ព័ត៌មាន | October 10, 2017

ឋានសួគ៌បូកគោ ! អ្នកទៅទស្សនា លែងចំណាយលុយទិញសំបុត្រហើយ

បន្ទាប់ពី​មានប្រតិកម្ម​ ពី​មហាជន​ដែល​ទាក់ទង ​នឹង​ការផ្លាស់ប្ដូរ​ឈ្មោះ​រមនីយដ្ឋាន​បូកគោ ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាស​ឲ្យ​ធ្វើការ​ដាក់ឈ្មោះ​ដើម​វិញ។ នៅ​រសៀល​ថ្ងៃទី ៩ តុលា​នេះ ប្រមុខ​រដ្ឋា​ភិល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន សុខា អូ​តែ​ល​ ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​ យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ ​ព្រះមុនីវង្ស​បូកគោ​តទៅទៀត​ហើយ។

 

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ បានបង្ហាញ​ថា៖ «ក្រុមហ៊ុន សុខា អូ​តែ​ល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​ ព្រះមុនីវង្ស «បូកគោ» និង​រមនីយដ្ឋាន​បូកគោ ដែល​នឹង​ចូល​ជា​ធរមាន ចាប់ពី​វេលា​ម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ»។

 

 

សម្ដេច​បន្តថា ការឈប់លក់​សំបុត្រ ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​នេះ នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ជនរួមជាតិ ក៏ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ បាន​ឡើងទៅ​ទស្សនា​កម្សាន្ដ​ នៅលើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ ជាពិសេស​បាន​ទស្សនា​ទេសភាព ​ដ៏​ស្រស់ត្រកាល និង​សែន​មនោ​រម្យ និង​ស្វែងយល់​អំពី​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដ៏​មាន​តម្លៃ ដែលមាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ។

 

សម្ដេច​បន្ថែមថា ជនរួមជាតិ​នឹងមាន​ភាពងាយស្រួល ​ក្នុងការ​ធ្វើដំណើរ​ឡើង ទៅ​កាន់​តំបន់​រមណីយដ្ឋាន​បូកគោ ដើម្បី​​ស្វែងយល់​ពី​ហេដ្ឋារចនាសម្ព័ន្ធ ​វប្បធម៌ និង​សាសនា ក៏ដូចជា​ការគោរព​ប្រតិបត្តិ​ ពិធី​ប្រពៃណី​សាសនា​ នៅលើ​តំបន់​ប្រវត្តិសាស្ដ្រ​នេះ។

 

 

លើសពីនេះទៅទៀត​សង្ឃឹមថា ដំណោះស្រាយ​នេះ ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​ទេសចរណ៍ ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូ​គោ» ក៏ដូចជា​នៅ​របៀង​ទេសចរណ៍​ភាគខាងត្បូង ជាពិសេស​តំបន់ឆ្នេរ មានការ​កើនឡើង​បន្ថែមទៀត សំដៅ​រួមចំណែក​ដល់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជា​ សហគមន៍​ក្នុង​មូលដ្ឋាន។

 

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ឱ្យ​ប្ដូរ​ឈ្មោះ​រមណីយដ្ឋាន ​ប្រវត្តិសាស្ត្រ «ឋានសួគ៌​បូកគោ» ទៅ​ដូចដើម​វិញ ខណៈដែល​ក្រុមហ៊ុន​សុខាអូតែល ​បាន​ប្ដូរ​ឈ្មោះ​ទៅជា រមណីយដ្ឋាន «សុខា​ឋានសួគ៌» ដោយ​លោក​អភិបាល​ខេត្តកំពត ចាន់ ចេស្ដា ក៏បាន​ចុះទៅ​អន្តរា​គមភ្លាមៗផងដែរ៕

 

អត្ថបទ៖ ហៃ សេដ្ឋា

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));