គំនិតអាជីវកម្ម | December 22, 2016

វិធីរកលុយបានយ៉ាងច្រើនដោយមិនបាច់ចេញពីផ្ទះ

ប្រសិន​បើអ្នកគិតដល់​រឿងធ្វើការ​នៅផ្ទះ ឬចាប់ផ្តើម​បង្កើតមុខជំនួញ​នៅក្នុងផ្ទះ​រឿងរ៉ាវរបស់​លោកស្រី​ Carrie Wilkerson​ ប្រហែលជា​មានប្រយោជន៍​សម្រាប់​ពង្រីក​គំនិតរបស់អ្នក​។ លោកស្រី ​Carrie Wilkerson ល្បីឈ្មោះ​តាមរយៈ​គេហ​ទំព័រ​ និងសៀវភៅ​ដែលមានឈ្មោះដូច​គ្នាថា​ The Barefoot Executive​។ លោក​ស្រីមាន​មេរៀនជោគជ័យ​ច្រើនណាស់​ដើម្បីចែករំលែក​សហគ្រិនផ្សេង​ទៀតដែលចង់​បង្កើតពាណិជ្ជកម្ម​ចេញពីផ្ទះ​ដែរ៖

 

 

១/ សំឡឹងរកមើលតម្រូវការក្នុងទីផ្សារ

លោកស្រី​ Wilkerson បានចាប់​ផ្តើមជីវិតជា​សហគ្រិនតាមរយៈ​ការលក់ផលិតផល​ ប៉ុន្តែបន្តិច​ក្រោយ​មក លោកស្រី​ក៏ចាប់ផ្តើម​លក់សេវា​កម្មវិញ។ លោកស្រីចាប់​ផ្តើមតាមរយៈការ​សាក​សួរមនុស្ស​ដែលលោក​ស្រីស្គាល់ដើម្បីដឹងថា តើគេអាចប្រើប្រាស់​អ៊ីម៉ែលចែកចាយ​ព័ត៌មាន​ដែរទេ។ ក្រោយមក​លោកស្រីក៏​បង្កើតព្រឹត្តិបត្រ​ផ្សាយ​ដំណឹង​សម្រាប់​អតិថិជនចំនួន​២០០នាក់។

 

២/ ប្តេជ្ញាចិត្តឱ្យពិតប្រាកដ

សហគ្រិនមិន​ពូកែអត់​ធ្មត់ទេ។ ពេលខ្លះ​ដើម្បីទៅមុខ​ឱ្យបានលឿន​និងត្រូវដើរតួ​​នាទីច្រើន​ផង គេក៏ជួបនឹង​បញ្ហាពិបាកផ្តោតអារម្មណ៍​លើកិច្ចការ​មួយៗ​។ គួរឱ្យ​ស្តាយដែល​ការផ្តោតចិត្តទុកដាក់​គឺជាគន្លឹះមិនអាច​ខ្វះបានសម្រាប់​សហគ្រិនជោគជ័យ។ ជីវិត​របស់លោក​ស្រី Wilkerson បាន​ផ្លាស់ប្តូរនៅ​ពេលលោកស្រី​ប្តេជ្ញា​ធ្វើកិច្ចការ​ផ្តល់សេវាកម្ម​ថ្មីនេះទាំង​ស្រុងរយៈពេល៣​ខែពេញ​ដោយមិន​គិតពីអ្វី​ផ្សេង។

 

៣/ គិតដល់សេវាកម្ម

លោកស្រី​ Wilkerson បញ្ជាក់ថា ពាណិជ្ជកម្មខាង​សេវាកម្មប្រហែល​​ជាមាគ៌ា​​លឿន​បំផុត​ទៅរកលុយ។ មនុស្សគ្រប់គ្នា​មានជំនាញខុសៗ​គ្នា​ដែលអាចយ​ក​​ទៅប្រើប្រាស់​ដើម្បីបង្កើត​លុយ។ ខុសពីដំបូន្មាន​ទូទៅដែល​គេតែងតែ​ឮថា ដើរតាម​មហិច្ឆតារបស់​អ្នក។ លោកស្រី​ Wilkerson បាន​ផ្តល់ដំបូន្មាន​ថា អ្នកត្រូវ​ការមហិច្ឆតា​ដើម្បីជាមូលហេតុដែល​អ្នកត្រូវធ្វើ​កិច្ចការដែលអ្នកកំពុង​តែធ្វើក្នុងនាម​ជាសហគ្រិន។

 

៤/ បើអ្នកចង់បានតុល្យភាពត្រូវបង្កើតព្រំដែន

សម្រាប់អ្នក​ដែលធ្វើការនៅ​ផ្ទះ ឬសហគ្រិន​ដែលធ្វើការ​នៅផ្ទះ ព្រំដែន​ជាកត្តា​កំណត់​ជោគជ័យ។ ដំបូងអ្នក​ត្រូវតែបង្ហាត់ខ្លួន​ឯងឱ្យចេះ​គោរព​តាមគោល​ការណ៍ ដូចជាពេល​ដែលត្រូវក្រោក​ពីដំណេក ពេលត្រូវ​បិទទ្វារ​នៅម្នាក់ឯង​ដើម្បី​សរសេរ​​កិច្ច​ការ ពេលមិនត្រូវ​និយាយទូរសព្ទ និងពេល​នៅជុំគ្រួសារជា​ដើម។ បន្ទាប់មក អ្នកត្រូវតែ​បង្ហាត់ក្រុមគ្រួសារ និងមិត្តភក្តិ​របស់អ្នកដើម្បី​ឱ្យគេស្គាល់​ម៉ោង​ពេលដែល​អ្នកធ្វើការ។ ហើយចុង​ក្រោយអ្នកត្រូវបង្ហាត់​អតិថិជន ដៃគូ​​ពាណិជ្ជកម្ម និង​បុគ្គលិករបស់​អ្នកឱ្យស្គាល់​តួនាទីរៀងៗខ្លួន​។

 

៥/ ថែរក្សាទំនាក់ទំនង

ទំនាក់ទំនង​ពិតប្រាកដមានតម្លៃ​ណាស់ មិនមែនមានគ្រាន់​តែ​ចំនួន​មនុស្ស​ដែល​ស្គាល់​អ្នកទេ។ ដើម្បីរក្សា​ទំនាក់ទំនង​បានល្អ អ្នកគួរតែ​បង្ហាញវត្តមាននៅ​លើ​អ៊ីនថឺណិត និងនៅតាមព្រឹត្តិការ​ណ៍សង្គមផ្សេងៗ​ឱ្យបានញឹកញាប់​។ ទម្លាប់បែប​នេះមិនត្រឹម​តែរក្សាបានទំនាក់ទំនង​ដែលមានស្រាប់ប៉ុណ្ណោះ​ទេ​ ប៉ុន្តែអ្នកក៏​បង្កើ​តបានទំនាក់ទំនងថ្មីជា​មួយមនុស្ស​ដែលមានចិត្តដូចគ្នា​ដែលកត្តាឈាន​ទៅរកជោគជ័យ។

 

៦/ កុំប្រៀបធៀប

ប្រសិនបើអ្នក​បង្កើតក្រុមហ៊ុននៅ​លើអ៊ីនថឺណិត វាជារឿង​ពិបាកណាស់​ក្នុងការ​​មិនប្រៀបធៀប​ក្រុមហ៊ុនរបស់អ្នកជាមួយ​នឹងគូរប្រជែង​របស់អ្នក។ ប៉ុន្តែលោក​​ស្រី Wilkerson មិនមើល​និងមិនអានសារ​​នៅលើគេហទំព័រគូប្រជែងឡើយ​។ លោកស្រីពន្យល់ថា ការប្រៀបធៀប​មានគោលដៅតែ​ពីរប៉ុណ្ណោះ គឺវាធ្វើឱ្យ​អ្នក​​មានអារម្មណ៍ពិបាក​ទទួលយកនៅពេល​ឃើញក្រុមហ៊ុនខ្លួនឯង​នៅក្រោយគេឆ្ងាយ​ពេក ឬធ្វើឱ្យអ្នក​មានអំនួតជ្រុល​នៅពេលដឹងថា ខ្លួនឯងទៅ​មុខមុនគេឆ្ងាយ៕

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

 

មតិយោបល់