គំនិតអាជីវកម្ម |

រៀនសម្រេចជោគជ័យស្ទើរគ្រប់កិច្ចការដូចបុគ្គលអស្ចារ្យ

ហេតុអ្វីបាន​ជាកំពូលមនុស្សជោគជ័យសម្រេចកិច្ចការបានស្ទើរគ្រប់ពេល? តើសហគ្រិនសម្រេចកិច្ចការ​អស្ចារ្យសព្វថ្ងៃនេះ ដូចជា​លោកJeff Bezos លោក Sergey Brin លោកស្រី Arianna Huffington និងលោក Elon Musk ជាដើម​បង្កើត​ស្នាដៃច្នៃប្រឌិតដែលកំពុងតែប្រែក្លាយពិភពលោកនេះដោយរបៀបណា? តើគេមានផ្នត់គំនិតដូចម្តេច? ប្រើប្រាស់ដំណើរការ​និងបច្ចេកទេសដូចម្តេច​ដើម្បី​អាចឈរជើងនៅក្នុងលំដាប់ខ្ពស់និងដើរបានមុនគេមួយជំហានរហូតបែបនេះ?

 

 

 

អ្នកនិពន្ធសៀវភៅ វិស្វករ និងជាស្ថាបនិក​ក្រុមហ៊ុនជាង១៥កន្លែង គឺលោក Peter Diamandis បានគំនិតម្យ៉ាងដែលអាចរកចម្លើយទៅនឹងសំណួរទាំងអស់​នេះបាន។ តាមរយៈ​ការអនុវត្តតាមគំនិតនេះ មនុស្សគ្រប់គ្នាសុទ្ធតែអាចមានសក្តានុពល​អាច​សម្រេច​​កិច្ចការធំនិងកែប្រែពិភពលោកនេះបានដូចគ្នា គឺទទួលយក​ផ្នត់គំនិត​មានមិន​ចេះខ្វះ។

 

សូមគិតរឿងមួយនេះ កាលពី១០ឆ្នាំមុន យើងប្រើប្រាស់​ទូរសព្ទដែលអាច​ត្រឹមតែ​ផ្ញើសារ​ជាអក្សរ ហើយសព្វ​ថ្ងៃនេះ​យើងអាចប្រើប្រាស់​ទូរសព្ទទំនើបដែល​អាចផ្ជាប់អ៊ីនថឺណិត​បានគ្រប់ពេល​ហើយមានកម្លាំង​ខ្លាំងជាងម៉ាស៊ីន​កុំព្យូទ័រជំនាន់​មុន​ដែលមានទំហំប៉ុនបន្ទប់​មួយទៅទៀត។ ដំណើរការខ្លះ​ដែលត្រូវចំណាយ​លុយអស់រាប់​លានដុល្លារកាល​ពីជំនាន់មុន មកចំណាយអស់​មិនដល់មួយ​ដុល្លារផង​។ ជាក់ស្តែងអ្នកអាច​បង្កើតមុខជំនួញថ្មីមួយក្នុង​ពេលត្រឹមតែប៉ុន្មាននាទី ហើយ​អាចលក់ផលិតផល​បានភ្លាមៗ និងពង្រីកទីផ្សារទៅដល់​មនុស្សស្ទើរ​តែគ្រប់គ្នា​ក្នុងពិភពលោក​ដោយប្រើប្រាស់​ត្រឹមតែអ៊ីនថឺណិត។

 

ការផ្លាស់ប្តូរខាង​បច្ចេកវិទ្យាពីមួយទសវត្សទៅ​មួយទសវត្សគឺជាឧទាហរណ៍យ៉ាង​ច្បាស់​បំផុតនៃ​ផ្នត់គំនិតមានមិនចេះខ្វះ។ អ្វីដែលវិស្វករកាលពី១០ឆ្នាំគិតថាមិនអាចបែរជាពេលនេះអាចធ្វើបានយ៉ាងងាយ។ ហើយអ្វីដែលមនុស្សប្រើគំនិតធម្មតាមិនអាចនឹកឃើញកាលពីមួយទសវត្សមុន បែរជាពេលនេះកំពុងតែកើតឡើងរាល់ថ្ងៃ។

 

សម្រាប់មនុស្សដូចលោក Jeff Bezos លោក Sergey Brin លោកស្រី Arianna Huffington និងលោក Elon Musk បញ្ហាមិនមែនស្ថិត​នៅត្រង់ថាតើគេ​អាចសម្រេច​កិច្ចការអ្វីមួយ​បាននោះទេ បញ្ហាស្ថិតនៅត្រង់ថាតើគេចង់សម្រេចបានកម្រិតណា និងឆាប់ប៉ុនណា ហើយនៅមានអ្វីទៀតដែលគេនឹងសម្រេចឱ្យបាន។

 

ដើម្បីអាចម្រេចបានស្នាដៃធំធេងដូចសហគ្រិនទាំងអស់នេះ លោក Peter Diamandis បានផ្តល់ដំបូន្មានថា ត្រូវរៀនទទួលយក​អ្វីៗដោយផ្នត់គំនិត​មានមិន​ចេះខ្វះ ពោលគឺគំនិតដែលថាគ្មានអ្វីដែលខ្វះខាតនោះទេក្នុងលោកនេះ។ ជាងនេះទៅទៀត អ្នក​ត្រូវគិត​ថា​បច្ចេកវិទ្យាបង្កើតឱកាសច្រើនបន្ថែមទៀត​ ហើយអ្នកនឹងរកបានធនធានចាំបាច់ដែលអ្នកត្រូវការដើម្បីសម្រេចបានជោគជ័យ។

 

មេដឹកនាំមុខជំនួញសព្វថ្ងៃនេះ​ប្រើប្រាស់​ផ្នត់គំនិតមានមិនចេះខ្វះដើម្បីច្នៃប្រឌិត។ គេមិនខ្លាចអនាគតនោះទេ ហើយក៏មិនខ្វល់ចំពោះអ្វីដែលគេមិនអាចរកបាន ឬ​បារម្ភថា មិនមានធនធានគ្រប់គ្រាន់​សម្រាប់ទស្សនវិស័យរបស់គេនោះទេ។ និយាយមួយបែបនេះ កំពូលមនុស្សជោគជ័យ​គិតថាអ្វីៗគ្រប់យ៉ាង​សុទ្ធតែអាច​ទៅរួច ហើយគ្មានអ្វីដែល​មានដែនកំណត់នោះទេ៕

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Success Magazine

 

មតិយោបល់