ្ឍក្រុមហ៊ុន។ បើកន្លងមក​អ្នកមិនមាន​ភាពក្លាហាន​ដើម្បីបញ្ឈប់​បុគ្គលិកប្រភេទនេះទេ ឆ្នាំ​ជាឱកាសល្អ​សម្រាប់​អ្នក​តាំងចិត្ត​​ដើម្បីជំរុញគេចោល ដោយមិនត្រូវបង្អង់យូរទៀតឡើយ។ បើនៅតែពិបាកសម្រេចចិត្តមិនហ៊ានបញ្ឈប់បុគ្គលិកខ្វះសមត្ថភាព អ្នកគួរតែពិចារណាលើចំណុចមួយចំនួននេះ គឺការខាតបង់​ក្នុងផលិតភាព ត្រូវចំណាយពេលតាមដាននិងគ្រប់គ្រងគ្រប់ជំហាន ខូចខាត​ទំនាក់ទំនងអតិថិជន និងខាងបង់ប្រាក់ចំណូលជារូម។

 

៤/ ឡើងឱ្យខ្ពស់ ឬឡើងឱ្យកាន់តែខ្ពស់ថែមទៀត

សប្តាហ៍ទីមួយនៃឆ្នាំថ្មីជាពេលល្អបំផុត​ដើម្បី​ពិនិត្យ​មើលឡើងវិញ​និងតម្លើងតម្លៃ​ផលិតផល​ឬសេវាកម្ម​របស់អ្នក។ ម្ចាស់ជំនួញតូចតាច​ជាច្រើន​ព្យាយាមប្រកួតប្រជែង​តាមរយៈ​ការបញ្ចុះតម្លៃ តែនេះជាកំហុសឆ្គងទៅវិញទេ។ ផ្ទុយទៅវិញ អ្នកគួរតែ​បង្កើត​ផែនការណ៍មួយដោយសិក្សា​ទីផ្សារឱ្យបាន​ដឹងច្បាស់​ ក្រឡែកមើល​សាវតាតម្លៃ​ក្នុងក្រុមហ៊ុនរបស់អ្នក និងគិតមើលថាតើអ្នក​អាចបង្កើន​គុណតម្លៃ​នៃអ្វីដែល​អ្នក​ត្រូវផ្តល់ឱ្យអតិថិជន​នោះដោយរបៀបណាដើម្បីឱ្យសមនឹងការតម្លើងតម្លៃថ្មី។ បើរកឃើញថា​មានចន្លោះមួយចំនួនដែល​អ្នក​អាច​បំពេញបន្ថែមបាន​ដើម្បីកំណត់តម្លៃ​ថ្មី​ អ្នកមិនត្រូវរុញរាចំពោះផលចំណេញដែលនៅចំពោះមុខឡើយ។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

 

មតិយោបល់

អត្ថបទពេញនិយម