គំនិតអាជីវកម្ម | January 11, 2017

ហេតុផលដែលជនបរទេសធ្វើជាសហគ្រិនបានល្អជាងអ្នកក្នុងស្រុក

បញ្ហាប្រឈម​ក្នុងការចាប់ផ្តើម​ជីវិតថ្មី​នៅបរទេស មានលក្ខណៈ​ស្រដៀងគ្នា​នឹង​បញ្ហា​ប្រឈម​នៅពេលចាប់ផ្តើម​មុខជំនួញថ្មី​ដែរ។ ទាំងនេះ​ជាហេតុផលដែល​អ្នកចូលចិត្តធ្វើ​ដំណើរ​និងរស់នៅ​បរទេសត្រូវ​តែក្លាយខ្លួន​ជាសហគ្រិន​៖

 

 

១/ អ្នកចាប់ផ្តើមអ្វីៗទាំងអស់ពីដៃទទេ

ការទៅរស់​នៅបរទេស​តម្រូវឱ្យមាន​ការហ៊ានប្រឈម​នឹងហានីភ័យ។ ការចាប់ផ្តើម​ជីវិតពីបាត​ដៃទទេក្នុងប្រទេសដែល​មិនមែនជាទឹកដីកំណើត​របស់អ្នកក៏តម្រូវឱ្យ​មានកម្រិត​នៃការ​ចង់ចេះចង់ដឹង​និងការប្រថុយប្រថាន​ខ្លះដែរ។ ហើយអ្វី​ដែលអ្នក​ត្រូវ​ការខ្លាំងបំផុតនោះ​គឺការប្តេជ្ញាចិត្ត​ខ្ពស់ហ៊ានប្រឈម​មុខនឹងលទ្ធផល​គ្រប់បែប​យ៉ាង។ អ្នកត្រូវ​បង្កើត​បណ្តាញ​ទំនាក់ទំនងថ្មី​ទាំងអស់ និង​ផ្សាំខ្លួន​ទៅនឹងបរិស្ថាន​សង្គមថ្មី។ អ្នកត្រូវតែជម្នះអារម្មណ៍​ឯកោក្នុងពេលដំបូងៗ​ដែលមិនទាន់​ស្គាល់គេឯង ហើយត្រូវ​បើកចិត្តឱ្យទូលាយ​ចំពោះគំនិត​ប្លែកៗ និង​បត់បែន​ខ្លួនទៅ​តាមបរិបទ​សង្គម។ ទាំងនេះក៏ជាជំនាញ​ដែលអ្នកត្រូវរៀនដើម្បី​ចាប់ផ្តើមជីវិត​ជា​សហគ្រិនដែរ។

 

២/ អ្នកផ្សាំខ្លួននឹងភាពមិនស្រណុកសុខស្រួល

នេះជាជំនាញ​សំខាន់បំផុត​ដែលអ្នកត្រូវមាន​ក្នុងពិភព​ពាណិជ្ជកម្ម។ ក្នុងការចាប់​ផ្តើមមុខជំនួញ​អ្វីមួយ អ្នកកំពុង​តែចាប់យក​ហានីភ័យមួយ​ធំណាស់។ មុខមាត់​របស់អ្នក លុយ​កាក់​របស់អ្នក និងលុយ​អ្នកដទៃ សុទ្ធតែស្ថិត​នៅក្នុងទំនួល​ខុសត្រូវ​របស់អ្នក។ អ្វីៗទាំងអស់​នេះតម្រូវឱ្យ​មានការអត់ធ្មត់​ចំពោះស្ថានភាព​មិនស្រណុក​សុខស្រួលក្នុង​ចិត្ត។ ការមានសមត្ថភាព​អាចបំពេញកិច្ចការបាន​ក្នុងសម្ពាធ​ខ្ពស់បែប​នេះជាជំនាញ​សំខាន់​សម្រាប់សហគ្រិន។ នេះក៏ជាជំនាញ​ទីមួយដែរ​សម្រាប់​អ្នកដែលកំពុងតែ​ចាប់ផ្តើមធ្វើការ​និងរស់នៅ​បរទេស។

 

៣/ បទពិសោធន៍អន្តរវប្បធម៌ផ្តល់ឱ្យអ្នកនូវគំនិតថ្មីៗ

ការសិក្សាជា​ច្រើនបង្ហាញ​​ថា ការរស់នៅ​បរទេសក្នុង​បរិស្ថានវប្បធម៌​ចម្រុះជួយ​បង្កើត​គំនិតថ្មីៗ​និងអភិវឌ្ឍ​សមត្ថភាព​របស់មនុស្សឱ្យចេះកត់​សម្គាល់ឱកាស។ បទពិសោធន៍​ចម្រុះវប្បធម៌ក៏នាំ​មកនូវមធ្យោបាយថ្មីៗ​ដើម្បីធ្វើកិច្ចការជាច្រើន​ដែលអ្នក​មិនដែលដឹងថា មានសោះក្នុងពេល​កន្លងមក។ វប្បធម៌ខ្លះ​ល្អ តែក៏មានវប្បធម៌​ខ្លះមិនសូវល្អ​ដែរ ដូច្នេះអ្នកនឹង​ជ្រើសរើសយក​តែចំណុចល្អមក​ដាក់ខ្លួនដើម្បីរីក​ចម្រើន។

 

៤/ ក្នុងទីផ្សារថ្មី អ្នកស្គាល់អនាគត

ប្រសិនបើអ្នក​ចេញពីប្រទេស​ជឿនលឿនទៅរស់​នៅក្នុងប្រទេសកំពុង​អភិវឌ្ឍ អ្នកអាចនឹង​ឃើញថាខ្លួនឯងកំពុង​តែស្ថិតនៅក្នុងស្ថាន​ភាពមួយដែលអ្នក​បានឃើញ​អនាគត​រួចទៅហើយ។ ផលិតផល​និងសេវាកម្ម​ដែលកំពុងតែ​មាននៅក្នុងប្រទេស​ជឿនលឿន​អាចនឹងកំពុងតែ​ចាប់ផ្តើម ឬមិនទាន់​ទាល់តែសោះ​នៅកន្លែង​ថ្មី។ ដូច្នេះអ្នក​កំពុងតែស្ថិតនៅ​ក្នុងទីតាំងមួយ​ដែលបានដឹងដំណោះ​ស្រាយជាមុនចំពោះ​តម្រូវការ​ដែលមិនទាន់​មាន។ អ្នកផ្សេងទៀតប្រហែល​ជាមិនទាំងដឹង​ថា​មានតម្រូវការបែប​នេះផង។

 

៥/ ពង្រីកជំនាញទំនាក់ទំនងចម្រុះវប្បធម៌របស់អ្នក

ការផ្សារភ្ជាប់​បណ្តាញទំនាក់ទំនង​ជារឿងចាំបាច់។ វាក៏ជាជំនាញ​មួយដែលត្រូវ​តែអភិវឌ្ឍនិង​ដុសខាតជា​ប្រចាំដែរ។ គ្រាន់តែមានទំនាក់ទំនង​រាប់ពាន់ក្នុងបណ្តាញ​សង្គមិនមែនមាន​ន័យថាអ្នកជាមនុស្ស​ពូកែទាក់ទង​ទេ។ មនុស្សពូកែ​ទាក់ទង​គឺជាមនុស្ស​ដែលចេះស្វែង​រកទំនាក់ទំនង​ដែលត្រូវ គឺជាទំនាក់ទំនង​ដែលមាន​សក្តានុពល​អាចនាំប្រយោជន៍​ឱ្យគ្នាទៅវិញ​ទៅមក។ ពេលទៅរស់​នៅបរទេស អ្នកត្រូវ​បង្ខំខ្លួនឯង​បង្កើតបណ្តាញ​ទំនាក់ទំនង​កាន់តែច្រើន​ទៀត៕

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));