ព័ត៌មាន |

កន្លែងកម្សាន្តទំនើបដំបូង និងធំជាងគេបង្អស់ នៅខេត្តសៀមរាប ប្រកាសបើកលក់ គម្រោងជាផ្លូវការ

កន្លែង​កម្សាន្ត​ទំនើប​ដំបូង និង​ធំជាងគេ​បង្អស់ ​នៅក្នុង​ខេត្ត សៀមរាប ដឹ ហ៊ើ​រី​ថេ​ច វ៉ក (The Heritage Walk) ប្រកាស​បើក​លក់​គម្រោង​ជា​ផ្លូវការ​ ដោយ​រំពឹងថា ​នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋសៀមរាប ​រាប់ពាន់នាក់​បន្ថែម ខណៈដែលកន្លែង​នេះ មាន​សុទ្ធតែ​ភោជនីយដ្ឋាន ហាង​កាហ្វេ យីហោ​ល្បី ទាំង​ក្នុង និង​ក្រៅប្រទេស​ដូចជា ប្រទេស​ចិន ថៃ ជប៉ុន កូរ៉េ និង​ប្រទេស​វៀតណាម​ជាដើម។

 

បើតាម​ក្រុមហ៊ុន Metro Life Style Development អះអាងថា ​គម្រោង​ទីកន្លែង​កម្សាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក គឺជា​សំណង់​មជ្ឈមណ្ឌល ​បែប​សហគម​ន៏​ដ៏​ធំជាងគេ​ នៅ​ខេត្តសៀមរាប​ដែល​បច្ចុប្បន្ន ដំណើរការ​សាងសង់​ បាន​ប្រហែល៨០ភាគរយ​ហើយ នឹង​គ្រោង​បើក​ដំណើរការ​ជា​ផ្លូវការ​ នៅ​ដើមឆ្នាំ ២០១៨ខាងមុខនេះ។

 

 

សំណង់​ដ៏​ធំ​និង​ទំនើប​មួយ​នេះ ​មិន​ត្រឹមតែ​នឹង​ក្លាយទៅជា​ទីកន្លែង​ ប្រជុំ​ទី​ដោយ​ហាង​អាហារល្បីៗតូច ធំ ថ្មី និង​ទំនើប​ជាងគេ ​ចុងក្រោយ​បង្អស់​មិន​ធ្លាប់មាន​ពីមុនមក​ ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​គោលដៅ​លំហែ ​កម្សាន្ត​ប្លែក​អារម្មណ៍ សម្រាប់​ប្រជាជន​រស់​នៅ​ខេត្តសៀមរាប​ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដើម្បី​ទទួលទាន​អាហារ​ ក្នុង​ភោជនីយដ្ឋាន​មានបម្រើ​ម្ហូបច្រើន ​ប្រភេទ​ទាំង​ក្នុងស្រុក និង​បរទេស ក៏ដូចជាចូល​ទស្សនា​ភាពយន្តល្បីៗ ក្នុង​រោងភាពយន្ត​ទំនើប និង​កន្លែង​ក្មេង​លេង​ធំ​ទំនើប​ជាដើម។

 

 

គម្រោង​ទីកន្លែង​កម្សាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក ត្រូវបាន​ផ្តួចផ្តើម​គំនិត និង​វិនិយោគ​ដោយ​សហគ្រិនក្នុងស្រុក ​ក្រោម​ការ​រចនា​ស្ថាបត្យកម្ម ទាំង​ស្រុង​យ៉ាង​ផ្ចិតផ្ចង់ ​ដោយ​ក្រុមហ៊ុន ហ្វា​យ អាក Five Arc ដែលជា​ក្រុម​ស្ថាបត្យករ​ល្បីល្បាញ ​និង​ជា​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ។

 

នៅ​ដើមឆ្នាំ២០១៨ ខាងមុខនេះ គម្រោង​ទីកន្លែង​កម្សាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក នឹង​លេច​រូបរាង ឡើង​នៅលើផ្ទៃដី​ជិត១ហិកតា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ចម្ងាយ​ប្រមាណ​តែ៥០ម៉ែត្រ ប៉ុណ្ណោះ​ចន្លោះ​ពី បូជនីយដ្ឋាន សក្ការៈបូជា ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​ផ្លូវបំបែក​ស្តុ​ប សណ្ឋាគារសុខា។

 

គោលបំណង​ដែល​ក្រុមហ៊ុនមេត្រូ ឡា​យ្វ ស្តា​យល៍ ឌី​វេ​លុប ​មិនសម្រេចចិត្ត​វិនិយោគ ទៅ​គម្រោងដ៍​ធំ​មួយ​នេះ​ គឺ​ផុស​ចេញពី​ការ​សង្កេត​ឃើញថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ស្នាក់នៅសណ្ឋាគារ​ផ្កាយ៤ ឬ​ផ្កាយ៥ មិនទាន់បាន​ការកម្សាន្ត និង​ទទួលបាន​ការបម្រើ​ពេញបរិបូរណ៍ នៅ​តំបន់​ទេសចរណ៍​សៀមរាប​អង្គរ​នៅឡើយ ដោយសារតែពួកគាត់​ពុំ​សូវ​មាន​ជម្រើស ​ទទួលអាហារ​បែប​ផាសុកភាពនិង​ប្រណិត ​ភាពស្រប​ទៅនឹង​ជីវភាព​ប្រចាំថ្ងៃ និង​ចំណូលចិត្តរបស់​ពួកគាត់ នៅ​ទីកន្លែង​ផ្សេងទៀត ​ក្រៅពីផាប់​ស្ត្រី​ត ឬ​សណ្ឋាគារ​ដែល​ពួកគេ​ស្នាក់នៅ​ផ្ទាល់៕

 

អត្ថបទ៖ ហៃ សេដ្ឋា

មតិយោបល់