ព័ត៌មាន | December 01, 2016

ប្រយ័ត្ន​​ចំពោះ​​ហានីភ័យ​​ទាំង​​ ៧​ ​នៃ​​ការវិនិយោគ​​ក្នុង​​វិស័យ​​អចលនទ្រព្យ

ក្នុង​ឧស្សាហកម្ម​នេះ មានអ្នក​ឆ្លៀត​ឱកាស អ្នក​បន្លំ អ្នក​ចង់​បាន និង​បុគ្គលជំនាញ​ជាច្រើន​ដែលនឹង​រីករាយក្នុង​ការយកលុយ​របស់អ្នក កាត់​បន្ថយ​ការចំណាយ​ប្រចាំខែ​របស់គេ និង​ដើរលេង​នៅតាម​កន្លែង​ស៊ីផឹក ក្នុង​ពេល​ដែល​ក្តីសុបិន​រឿងអចលនទ្រព្យ​របស់អ្នក​នៅតែមិន​ទាន់អាចក្លាយ​ជាការពិត​បាន។ នេះជា​ការពិត​នៃផ្នែក​តូចមួយតែ​ជាចំណុច​អវិជ្ជមាន​ក្នុងឧស្សាហកម្ម​អចលនទ្រព្យរបស់​យើង។

 

 

 

មើល​ទៅវា​ហាក់ដូចជា​ការបញ្ជាក់​នូវអ្វីដែល​មានលក្ខណៈ​ច្បាស់លាស់​រួចទៅហើយ ប៉ុន្តែ​មានរូបមន្ត​ពិបាកៗ​អាចយក​ទៅអនុវត្ត​នៅពេលទាក់ទងជាមួយ​នឹងឈ្មួញធំៗ​។ រូបមន្ត​ទាំងនេះ​ត្រូវតែរំលឹក​ឱ្យបាន​ញឹកញាប់​៖

១/ ធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅ

ប្រសិនបើ​អនាគតអ្នក​ទទួលទ្រព្យ​របស់អ្នកមាន​ក្រុមហ៊ុន​ឯកជន គួរតែ​ពិនិត្យមើលថា​វាពិតជា​ភាគហ៊ុន​ឯកជន​មែន ឬយ៉ាងណា ហើយ​តើវាពិត​ជាមានហ៊ុន និង​សាច់ប្រាក់​ពិតប្រាកដ​ឬទេ។ ស្រាវជ្រាវ​ក្រុមហ៊ុន និ​ងរកមើល​អ្វីៗ​នៅពីក្រោយ​រនាំងក្រុមហ៊ុន​នោះ។

២/ ស្គាល់អ្នកកសាង

មនុស្ស​ដែលនិយាយ​ថា​គេអាចសាងសង់​សណ្ឋាគារ ឬគម្រោង​អចលនទ្រព្យ​ត្រូវតែបង្ហាញ​ជំនាញ​ឱ្យឃើញ​ច្បាស់។ ជាទូទៅ​មេធាវី និងគណនេយ្យករ​មិន​អាចធ្វើជាអ្នកគ្រប់គ្រង​គម្រោងសាងសង់​ដ៏ល្អបាន​ទេ។ ហើយជា​ទូទៅ អ្នក​គ្រប់គ្រងគម្រោង​សាងសង់ក៏​មិនអាចធ្វើ​ជាមេធាវីនិង​អ្នកគណនេយ្យករ​ដ៏ល្អបាន​ដែរ។ លេខាជា​ទូទៅ​មិនអាចធ្វើ​ជាអ្នកគ្រប់គ្រង​វិនិយោគ​ដ៏ល្អបាន​ទេ។ មើល​ដោយប្រុងប្រយ័ត្ន​នូវជំនាញ​នៃក្រុមមនុស្ស​ដែលអនុវត្ត​ការងារ​របស់អ្នក។

 

៣/ ប្រយ័ត្នមនុស្សនិយាយធូរធ្វើឫកដូចអ្នកធំ

ប្រុងប្រយ័ត្ន​ចំពោះមនុស្ស​ដែលប៉ុងប៉ង​ធ្វើឱ្យអ្នកភ្ញាក់​ផ្អើលចំពោះ​របៀបដែល​គេទាក់ទង និងប្រហែល​ជាគេបានទាំងរៀបចំ​ឆាកល្ខោនទុក​ជាមុន​សម្រាប់ការស្វាគមន៍​ពីមនុស្សមាន​ឥទ្ធិពល។ ពួកមនុស្ស​ដែលខ្សឹបខ្សៀវគ្នា​ថាអ្នកនេះ​ជាកូនរបស់អ្នក​នោះ នឹងតែងតែ​តាមរំខានអ្នកក្នុង​របៀបដែល​គេគ្រោង​ទុកជាមុន។

 

៤/ សំឡឹងរកមើលមនុស្សសាច់ការ

មនុស្សដែល​គ្មានសាច់ការ​មិនចូលចិត្ត​ធ្វើការទេ​។ គេមិនចូលចិត្ត​កិច្ចការការិយាល័យ​ដែលជាតម្រូវការ​ចាំបាច់សម្រាប់​ប្រតិបត្តិការ​ជោគជ័យនោះ​ទេ។ ជំនួសមក​វិញ គេស្រឡាញ់ការ​ចាត់តាំង​មនុស្សដោយ​មិនចេះមើល​មុខក្រោយ។ បើអ្នកស្នើ​ឱ្យមនុស្សគ្មាន​សាច់ការធ្វើការ​អ្វីមួយ គេនឹងឆ្លើយ​ព្រមភ្លាម រួច​មនុស្សផ្សេងទៀត​នឹងមកបំពេញ​ការងារនោះ​ជំនួសគេ។។ តើនរណាជា​អ្នកធ្វើ​ការពិតប្រាកដ ហើយ​តើមនុស្សដែល​សន្យាខ្យល់​នោះមានដឹងអ្វី​បន្តិចទេទាក់ទង​នឹងអ្វីដែល​គេបានសន្យា​ចំពោះអ្នក?

 

៥/ កុំភ្ញាក់ផ្អើលឬចាញ់បោកដោយសារចំណែកភាគហ៊ុនធំ

ប្រសិនបើ​ដីមួយកន្លែង​មានតម្លៃ​លុយច្រើន ធនាគារ​នឹងទាមទារ​ចំណែកភាគហ៊ុនធំ​ចំពោះក្រុមហ៊ុន​ដែលជាម្ចាស់​កម្មសិទ្ធិលើដី​នោះ។ ចំណុច​នេះមិនមែនមានន័យថា​ក្រុមហ៊ុននេះមាន​លុយសាងសង់​ទេ។ អ្នកអភិវឌ្ឍ​ដែលគ្មានសមត្ថភាព​នឹងបរាជ័យក្នុង​ការរកលក្ខខណ្ឌ​ឱ្យបានគ្រប់គ្រាន់​ដើម្បីប្រើប្រាស់​កម្ចី ឬគេនឹងផ្តល់​នូវពត៌មាន​មិនពិត ឬពត៌មាន​ខ្វះចន្លោះមិន​គ្រប់ជ្រុងជ្រោយ​ដើម្បីទទួល​បានលុយមុន​ពេលដែលគេយក​ទៅចំណាយ​ខុស។

 

៦/​ ពិនិត្យមើលតើមានការយកលុយគេមកប្រើឬអត់

មនុស្សខ្លះ​ត្រៀមខ្លួនរួច​ជាស្រេចដើម្បី​ធ្វើជាអ្នកដឹកនាំ​ក្រុមហ៊ុន ដោយសារ​តែលុយដែល​ត្រូវចំណាយ​នោះមិនមែន​ជាលុយរបស់​គេ។ អ្វីដែលសំខាន់​គឺត្រូវដឹងថាតើលុយ​របស់សហគ្រិន​នោះបាន​មកពីណា​។ ប្រសិន​បើគេមិនចង់​ប្រាប់​អ្នកទេ មានន័យ​ថាបញ្ហាតម្លាភាព​ប្រាកដជា​នឹងបន្តលេច​ឡើង​មិនដាច់។

 

៧/ រៀនសូត្រឱ្យដឹងប្រវត្តិរបស់គេ

កំណត់ត្រាជោគជ័យ​បកស្រាយបាន​យ៉ាងច្បាស់នូវ​ប្រវត្តិមនុស្ស​ម្នាក់ៗ ហើយដូចគ្នានេះ​ដែរកំណត់ត្រា​បន្តិចបន្តួច​ក៏បង្ហាញការពិត​ដែលយើង​អាចនឹង​មើលរំលង។ ពិនិត្យមើល​ថាតើសហគ្រិន​របស់អ្នកបាន​បង្កើតជោគជ័យ​ទេក្នុងមុខជំនួញចុង​ក្រោយរបស់គេ បើទោះ​ជាវាមិនមែនក្នុង​វិស័យអចលនទ្រព្យ​ក៏ដោយ។ និយាយជាមួយ​នឹងដៃគូពាណិជ្ជកម្ម​កន្លងមក​របស់គេ និងព្យាយាម​ស្វែងយល់រឿងរ៉ាវ​របស់គេឱ្យ​បានគ្រប់ជ្រុងជ្រោយ។ សំឡឹង​មើលឱ្យហួស​ច្រកទ្វារ ហើយត្រូវប្រាកដ​ថាអ្នកមើល​បានជាក់ច្បាស់។

 

ប្រសិនបើអ្នក​មិនមានពេលធ្វើ​ការស៊ើប​អង្កេតខ្លះ​ទេ អ្នកមិន​គួរវិនិយោគ​ឡើយ។

 

ខ្ញុំស្រឡាញ់​អចលនទ្រព្យ។ ខ្ញុំក៏ចូលចិត្ត​ស្តាប់រឿងរ៉ាវ​នៃគម្រោង​ជោគជ័យ ការបានចំណូល​កើនឡើង អ្នកប្រើប្រាស់​រីករាយ និងវិនិយោគិន​ចូលនិវត្ត​ដែលនៅតែនិយាយជា​មួយដៃគូពាណិជ្ជកម្ម​របស់គេ និង​ចូលរួមទទួល​ទានអាហារជាមួយពួកគេ និង​ក្រុមគ្រួសារ​របស់ពួកគេ​។ រឿងរ៉ាវរបស់​អ្នកទាំងនោះ​គឺជាអ្វីដែល​យើងចង់​ស្តាប់។

 

ប៉ុន្តែត្រូវ​រក្សាភ្នែកអ្នកចាំ​មើលក្រែងមាន​សត្វចចក ព្រោះពួក​គេតែងតែ​មាននៅទីទាំងនោះ​៕

 

ប្រែសម្រួល៖ វេហា

ប្រភព៖ PR

រូបភាព៖ ប៊ុណ្ណាលាង

 

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));